ក្រសួងអប់រំ ស្នើអោយផ្អាកដំណើរការអាជីវកម្ម ក្លឹបហាត់ប្រាណ និងផ្អាកលេងកីឡា ឬការហាត់ប្រាណគ្រប់ប្រភេទ នៅតាមទីសារធារណៈ ដោយសារការផ្ទុះរីករាលដាលកូវីដ១៩

អត្ថបទដោយ៖
សារ៉ាន ទីងី

នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងអប់រំយុវជន និងកីឡា បានចេញសេចក្តីជូនដំណឹង ស្នើអោយផ្អាកដំណើរការអាជីវកម្មក្លឹបហាត់ប្រាណ និងផ្អាកការលេងកីឡា ឬការហាត់ប្រាណគ្រប់ប្រភេទ ដែលមានលក្ខណៈប្រមូលផ្តុំជាបណ្តោះអាសន្ននៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ ។

ការប្រកាសស្នើអោយផ្អាកសកម្មភាពកីឡាគ្រប់ប្រភេទនេះ បានធ្វើឡើងបន្ទាប់ពីស្ថានភាព នៃការចម្លងក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មានលក្ខណៈធំជាង និងសាំញ៉ាំជាងព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា និងដើម្បីចៀសវាងការរីករាលដាលក្នុងសហគមន៍ទ្រង់ទ្រាយធំ ព្រមទាំងយោងតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡាសូមស្នើផ្អាកដំណើរការអាជីវកម្មក្លឹបហាត់ប្រាណ និងផ្អាកការលេងកីឡា ឬការហាត់ប្រាណគ្រប់ប្រភេទ ដែលមានលក្ខណៈប្រមូលផ្តុំនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ ជាបណ្តោះអាសន្នចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ តទៅរហូតដល់មានការជូនដំណឹងជាថ្មី លើកលែងតែការប្រកួតកីឡា ដែលមានការចាក់ផ្សាយតាមទូរទស្សន៍ ។

អាស្រ័យដូចបានជម្រាប់ជូនខាងលើ សូមអស់លោក លោកស្រី ជ្រាប និងមានចំណាត់ការបន្តស្របតាមសមត្ថកិច្ចរបស់ខ្លួន ឲ្យមានប្រសិទ្ធភាពខ្ពស់ តាមការគួរ ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៦នេះ រកឃើញ ៤៤ករណីបន្ថែមទៀត ដោយក្នុងមាន ព្រឹត្តិការណ៍សហគមន៍ ៤០នាក់ ភាគច្រើនក្នុងរាជធានីភំ្នពេញ អ្នកធ្វើដំណើរចូលកម្ពុជា ៤នាក់ ។ “ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ” កើនដល់ ២៣៤នាក់ អ្នកឆ្លងសរុប ៧៤១នាក់ អ្នកសម្រាកព្យាបាល ២៦២នាក់ ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner