World Bank: ការបង្កើននវានុវត្តន៍រួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញស្តារសេដ្ឋកិច្ច នៅអាស៊ីបូព៌ា
ការបង្កើននវានុវត្តន៍មានសារសំខាន់ក្នុងការរួមចំណែកសម្រាប់កំណើនផលិតភាព និងវឌ្ឍនភាពសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ក្នុងការអភិវឌ្ឍប្រទេស តំបន់អាស៊ីបូព៌ា រួមមាន ប្រទេសកម្ពុជា ចិន ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ម៉ុងហ្គោលី មីយ៉ាន់ម៉ា ហ្វីលីពីន ថៃ និងវៀតណាម ដែលជាប្រទេសមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៅក្នុងពិភពលោក ។ នេះបើយោងតាមរបាយការណ៍របស់ធនាគារពិភពលោក World Bank ។
ប្រទេសបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីបូព៌ាទាំងនេះ មានកំណត់ត្រាគួរឱ្យកត់សម្គាល់នៃកំណើនប្រកបដោយចីរភាព និងការកាត់បន្ថយភាពក្រីក្រ។ ប៉ុន្តែកំណើនផលិតភាពថយចុះ ភាពមិនប្រាកដប្រជានៅក្នុងពាណិជ្ជកម្មពិភពលោក និងភាពជឿនលឿនផ្នែកបច្ចេកវិទ្យាកំពុងបង្កើនតម្រូវការក្នុងការផ្លាស់ប្តូរទៅរកផលិតកម្មថ្មី និងប្រសើរជាងមុនដើម្បីទ្រទ្រង់ដល់ដំណើរការសេដ្ឋកិច្ចរក្សាបានសម្ទុះទៅមុខ។
នៅក្នុងគោលដៅជួយដល់អ្នកតាក់តែងគោលនយោបាយ ឆ្លើយតបទៅនឹងភាពប្រឈមខាងលើនេះ របាយការណ៍ឈ្មោះថា “ភាពចាំបាច់នៃនវានុវត្តន៍សម្រាប់តំបន់អាស៊ីបូព៌ាកំពុងអភវិឌ្ឍ” (The Imperative for Developing East Asia) បានពិនិត្យមើលស្ថានភាពនវានុវត្តន៍នៅក្នុងតំបន់ វិភាគឧបសគ្គធំៗដែលបណ្តាក្រុមហ៊ុនកំពុងជួបប្រទះនៅក្នុងកិច្ចខិតខំធ្វើនវានុវត្តន៍ និងលើកឡើងនូវរបៀបវារៈសម្រាប់ផែនការមួយឈានទៅជំរុញកំណើនដែលយកនវានុវត្តន៍ជាមូលដ្ឋាន។
លោកស្រី វិចតូរីយ៉ា ក្វាក្វា Victoria Kwakwa អនុប្រធានធនាគារពិភពលោក សម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក បានមានប្រសាសន៍ថា៖«ការរាតត្បាតជំងឺកូវីដ-19 ការប្រែប្រួលអាកាសធាតុ អមដោយបរិយាកាសសកលលោក ដែលប្រែប្រួលឥតឈប់ឈរ បានញ៉ាំងឱ្យមានភាពបន្ទាន់សម្រាប់រដ្ឋាភិបាលនៅក្នុងតំបន់ ធ្វើការខិតខំបង្កើននវានុវត្តន៍ ឱ្យបានខ្លាំងក្លាថែមទៀត តាមរយៈការតាក់តែងគោលនយោបាយឱ្យកាន់តែល្អឡើង»។
លោក ហាវីយេ ស៊ីរ៉េរ៉ា ដែលជាអ្នកដឹកនាំការនិពន្ធរបាយការណ៍នេះ មានប្រសាសន៍ថា៖ “ក្រៅតែពីគំរូលេចធ្លោមួយចំនួន ក្រុមហ៊ុនភាគច្រើនដ៏លើសលប់នៅក្នុងតំបន់អាស៊ីបូព៌ានៅមិនទាន់ចាប់ផ្តើមធ្វើនវានុវត្តន៍អាជីវកម្មរបស់ខ្លួន នៅឡើយទេ។ អាស្រ័យហេតុនេះ គេចាំបាច់ត្រូវមានគំរូនវានុវត្តន៍ជាលក្ខណៈទូលំទូលាយមួយ ដែលអាចជួយជ្រោមជ្រែងដល់ក្រុមហ៊ុនច្រើនសន្ធឹកសន្ធាប់ក្នុងការចាប់យកបច្ចេកវិទ្យាថ្មីៗ ។
របាយការណ៍នេះបានកំណត់កត្តាមួយចំនួនដែលរារាំងដល់ការធ្វើនវានុវត្តន៍ក្នុងតំបន់ រួមមានកង្វះព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មី ភាពមិនប្រាកដប្រជាអំពីផល ដែលគម្រោងបែបនវានុវត្តន៍អាចផ្តល់ត្រឡប់មកវិញ សមត្ថភាពក្រុមហ៊ុនខ្សោយ បុគ្គលិកមានជំនាញមិនគ្រប់គ្រាន់ និងកង្វះខាតជម្រើសផ្នែកហិរញ្ញប្បទាន។ ជាងនេះទៅទៀត គោលនយោបាយនវានុវត្តន៍និងស្ថាប័ននៅតាមប្រទេសនីមួយៗ ច្រើនតែមិនទាន់ស៊ីចង្វាក់គ្នាជាមួយសមត្ថភាពនិងសេចក្តីត្រូវការរបស់ក្រុមហ៊ុន។
ដើម្បីជំរុញនវានុវត្តន៍ឱ្យស្ទុះទៅមុខ របាយការណ៍នេះសង្កត់ធ្ងន់ថា បណ្តាប្រទេសក្នុងតំបន់ចាំបាច់ត្រូវតម្រែតម្រង់ទិសគោលនយោបាយទៅលើកស្ទួយការផ្សព្វផ្សាយបច្ចេកវិទ្យា ដែលមានស្រាប់ឱ្យកាន់តែសាយភាយ មិនត្រឹមតែការបង្កើតថ្មីទេ គាំទ្រដល់នវានុវត្តន៍ក្នុងវិស័យសេវាកម្ម មិនត្រឹមតែក្នុងវិស័យផលិតកម្មទេ និងពង្រឹងសមត្ថភាព នវានុវត្តន៍របស់ក្រុមហ៊ុន ឱ្យកាន់តែរឹងមាំថែមទៀត ដើម្បីបង្កលក្ខណៈនាំឱ្យមានកំណើនផលិតភាពក្នុងចំណោមក្រុមហ៊ុនច្រើនទូទាំងតំបន់។
លោក Andrew Mason ដែលជាអ្នកនិពន្ធមួយរូបទៀត មានប្រសាសន៍ថា៖«អ្វីដែលសំខាន់គឺរដ្ឋាភិបាលក្នុងតំបន់ គួរជួយដល់ការធ្វើនវានុវត្តន៍ក្នុងវិស័យសេវាកម្ម ពេលដែលសេវានេះកំពុងបំពេញតួនាទីកាន់តែសំខាន់នៅក្នុងសេដ្ឋកិច្ច មិនមែនសម្រាប់តែធ្វើឱ្យសេវាមានគុណភាពល្អជាងមុនទេ តែដើម្បីប្រែក្លាយវាឱ្យទៅជាធាតុចូលសំខាន់ៗសម្រាប់ផ្នែកផលិតកម្មដែរ»។
បណ្តាប្រទេសក៏ត្រូវការពង្រឹងកត្តាបំពេញបន្ថែមសំខាន់ៗសម្រាប់ការច្នៃប្រឌិតរួមទាំងជំនាញ និងឧបករណ៍របស់កម្មករ ដើម្បីផ្តល់ហិរញ្ញប្បទានដល់គម្រោងច្នៃប្រឌិត។ ការកសាងទំនាក់ទំនងរឹងមាំរវាងស្ថាប័នស្រាវជ្រាវជាតិ និងក្រុមហ៊ុនក៏នឹងមានសារៈសំខាន់ផងដែរក្នុងការជំរុញកំណើន ដែលដឹកនាំដោយការច្នៃប្រឌិតនៅក្នុងតំបន់៕