ស្ត្រីមានផ្ទៃពោះចំនួន៥៨នាក់ ស្ត្រីមានកូនតូច ចំនួន១៦៧នាក់ និងស្រ្តីសម្រាលកូនចំនួន៤នាក់បានទទួលអំណោយមនុស្សធម៌ ពីក្រុមការងារឥស្សរជនឆ្នើមសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត

នៅព្រឹកថ្ងៃសុក្រ ១៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ នេះសាខាកាកបាទក្រម្រហមកម្ពុជា ខេត្តកំពត ដែលមានឯកឧត្តមជាវ តាយ ជាប្រធានគណៈកម្មាធិការសាខា លោកជំទាវ លាង ហៃ ជាវតាយ ប្រធានក្រុមការងារឥស្សរជឆ្នើមសាខា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា តំណាងឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត កំពត បានអញ្ជើញជាជាអធិបតីក្នុងពិធីអបសាទរទិវាជាតិសុខភាពមាតា និងទារក ២១ កុម្ភៈ ២០២១ ជាមួយបងប្អូនស្ត្រីចំនួន ២២៩ នាក់ ក្នុងនោះស្ត្រីមានផ្ទៃពោះចំនួន៥៨នាក់ ស្ត្រីមានកូនតូច១៦៧នាក់ និងស្រ្តីសម្រាលកូនចំនួន៤នាក់ ពិធីនេះរៀបចំធ្វើឡើងនៅក្នុងបរិវេណសាលាឃុំដំបូកខ្ពស់ស្ថិតនៅក្នុងភូមិត្រពាំងរុន ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត។

ក្នុងឱកាសនោះលោកជំទាវ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា ក៏បានអានសារ លិខិតរបស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គ លេខាធិការអង្គការ សហប្រជាជាតិដើម្បីសុខភាពស្រ្តី និងកុមារ ក្នុងការថែទាំសុខភាពម្ដាយនិងកូនក្នុងបរិបទ រស់នៅធម្មតាតាមបែបកន្លងថ្មី ដោយមានខ្លឹមសារថា ៖

១-សូមឲ្យស្ត្រីមានផ្ទៃពោះទាំងអស់ទៅពិនិត្យសុខភាពពិគ្រោះយោ បល់ជាមួយគ្រូពេទ្យ/ឆ្មបជំនាញនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះឲ្យបានទៀងទាត់ចំនួន៤ដង តាមពេលវេលា និងការណែនាំរបស់គ្រូពេទ្យ ទទួលយកសេវាបង្ការ ព្យាបាលទាំងអស់ ពិសេសស្ម័គ្រចិត្តធ្វើតេស្តឈាមរកមេរោគអេដស៍/ស្វាយ ដើម្បីរួមគ្នាលុបបំបាត់ការចម្លងរោគពីម្ដាយទៅកូន ។

២-សូមទៅសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលមានគ្រូពេទ្យឆ្មបជំនាញ ទទួលបានការបណ្ដុះ បណ្ដាលត្រឹមត្រូវ ។

៣-សូមទៅពិនិត្យសុខភាពក្រោយពេលសម្រាល ទាំងមាតា ទាំងទារក យកកូនទៅទទួលថ្នាំបង្ការជម្ងឺ ១១មុខ តាមពេលវេលាកំណត់ ពិនិត្យតាមដានសុខភាព និងការលូតលាស់របស់កូនរហូតដល់កូនមានអាយុ ២ឆ្នាំ ។

៤-បំបៅទារកដោយទឹកដោះម្ដាយតែមួយមុខគត់ ចាប់ពីពេលទារកកើតភ្លាមរហូតដល់ទារកមានអាយុ ៦ខែ និងផ្ដល់អាហារបន្ថែមគ្រប់ មុខគ្រប់ជីវជាតិ (បបរខាប់គ្រប់គ្រឿង) រួមជាមួយការបន្តបំបៅទឹកដោះម្ដាយរហូតដល់កុមារមានអាយុយ៉ាងតិច ២ឆ្នាំ ។

៥-ប្រញាប់យកទារកទៅមន្ទីរពេទ្យភ្លាមនៅពេលឃើញសញ្ញាគ្រោះ ថ្នាក់ណាមួយនៃជំងឺរលាកផ្លូវដង្ហើម ជម្ងឺរាក ឬជម្ងឺផ្សេងទៀត និងយកទារកឬកុមារតូចដែលមានរាងកាយស្គម ឬមិនឡើងគីឡូសោះ ទៅពិគ្រោះយោបល់ និងទទួលការព្យាបាលនៅមន្ទីរពេទ្យ ។

ក្នុងសារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិតក៏ បានអំពាវនាវដល់ថ្នាក់ដឹកនាំ មន្រ្ទីរាជការ បុគ្គលិកសុខាភិបាល អ្នកផ្ដល់សេវាទាំងអស់ ចូលរួមគាំ ទ្រការអនុវត្តន៍គោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលឲ្យមានប្រសិទ្ធិភាពខ្ពស់ ឈានទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាព នៅឆ្នាំ២០៣០ របស់រាជរដ្ឋាភិបាលតាមការកំណត់ និង អំពាវនាវដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំងជាតិ និង អន្តរជាតិ សូមជួយ និងបន្តជួយវិនិយោគគាំទ្រដល់ការងារសុខភាពមាតា ទារក និង កុមានៅកម្ពុជា ។

ក្នុងនោះផងដែរលោកជំទាវ ក៏បានពាំនាំការសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្ដាំផ្ញើអោយប្រជាពលរដ្ឋទាំងអស់ គិតគូរថែទាំសុខភាពអោយបានល្អ ដោយរស់នៅត្រូវមានអនាម័យ ពិសាទឹកដាំឆ្អិន និងបរិភោគអាហាររូបត្ថម្ភអោយបានត្រឹមត្រូវ ព្រមទាំងកម្ចាត់មូសខ្លាតាមរយ: ការរៀបចំសម្ភារៈក្នុងផ្ទះអោយមានសណ្ដាប់ធ្នាប់ ធ្វើយ៉ាងណាអោយមានពន្លឺចាំងចូលក្នុងផ្ទះបានល្អ លុបបំបាត់ថ្លុក សំបកកំប៉ុង សំបកកង់ កាប់ ឆ្ការព្រៃជុំវិញផ្ទះអោយបានស្អាត និងជាពិសេស ត្រូវទៅពិនិត្យផ្ទៃពោះតាមការកំណត់របស់គ្រូពេទ្យ ។ ជាមួយគ្នានោះដែរលោកជំទាវ ក៏បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋទាំអស់បន្តចូលរួមទប់ស្កាត់ និងការពារការីករាលដាលនៃជំងឺកូវីដ -១៩ តាមរយៈការបន្តអនុវត្តវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី គឺៈ ៣ការពារ (១.ពាក់ម៉ាស់ ២.លាងដៃ ៣.គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ងិភាពបុគ្គល) និង៣កុំ (១.កុំចូលទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ចេញចូល ២.កុំទៅកន្លែងមនុស្សច្រើនកុះករ ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបថើបគ្នាជាដើម )។

សម្ភារ:ផ្តល់ជូន ស្ត្រីកូនតូចចំនួន១៦៧នាក់ និងស្រ្តីមានផ្ទៃពោះចំនួន៥៨នាក់ ក្នុងម្នាក់ៗទទួលបានក្រមា១ សារុង១ ស្ករស១គីឡូក្រាម ទឹកដោះគោខាប់ និងថវិកា២ម៉ឺនរៀល ដោយឡែកស្ត្រីកំពុងសម្រាក សម្រាលកូនក្នុងមណ្ឌលសុខភាពចំនួន៤នាក់ ក្នុងម្មាក់ៗបន្ថែមឃីតទារក១ឈុតផងដែរ៕សួង ពិសិដ្ឋ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner