ប្រធាន WTO ថ្មីសន្យារៀបចំយុទ្ធសាស្ត្រពន្លឿនសេដ្ឋកិច្ច និងការចែកចាយវ៉ាក់សាំងដល់ពិភពលោក

បរទេស៖ នៅក្នុងសេចក្តីថ្លែងការណ៍ដោយលោកស្រី Ngozi Okonjo Iweala ប្រធានអង្គការពាណិជ្ជកម្មពិភពលោក WTO ថ្មីកាលពីថ្ងៃពុធម្សិលមិញនេះបានសន្យាយ៉ាងមុតម៉ាំទៅលើការងារចម្បងរបស់លោកស្រីនៅពេលនេះនឹងធ្វើយ៉ាងណាដើម្បីជំរុញឲ្យមានលទ្ធផលដ៏ជាក់លាក់មួយអំពីផលប៉ះពាល់សេដ្ឋកិច្ចសកល និងបញ្ហាវិបត្តិសុខមាលភាពពិភពលោកដោយសារកូវីដ។

លោកស្រីក៏បានបញ្ជាក់ទៀតដែរថាកិច្ចការងារចែកចាយវ៉ាក់សាំងក៏នឹងក្លាយទៅជាអាទិភាពបំផុតមួយផងដែរ ហើយលោកស្រីនឹងធ្វើឲ្យបានប្រាកដថាវានឹងត្រូវផ្តល់ឲ្យទៅកាន់បណ្តាប្រទេសនានាលើសាកលលោកដោយស្មើភាពគ្នា និងពង្រឹងឡើងវិញនូវបញ្ហាមួយចំនួនទៀតដែលនឹងអាចអនុញ្ញាតឲ្យពាណិជ្ជកម្មសេរីដំណើរការឡើងវិញ និងជួយឲ្យសេដ្ឋកិច្ចសាកលលោកងើបឡើងយ៉ាងឆាប់រហ័ស។

ត្រូវបានជ្រើសរើសដោយសមាជិកក្រុមប្រឹក្សានៃអង្គការអន្តរជាតិពាណិជ្ជកម្មពិភពលោកកាលពីថ្ងៃចន្ទដើមសប្តាហ៍ ព្រមទាំងទទួលបានការគាំទ្រពីក្រោយដោយលោកប្រធានាធិបតីអាមេរិក Joe Biden ផងដែរនោះ លោកស្រី Okonjo បានសន្យាទៀតថានឹងធ្វើឲ្យគណៈកម្មការថ្មីនៃអង្គការនេះទទួលបានអារម្មណ៍ថ្មីក្នុងការធ្វើការដែលល្អប្រសើរជាងមុនដែលកន្លងមកលោកស្រីបានពណ៌នាថា WTO បានបាត់បង់ការតាំងចិត្តក្នុងការជួយឲ្យជីវិតមនុស្សរស់នៅបានក្នុងលក្ខខណ្ឌប្រសើរជាងមុន។

លោកស្រីបានបន្តទៀតថា៖ WTO នឹងអាចចែករំលែកនូវដំណោះស្រាយដែលមានប្រសិទ្ធភាពបំផុតថ្មីសម្រាប់បញ្ហាកូវីដ ដូចជាតាមរយៈការជួយសម្រួល
ដល់ការចែកចាយប្រើប្រាស់វ៉ាក់សាំង ព្រមទាំងតម្លៃដ៏សមរម្យផងទៅដល់បណ្តាប្រទេសក្រីក្រទាំងឡាយ។

ឆ្លើយតបទៅនឹងបញ្ហាពាណិជ្ជកម្មរបស់សកលលោកបច្ចុប្បន្ន ជាពិសេសបញ្ហារបស់អាមេរិក និងចិននោះ លោកស្រីដែលជាអ្នកជំនាញខាងសេដ្ឋកិច្ចបទពិសោធរាប់សិបឆ្នាំ និងក៏ជារដ្ឋមន្ត្រីហិរញ្ញវត្ថុដ៏យូរបំផុតរបស់នេហ្ស៊ីរីយ៉ារូបនេះបានពន្យល់ថា លោកស្រីនឹងធ្វើឲ្យ WTO ត្រឡប់មកកាន់ទីតាំងចាស់ដែលមានឥទ្ធិពលខ្លាំងក្នុងការជួយដោះស្រាយបញ្ហាពាណិជ្ជកម្មជូនដលប្រទេសទាំងអស់លើលោក។

ជាចុងក្រោយ លោកស្រីក៏បានបង្ហាញពីផែនការក្នុងការត្រឡប់កាលវិភាគនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរបស់ WTO ដែលត្រូវបានពន្យាពេលកាលពីចុងឆ្នាំកន្លងទៅឲ្យអាចចាប់ផ្តើមវិញ នឹងអាចចាប់ផ្តើមរៀបចំចាត់ចែងយុទ្ធសាស្ត្របានឆាប់ទៅលើបញ្ហាធំៗបំផុតលើលោកបច្ចុប្បន្ន៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner