រដ្ឋមន្រ្តីការបរទេសរបស់យោធាមីយ៉ាន់ម៉ាជួបពិភាក្សាជាមួយសមភាគីថៃ និងឥណ្ឌូនេស៊ី
ថៃ៖ រដ្ឋមន្រ្តីការបរទេសរបស់យោធាមីយ៉ាន់ម៉ាបានធ្វើទស្សនកិច្ចនៅប្រទេសថៃក្នុងថ្ងៃពុធនេះ នៅពេលដែលប្រទេសមហាអំណាចក្នុងតំបន់បានព្យាយាមសម្របសម្រួលបញ្ចប់ភាពចលាចលរយៈពេលជាង៣សប្តាហ៍កន្លងមកនេះ ដែលបង្កឡើងដោយរដ្ឋប្រហារយោធា ។
រដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ាលោក វុនណា មោង ល្វីន បានជួបពិភាក្សាជាមួយសមភាគីថៃ និងឥណ្ឌូនេស៊ី នៅក្នុងជំនួបមួយដែលត្រូវបានគេស្គាល់ជាជំនួបតទល់ជាលើកដំបូងរវាងសមាជិកយោធាជាន់ខ្ពស់ និងរដ្ឋាភិបាលបរទេស ។ កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីមានសេចក្តីប្រកាសថា រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ីលោកស្រី រ៉េតណូ ម៉ាស៊ូឌី នឹងមិនទៅធ្វើទស្សនកិច្ចប្រទេសដែលរងការវាយប្រហារដោយរដ្ឋប្រហារនេះភ្លាមៗនោះទេ បើទោះបីជាមានការបែកធ្លាយឯកសារពីខាងមីយ៉ាន់ម៉ា អំពីគម្រោងទស្សនកិច្ចរបស់លោកស្រីក៏ដោយ ។
សូមបញ្ជាក់ថា របបដឹកនាំយោធាមីយ៉ាន់ម៉ាបានប្រឈមមុខនឹងព្យុះថ្កោលទោសអន្តរជាតិ ចំពោះការបណ្តេញមេដឹកនាំស៊ីវិលលោកស្រី អោង សាន ស៊ូជី ចេញពីអំណាចកាលថ្ងៃទី០១ ខែកុម្ភៈកន្លងទៅ ខណៈដែលក្រុមប្រឆាំងនៅមីយ៉ាន់ម៉ាកំពុងតែធ្វើបាតុកម្មតវ៉ាទូទាំងប្រទេសជាប្រចាំថ្ងៃ ៕ ប្រភព៖ AFP