សហរដ្ឋអាមេរិក និងអង្គការសិទ្ធិមនុស្សរិះគន់ម៉ាឡេស៊ី ចំពោះការបញ្ជូនជនជាតិមីយ៉ាន់ម៉ាជាងមួយពាន់នាក់អោយទៅរបបយោធា
អាមេរិក៖ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានដឹកនាំការរិះគន់លើម៉ាឡេស៊ីចំពោះការបញ្ជូនជនជាតិមីយ៉ាន់ម៉ាជាង១ពាន់នាក់ ត្រឡប់ទៅកាន់ប្រទេសដែលគ្រប់គ្រងដោយយោធារបស់ពួកគេវិញ ដោយផ្គើនទៅនឹងសេចក្តីបង្គាប់របស់តុលាការ ។
ជាមួយគ្នានេះ ក្រុមអង្គការសិទ្ធិមនុស្សបានរិះគន់យ៉ាងខ្លាំង ចំពោះផែនការនេះ ហើយនៅប៉ុន្មានម៉ោងមុនការនិរទេសចេញនេះ តុលាការកំពូលទីក្រុងគូឡាឡាំពួបានបង្គាប់ឱ្យបញ្ឈប់ការនិរទេសនេះជាបណ្តោះអាសន្ន ដើម្បីអនុញ្ញាតឱ្យមានតស៊ូផ្នែកច្បាប់ពីក្រុមសកម្មជន ។ ជនចំណាកស្រុក ដែលសកម្មជននិយាយថា រួមមានទាំងអ្នកស្វែងរកសិទ្ធិជ្រកកោនងាយរងគ្រោះផងនោះ បានចាកចេញកាលពីថ្ងៃអង្គារសប្តាហ៍នេះ តាមនាវាកងទ័ពជើងទឹកមីយ៉ាន់ម៉ា ពីមូលដ្ឋានយោធាម៉ាឡេស៊ី ពោលគឺប៉ុន្មានសប្តាហ៍ក្រោយរដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈកន្លងទៅនេះ ។
ទោះជាយ៉ាងណាក៏ដោយ ក្រុមមន្ត្រីម៉ាឡេស៊ីនមិនបានផ្តល់ការពន្យល់ អំពីមូលហេតុដែលពួកគេមិនអើពើនឹងសេចក្តីបង្គាប់របស់តុលាការ និងការបញ្ជូនជនចំណាកស្រុកមីយ៉ាន់ម៉ាចំនួន១ពាន់៨៦នាក់ត្រឡប់ទៅកាន់ប្រទេសពួកគេវិញនោះទេ ៕ ប្រភព៖ AFP