ក្រុមការងារបញ្ចាំងខ្សែភាពយន្តកម្ពុជា-ចិន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ចប់សកម្មភាពចុះបញ្ចាំងខ្សែភាពយន្ត នៅខេត្តកំពង់ចាមចុងក្រោយគេ ក្នុងចំណោម៦ខេត្ត

ក្រុមការងារបញ្ចាំងខ្សែភាពយន្តកម្ពុជា-ចិន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ចប់សកម្មភាពចុះបញ្ចាំងខ្សែភាពយន្ត ក្នុងចំណោម៦ខេត្ត មានដូចជា ខេត្តកំពត កំពង់ស្ពឺ ស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ និងខេត្តកំពង់ចាមចុងក្រោយគេ ក្នុងឆ្នាំ២០២១នេះ ជាមួយនឹងការទទួលបានការគាំទ្រខ្លាំងពីបងប្អូនប្រជាពលរដ្ឋ និងមន្រ្តីមូលដ្ឋាន ។

លោក ស៊ុន រតនៈ អនុប្រធានការិយាល័យ នៃនាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអោយដឹងថា ស្រុកចំនួន៤ នៅខេត្តកំពង់ចាម បានគាំទ្រសកម្មភាពចុះបញ្ចាំងខ្សែភាពយន្ត កម្ពុជា-ចិន របស់ក្រុមការងារក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលចុះបញ្ចាំងខ្សែភាពយន្តចល័តកម្ពុជា-ចិន ដ៏ឆ្នើមលើកទី៥ ទៅកាន់មូលដ្ឋានរបស់ពួកគាត់ រយៈពេល៣ថ្ងៃ ដោយមានការចូលរួមពី អភិបាលស្រុក អភិបាលរងស្រុក ទាំង៤ រួមទាំងមន្រ្តីមូលដ្ឋានពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបទៀតផងដែរ ។

លោក ស៊ុន រតនៈ បន្តទៀតថា សកម្មភាពចុះបញ្ចាំងភាពយន្តនៅខេត្តកំពង់ចាមនេះ គឺចាប់ផ្តើមតាំងពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ទើបបញ្ចប់ការចាក់បញ្ចាំង ។ ខ្សែភាពយន្តចល័តកម្ពុជា-ចិន លើកទី៥នេះ គឺធ្វើឡើងក្នុងគោលផ្សព្វផ្សាយពីចំណងមិត្តភាព កម្ពុជា-ចិន ទៅដល់ប្រជាពលរដ្ឋកម្ពុជា ។ ដោយសារតែខ្សែភាពយន្ត បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ចំណេះដឹងអប់រំបន្ថែម ពីវប្បធម៌ទំនៀមទម្លាប់ ប្រពៃណី និងជីវភាពរស់នៅរបស់ប្រជាជន និងការរីកចំរើន នៃប្រទេសទាំង២ កម្ពុជា និងចិន ដែលជាមហាមិត្តដែកថែប ។

លោកអនុប្រធានការិយាល័យ បន្តថា ការបញ្ចាំងភាពយន្តនេះដែរ បានធ្វើឡើងស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា-ចិន ចាត់ទុកជាឆ្នាំផ្លាស់ប្តូរវប្បធម៌ និងទេសរចណ៍រវាងប្រទេសទាំង២ ក៏ដូចជាការពង្រឹងនូវកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌សិល្បៈភាពយន្តរវាងកម្ពុជា-ចិន អោយកាន់តែស៊ីជម្រៅ និងរឹងមាំស្ថិតស្ថេរបន្ថែមទៀតចាប់ពីទីក្រុងរហូតដល់ជនបទ ។

នៅក្នុងសកម្មភាពចាក់បញ្ចាំងនេះ ក្រុមការងារ ក៍បានធ្វើសកម្មភាពអប់រំផ្សព្វផ្សាយអំពីបរិស្ថាន អនាម័យ និងបានចែកម៉ាស់ វាស់កម្តៅ ជូនពួកគាត់មុននិងបើកឲ្យចូលទស្សនាភាពយន្ត ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីត-១៩ តាមការណែនាំ របស់ក្រសួងសុខាភិបាល ។ តាមរយៈការចុះចាក់បញ្ចាំងជាច្រើនខេត្តកន្លងមកនេះ សង្កេតឃើញថា ប្រជាពលរដ្ឋដែលចូលរួមទស្សនាបានបង្ហាញទឹកមុខរីករាយ និងគាំទ្រសកម្មភាពការចាក់បញ្ចាំងនេះ ហើយបានសូមណូមពរឲ្យក្រុមការងារក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្តចុះចាក់ញ្ចាំងភាពយន្ត នៅឆ្នាំក្រោយៗទៀត ។

គួរបញ្ជាក់ថា ការបញ្ចាំងភាពយន្តចល័តកម្ពុជា-ចិន នាខេត្តកមពង់ចាម មាន៤ស្រុក ១ក្រុង គឺស្រុកកោះសុទិន ស្រុកបាធាយ ស្រុកព្រៃឈ និងស្រុកកំពង់សៀម ក្នុងនោះប្រជាពលរដ្ឋចូលរួមទស្សនារាប់ពាន់នាក់ ដោយមួយទីតាំងៗ បញ្ចាំង៣រឿង ។

គួររំលឹកថា ខ្សែភាពយន្តចល័តកម្ពុជា-ចិន បានបង្កើតរយៈពេល៥ឆ្នាំហើយ ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសហការជាមួយស្ថានទូតចិនប្រចាំកម្ពុជា ក្នុងន័យផ្សព្វផ្សាយពីចំណងមិត្តភាពដ៏រឹងមាំកម្ពុជា-ចិន ដែលជាមហាមិត្តដែកថែម ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner