អំពើហិង្សាធ្វើឱ្យកុមារមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរពីតូចរហូតដល់ពេញវ័យជំទង់

អត្ថបទដោយ៖
AMS

ភ្នំពេញ៖ កុមារគ្រប់រូបត្រូវការភាពកក់ក្ដៅពីម្ដាយឪពុក មនុស្សជុំវិញខ្លួន និងសង្គម។ ប្រសិនបើកុមារទទួលរងអំពើហឹង្សាណាមួយនៅក្នុងគ្រួសារ នោះភាពមិនប្រក្រតីនៅក្នុងការរស់នៅនឹងកើតលើកុមារ ជាពិសេសបញ្ហាផ្លូវចិត្តនឹងកើតឡើងរ៉ាំរៃលើដំណើរជីវិតរបស់ពួកគេ។ ពេលខ្លះភាពភ័យខ្លាចប្រចាំកាយអាចធ្វើឱ្យកុមារបាក់ស្បាត កោងកាច ទន់ជ្រាយ និងចុះខ្សោយការចង់ចាំជាដើម។

តាមរយៈបទពិសោធបង្រៀនច្រើនឆ្នាំ លោក សាន សុវណ្ណា គ្រូបង្រៀននៅសាលាបឋមសិក្សាមួយ មានប្រសាសន៍ថា ម្តាយឪពុកមួយចំនួនតែងប្រើអំពើហឹង្សាលើកុមារ ហើយកុមារខ្លះរងគ្រោះដោយសារការគំរាមកំហែង។ ក្នុងចំណោមកុមារភាគរងគ្រោះទាំងនោះ មានភាគតិចបំផុតដែលហ៊ាននិយាយប្រាប់ការពិតពីអំពើរហឹង្សាដែលពួកគេធ្លាប់ទទួល។ កុមារគួរតែទទួលបានការថ្នាក់ថ្នម ថែរក្សា និងផ្ដល់ភាពកក់ក្ដៅពីក្រុមគ្រួសារឱ្យបានល្អ។

លោក សាន សុវណ្ណា មានប្រសាសន៍បន្តថា “អំពើហឹង្សាទៅលើកុមារមិនមែនជារឿងត្រឹមត្រូវនោះទេ វាអាចបណ្ដាលឱ្យកុមារមានបញ្ហាសតិអារម្មណ៍ ស្មារតីកុមារចុះខ្សោយ និងអាចឱ្យពួកគេមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរទាំងបច្ចុប្បន្ននិងអនាគត”។

ក្នុងនាមជាម្តាយមួយរូបលោកស្រី ភូ ផាណារី បុគ្គលិកក្រុមហ៊ុនឯកជនមួយ ក៏បាននិយាយមកកាន់ AMS ថា៖ “ខ្ញុំព្យាយាមមើលថែកូនឱ្យបានល្អ… ខ្ញុំមិនដែលប្រើអំពើហិង្សាលើកូនឡើយ ពីព្រោះគិតថាវាជារឿងមិនត្រឹមត្រូវ ហើយអំពើហិង្សាទៅលើកូនហ្នឹង ឬក៏បណ្ដោយឱ្យនរណាមកម្នាក់មកប្រព្រឹត្តអំពើអាក្រក់បែបនេះ ជាទង្វើមិនគួរធ្វើឡើយ”។

លោកស្រី ភូ ផាណារី បានបញ្ជាក់បន្ថែមថា នៅពេលដែលកុមារធ្វើអ្វីខុសម្តាយឪពុកគួរពន្យលណែនាំ និងកែតម្រូវពួកគេដោយអហឹង្សា។ ប្រើអំពើរហិង្សាទៅលើកូនខ្លួនឯងរាល់ថ្ងៃ នោះនឹងបង្កឱ្យកុមារមានស្នាមរបួសពេញខ្លួន កុមារភ័យខ្លាចច្រើន មិនសូវនិយាយស្ដី មិនហ៊ានធ្វើអ្វីក្រៅពីឳពុកម្ដាយបង្គាប់បញ្ជា និងមិនមានទំនាក់ទំនងល្អជាមួយមនុស្សនៅជុំវិញខ្លួន។

គួរបញ្ជាក់ថា អំពើហឹង្សាលើកុមារនេះ ត្រូវបានអង្គការយូនីសេហ្វកម្ពុជា រកឃើញថា ជាងពាក់កណ្តាលនៃកុមារកម្ពុជាធ្លាប់ទទួលរងអំពើហិង្សាផ្លូវកាយ។ អំពើហិង្សាបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុវត្ថិភាពផ្លូវកាយ និងផ្លូវចិត្តរបស់កុមារ។ ទង្វើនេះក្រៅពីប៉ះពាល់រយៈពេលខ្លី ដូចជារបួសរាងកាយ និងការប៉ះទង្គិចផ្លូវចិត្ត ការទទួលរងអំពើហិង្សានៅវ័យកុមារ អាចនាំឱ្យមានបញ្ហាផ្លូវចិត្ត បញ្ហាឥរិយាបថនៅក្នុងវ័យជំទង់ និងឈានទៅពេលវេលាពេញវ័យទៀតផង៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner