ព្រឹត្តិការណ៍ 20 កុម្ភៈ ក្រសួងអប់រំសុំមន្ត្រីនៅតាមអង្គភាពថ្នាក់ជាតិទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-19

អត្ថបទដោយ៖
AMS

ភ្នំពេញ ៖ ភ្លាមៗបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុអំពាវនាវដល់ប្រជាពលរដ្ឋទូទៅ កុំឱ្យមានការរើស​អើង​​ចំពោះអ្នកនៅក្រុងភ្នំពេញពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ 20 កុម្ភៈ ដែលជាព្រឹត្តិការណ៍ផ្ទុះក្នុងសហគមន៍នៃការរាលដាលជំងឺកូវីដ-19 សារជាថ្មី ក្រសួងអប់រំបានចេញសេចក្តីណែនាំដល់មន្ត្រីអប់រំបម្រើនៅតាមអង្គភាពថ្នាក់ជាតិទាំងអស់ ត្រូវអនុវត្តវិធានទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-19 ឱ្យបានជាប់លាប់។ 

សេចក្តីណែនាំដល់មន្ត្រីអប់រំបម្រើនៅតាមអង្គភាពថ្នាក់ជាតិទាំងអស់ដូចដា បន្តរឹតបន្តឹងការប្រុងប្រយ័ត្ននិងពង្រឹងការអនុវត្តវិធាន បីការពារនិងបីកុំឱ្យបានម៉ឺងម៉ាត់។ ផ្អាក់រាល់សកម្មភាពជួបជុំសកម្មភាពកីឡាដែលមានការចូលរួមលើសពី 20 នាក់ ឬត្រូវរៀបចំតាមប្រព័ន្ធអនឡាញដូចជាកម្មវិធី Zomm, Microsoft team ឬ Skype។ អនុញ្ញាតឱ្យមន្ត្រីអប់រំធ្វើការនៅតាមផ្ទះរៀងៗខ្លួនតាមប្រព័ន្ធអនឡាញ និងផ្អាកការត្រួតពិនិត្យវត្តមាន។ 

ក្រសួងអប់រំបានបញ្ជាក់បន្តថា គ្រប់អង្គភាពត្រូវរៀបចំវេនការងារដើម្បីធានាកិច្ចការនៅការិយាល័យនីមួយៗ មានដំណើរការជាប្រក្រតី និងមិនរាំងស្ទះដល់ការងាររបស់ស្ថាប័ន។ បន្តដាក់ឆ្លងឯកសារនិងបែងចែកឯកសារតាមប្រព័ន្ធឌីជីថលដូចជា តេឡេក្រាមឬតាម Whatapp។ អង្គភាពថ្នាក់ជាតិទាំងអស់ ត្រូវតាមដាននិងរាយការណ៍ជាប្រចាំអំពីស្ថានភាពសុខភាពរបស់មន្ត្រី។ 

ទន្ទឹមគ្នានេះ ក្រសួងអប់រំស្នើសុំឱ្យមន្ត្រីអប់រំទាំងអស់ត្រូវពាក់ម៉ាសការពារឱ្យបានជាប់លាប់គ្រប់ពេលចេញចូល និងបំពេញការងារនិងត្រូវរក្សាអនាម័យដោយលាងសម្អាតដៃនឹងសាប៊ូ ឬទឹកអាកុលជាប្រចាំ។ លើសពីនេះគ្រប់ច្រកចេញចូលត្រូវកំណត់ឱ្យមានការវាស់កំដៅនិងពាក់ម៉ាសជាប្រចាំ ក្នុងករណីមិនអនុវត្តមិនត្រូវអនុញ្ញាតឱ្យចូលក្នុងបរិវេណជាដាច់ខាត។ 

ករណីមានការសង្ស័យ ឬភាពមិនប្រក្រតីដែលជារោគសញ្ញានៃជំងឺកូវីដ-19 ត្រូវរាយការណ៍ ឬទូរស័ព្ទទៅលេខ 115 ជាបន្ទាន់។ ក្រសួងបញ្ជាក់ថា អង្គភាពថ្នាក់ក្រោមជាតិនៃក្រសួងអប់រំ យុវជននិងកីឡា ត្រូវផ្សព្វផ្សាយព័ត៌មាននេះឱ្យបានទូលំទូលាយនិងចូលរួមសហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវ។ 

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ 20កុម្ភៈ ត្រូវបានរាជរដ្ឋាភិបាលប្រកាសជាបន្ទាន់នៅព្រឹកថ្ងៃទី20 ខែកុម្ភៈ ឆ្នាំ2021នេះ ដោយក្រសួងសុខាភិបាលបិទទីតាំងមួយចំនួនដើម្បីត្រួតពិនិត្យ និងទប់ស្កាត់ការចម្លងបន្ថែមដែលក្នុងនោះ រួមមានតំបន់ទីក្រុងរណបកោះពេជ្រ ទីតាំងក្លឹប N8 អាគារខុនដូ SKY Line និងផ្សារទំនើប The Bridge៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner