កម្ពុជាមានសុទិដ្ឋិនិយមចំពោះទិសដៅនៃផែនការអភិវឌ្ឍឆ្នាំ២០២១

អត្ថបទដោយ៖
Kien Sereyvuth

ឆ្នាំ២០២១ គឺជាឆ្នាំទី៣ នៃការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា ជាឆ្នាំដែលយើងទាំងអស់គ្នាត្រូវខិតខំពុះពារទ្វេដង ដើម្បីឆ្លងឲ្យផុតនូវឧបសគ្គទាំងឡាយ ដែលបង្កឡើងពីវិបត្តិនៃជំងឺកូវីដ-១៩ កាលពីអំឡុងឆ្នាំ២០២០កន្លងទៅ ។ ការរាតត្បាតនៃជំងឺដ៏កាចសាហាវនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ចំពោះសកលលោកទាំងមូល និយាយជារួម និងដោយឡែក ប្រទេសកម្ពុជាយើងក៏ទទួលរងនូវវិបត្តិដ៏អាក្រក់នេះ បង្កផលប៉ះពាល់ជាអវិជ្ជមានមកលើវិស័យសេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ជាពិសេសប្រជាជនក្រីក្រ និងងាយរងគ្រោះ ។ ចក្ខុវិស័យរបស់កម្ពុជា ក្នុងកិច្ចដំណើរការអភិវឌ្ឍឈានឡើង ប្រែក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ ក៏ត្រូវបានបន្ទុចបង្អាក់ ។ ប៉ុន្តែអាស្រ័យដោយរាជរដ្ឋាភិបាលគ្រប់គ្រងបានទាំងស្រុង និងប្រកបដោយប្រសិទ្ធភាពនូវវិបត្តិនេះ ក្នុងឆ្នាំ២០២០ធ្វើឲ្យ យើងនៅតែមានលទ្ធភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម កាត់បន្ថយបានហានិភ័យទាំងឡាយ និងបង្កភាពអនុគ្រោះសម្រាប់ការបោះជំហានទៅមុខទៀតលើវិថីនៃការអភិវឌ្ឍ សម្រាប់ឆ្នាំ២០២១នេះ និងបណ្តាឆ្នាំខាងមុខ ។
ទោះបីជាវ៉ាក់ សាំងការពារជំងឺកូវីដ១៩ ត្រូវបានដាក់ឲ្យប្រើប្រាស់ក្នុងពិភពលោក រាប់ទាំងប្រទេសកម្ពុជាផង ប៉ុន្តែមកដល់ពេលនេះ មិនទាន់មានស្ថាប័នណាមួយ ឬបុគ្គលណាម្នាក់អាចធ្វើការវាយតម្លៃ ឬព្យាករណ៍ឲ្យបានប្រាកដប្រជាថា តើជំងឺកូវីដ-១៩នឹងត្រូវបញ្ចប់នៅពេលណា? ផលវិបាកដែលបង្កឡើងពីវិបត្តិនេះនឹងជះឥទ្ធិពលរយៈពេលយូរប៉ុណ្ណា និងមានទំហំធំយ៉ាងណា ក៏មិនទាន់អាចសន្និដ្ឋានបាន។ ប៉ុន្តែក្នុងតំណាក់កាលនេះ បណ្តាប្រទេសទាំងអស់ ក៏បានដាក់ចេញនូវរាល់វិធានការដោះស្រាយ ការធ្វើអន្តរាគមន៍តាមរយ
ៈការប្រើប្រាស់នូវឧបករណ៍គោលនយោបាយនានាទៅតាមភាពជាក់ស្តែងនៃស្ថានភាពប្រទេសនីមួយៗ ។ រាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងម៉ត់ចត់បំផុត ក្នុងការដាក់ចេញគោលនយោបាយ និងយុទ្ធសាស្ត្រជាតិ ដឹកនាំអនុវត្តផែនការសកម្មភាព ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ការទ្រទ្រង់ និងរក្សាសុខភាពសេដ្ឋកិច្ចសង្គមក្នុងដំណាក់កាល កូវីដ-១៩ និងការត្រៀមសម្រាប់ការស្តារសេដ្ឋកិច្ចជាតិឲ្យមានកំណើនឡើងវិញ ក្រោយវិបត្តិនៃជំងឺសកលដ៏កាចសាហាវនេះ ។ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលកម្ពុជា បានខិតខំលើកកម្ពស់ស្មារតីនៃការចូលរួមរបស់ប្រជាជាតិទាំងមូល ដើម្បីធ្វើយ៉ាងណាសម្រេចឲ្យបានទិសដៅនៃការអភិវឌ្ឍសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២១នេះ និងបណ្តាឆ្នាំខាងមុខ ។ ជាក់ស្តែង ក្របខណ្ឌនៃផែនការស្តារសេដ្ឋកិច្ចកម្ពុជា ក្រោយវិបត្តិកូវីដ-១៩ សម្រាប់ឆ្នាំ២០២១-២០២៣ ផ្តោតលើអភិក្រមចំនួន ៣ គឺ ១- យុទ្ធសាស្ត្រដើម្បីរស់ ដោយជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចផង និងបន្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ផង ។ រាជរដ្ឋាភិបាលបន្តអនុវត្តនូវរាល់ជំនួយសង្គម និងការដាក់ចេញវិធានការអន្តរាគមន៍បន្ទាន់ ២- ការកែទម្រង់ ដោយធ្វើឲ្យប្រសើរឡើងនូវបរិយាកាស នៃការវិនិយោគ និងធុរកិច្ច ជំរុញការអភិវឌ្ឍឌីជីថលូបនីយកម្មក្នុងប្រព័ន្ធសេដ្ឋកិច្ច ដើម្បីប្រែក្លាយវិបត្តិនៃជំងឺកូវីដ-១៩ ឲ្យទៅជាឱកាស និងទី៣- ការកសាងភាពធន់ប្រកបដោយចីរភាព និងបរិយាប័ន តាមរយៈការកសាង និងពង្រឹងសមត្ថភាពស្ថាប័ន ការបង្កើននូវប្រភពធនធានមនុស្ស និងហិរញ្ញវត្ថុ ពង្រឹងភាពប្រកួតប្រជែង និងការកសាងមូលដ្ឋានសេដ្ឋកិច្ចក្នុងស្រុករឹងមាំ ។
ក្នុងឆ្នាំ២០២១នេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងងើបឡើងវិញ ហើយរំពឹងថា នឹងសម្រេចបានកំណើនក្នុងរង្វង់ ៤% ដែលធ្វើឱ្យ ផ.ស.ស ថ្លៃបច្ចុប្បន្ន ស្ថិតក្នុងរង្វង់ ១១៧.៩៣៩ ប៊ីលានរៀល សមមូលនឹងប្រមាណ ២៩.០១៣ លានដុល្លារអាមេរិក ស្របពេលដែល ផ.ស.ស. សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថា នឹងកើនឡើងដល់ ១.៧៧១ ដុល្លារអាមេរិក បើប្រៀបធៀបនឹង ១.៦៨៣ ដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ ។ កំណើននេះគាំទ្រដោយការងើបឡើងវិញនៃវិស័យសេដ្ឋកិច្ចសំខាន់ៗដូចជា៖ វិស័យកសិកម្ម ត្រូវបានប៉ាន់ស្មានថាកើនឡើងក្នុងអត្រា ១,៦% ដោយសារការកើនឡើងនៃអនុវិស័យដំណាំ អនុវិស័យចិញ្ចឹមសត្វ និងអនុវិស័យនេសាទ , វិស័យឧស្សាហកម្មត្រូវបានព្យាករណ៍ថា នឹងងើបឡើងវិញក្នុងអត្រាកំណើន ៤,១% ពីកំណើនអវិជ្ជមាន ដោយសារការរំពឹងទុកនូវការងើបឡើងវិញក្នុងកម្រិតទាបនៃអនុវិស័យកាត់ដេរ និងអនុវិស័យសំណង់ ខណៈដែលអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរត្រូវបានរំពឹងថា នៅរក្សាបានកំណើនល្អប្រសើរ និងវិស័យសេវាកម្មត្រូវបានព្យាករណ៍ថា នឹងមានកំណើនក្នុងអត្រា ៤% ដោយសារការរំពឹងទុកនៃការងើបឡើងវិញក្នុងកម្រិតទាបនៃសកម្មភាពសេដ្ឋកិច្ច ជាពិសេសក្នុងវិស័យទេសចរណ៍ និងការប្រើប្រាស់ក្នុងស្រុក បន្ទាប់ពីវិបត្តិកូវីដ-១៩ ។ អតិផរណាមធ្យមប្រចាំឆ្នាំ ត្រូវបានប៉ាន់ស្មានថាស្ថិតនៅក្នុងកម្រិតអាចគ្រប់គ្រងបានក្នុងអត្រា ៣,១% ដោយសារការរំពឹងទុកនៃការងើបឡើងថ្លៃប្រេងលើទីផ្សារអន្តរជាតិ បន្ទាប់ពីការធ្លាក់ចុះយ៉ាងគំហុកក្នុងឆ្នាំ២០២០ ។ ឱនភាពគណនីចរន្ត (រួមបញ្ចូលបង្វែរ) ត្រូវបានព្យាករណ៍ថា នឹងរួមតូចបន្តិចមកត្រឹម ១៧,៣% នៃផ.ស.

ស ដោយសារការរំពឹងនៃការងើបឡើងសន្សឹមៗនូវការនាំចេញ និងវិស័យទេសចរណ៍ ។ ទុនបម្រុងអន្តរជាតិសរុបត្រូវបានរឹពឹងថា នឹងកើនឡើងដល់ ១៦.៩៨១លានដុល្លារអាមេរិក និងធានាការនាំចូលបាន ៨ខែ ដោយហេតុថា ការនាំចូលរបស់កម្ពុជាក៏នឹងងើបឡើងបន្តិចវិញ ។
ទោះបីប្រឈមឧបសគ្គ និងការលំបាកច្រើន ប៉ុន្តែយើងនៅតែមានសុទិដ្ឋិនិយមចំពោះការអភិវឌ្ឍ សម្រាប់ឆ្នាំ២០២១នេះ ដោយសារយើងមានលក្ខខណ្ឌអនុគ្រោះជាច្រើន ។ ក្នុងឆ្នាំ២០២០ កម្ពុជា ទោះជាត្រូវទទួលរងការផលវិបាកនៃជំងឺកូវីដ-១៩ ប៉ុន្តែយើងគ្រប់គ្រងបានប្រកបដោយប្រសិទ្ធភាព ដោយគ្មានករណីស្លាប់ គ្មានការដាក់ប្រទេសក្នុងគ្រាមានអាសន្ន មិនមានការបិទជាតំបន់ ឬប្រទេសទាំងមូលឡើយ ។ រាជរដ្ឋាភិបាលបានធ្វើឲ្យទទួលជោគជ័យចំពោះការប្តេជ្ញាចិត្ត ក្នុងការរក្សាបាននូវភាពម្ចាស់ការលើការងារអាទិភាពចម្បងពី គឺ ៖ ទី១- ការបន្តរក្សានូវស្ថិរភាពនយោបាយដែលជាមូលដ្ឋានគ្រឹះសម្រាប់ការគ្រប់គ្រងស្ថានការណ៍ និងទី២- ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចឱ្យបានល្អប្រសើរទប់ស្កាត់អតិផរណា និងការឡើងថ្លៃទំនិញក្នុងទីផ្សារ ។ ជាមួយគ្នានេះ ការជំរុញទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ ក៏ដូចជាគោលនយោបាយទាក់ទាញអ្នកវិនិយោគក៏ត្រូវបានអនុវត្តយ៉ាងសកម្ម ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នឹងផ្តល់ប្រយោជន៍យ៉ាងសំខាន់សម្រាប់ប្រទេសកម្ពុជា ដែលនឹងផ្តល់ឱកាសកាន់តែធំក្នុងការនាំផលិតផលទៅកាន់ប្រទេសចិន ដោយមិនជាប់ពន្ធ ហើយកំណើននៃការនាំចេញនឹងកើនឡើងប្រមាណ ២៥% បន្ថែមទៀត ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េខាងត្បូង ក៏ត្រូវបានបិទបញ្ចប់ជាផ្លូវការនៅថ្ងៃទី៣ ខែកុម្ភៈ ហើយនៅពេលដែលត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការ នឹងជួយជំរុញឲ្យទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរកាន់តែមានការកើនឡើង ។ កម្ពុជាក៏បានគ្រោងធ្វើកិច្ចចរចារ ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសផ្សេងៗទៀត ដូចជាអង់គ្លេស អាមេរិក ជប៉ុន ម៉ុងហ្គោលី ឥណ្ឌា និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី ថែមទៀត។ កាលពីចុងឆ្នាំ២០២០កន្លងទៅ ប្រទេសសមាជិកអាស៊ាន ដែលមានទាំងកម្ពុជា ព្រមទាំងប្រទេសចំនួន៥ទៀត គឺ ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងណូវែលសេឡង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចតំបន់គ្រប់ជ្រុងជ្រោយ ហៅកាត់ថា RCEP (regional comprehensive economic partnership) ។ RCEP គឺជាកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី ឈានមុខគេក្នុងពិភពលោក។ សម្រាប់កម្ពុជា ក្រោយពីកិច្ចព្រមព្រៀង RCEP នេះចូលជាធរមាន គិតជាកំណើនប្រចាំឆ្នាំ ការនាំចេញរបស់កម្ពុជានឹងកើនឡើងចំនួន ៧,៣% , ការ វិនិយោគកើនឡើង ២៣,៤% , និងផលិតផលក្នុងស្រុកសរុប (ផសស) កើនចំនួនប្រមាណ ២% លើ ផ.ស.ស ដែលមានបច្ចុប្បន្ន ។ រាជរដ្ឋាភិបាលកម្ពុជាក៏បានរៀបចំច្បាប់វិនិយោគថ្មី ដោយការកែសម្រួលទៅលើច្បាប់ចាស់ ដើម្បីឲ្យស្របទៅតាមការវិវត្តន៍របស់សង្គម និងបង្កើនភាពទាក់ទាញកាន់តែខ្លាំងឲ្យវិនិយោគិនចូលមកបណ្តាក់ទុននៅកម្ពុជា ។ ច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម និងច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្មក៏កំពុងត្រូវបានធ្វើវិសោធនកម្ម ។ ក្នុងគោលបំណងនេះដែរ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានប្រកាសដាក់ឲ្យអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច ឆ្នាំ២០២១-២០២៣ ដោយផ្តោតលើគោលដៅធំៗចំនួន ៤ រួមមានៈ ការជំរុញពាណិជ្ជកម្មអន្តរជាតិ , ការទាក់ទាញការវិនិយោគទុនផ្ទាល់ពីបរទេស , ការលើកកម្ពស់វិស័យទេសចរណ៍ និងការជំរុញការផ្លាស់ប្តូរវប្បធម៌ បូករួមទាំងការផ្សព្វផ្សាយពីមុខម្ហូបខ្មែរផងដែរ ។ យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច គឺជាត្រីវិស័យក្នុងការពង្រឹងប្រសិទ្ធភាពការងារ ផ្នែកការទូតសេដ្ឋកិច្ច និងដើម្បីចូលរួមជាវិភាគទាន ពង្រឹងជន្ទល់កំណើនសេដ្ឋកិច្ច កាត់បន្ថយការពឹងផ្អែកលើជំនួយពីខាងក្រៅ និងលើកកម្ពស់ផលប្រយោជន៍កម្ពុជានៅក្នុងតំបន់ និងអន្តរជាតិ ។ ទន្ទឹមនេះ ការទទួលបាន វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលជាទំនិញជាយុទ្ធសាស្រ្ត នៅខែកុម្ភៈ ដើមឆ្នាំ២០២១នេះ និងដំណាក់កាលជាបន្តបន្ទាប់ មិនត្រឹមតែបានជួយការពារអាយុជីវិតរបស់ប្រជាជនកម្ពុជា និងកាត់បន្ថយហានិភ័យទាំងឡាយ ដែលបណ្តាលមកពីជំងឺនេះប៉ុណ្ណោះទេ ប៉ុន្តែវាបានជួយរួមចំណែកយ៉ាងធំធេង ក្នុងការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមឲ្យកាន់តែមានល្បឿនលឿនថែមទៀត ។
ប៉ុន្តែយើងក៏នៅតែជួបបញ្ហាប្រឈមមួយចំនួន ដូចជា សភាពការណ៍អន្តរជាតិនៅតែបន្តស្ថិតក្នុងសភាព ស្មុគស្មាញ និងគ្រោះថ្នាក់ ។ ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល នៅតែមានការកើនឡើង ហើយធ្វើឲ្យមានផលប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា ។ មួយផ្នែកក៏អាស្រ័យដោយកត្តាខាងក្នុង ដូចជា បញ្ហាតម្លៃ កិច្ចសម្រួលពាណិជ្ជកម្ម សម្រាប់ធុរជន ការធ្វើពិពិធកម្មសេដ្ឋកិច្ចនៅមានល្បឿនយឺត បរិមាណ និងគុណភាពនៃកម្លាំងពលកម្មជំនាញមិនទាន់អាចឆ្លើយតបតាមតម្រូវការទីផ្សារបាន ។ ប៉ុន្តែបញ្ហាទាំងអស់នេះ យើងអាចជម្នះដោះស្រាយបាន អាស្រ័យដោយការពង្រឹងការឯកភាពគ្នា គ្រប់ថ្នាក់ គ្រប់ផ្នែក ដោយប្រកាន់ខ្ជាប់នូវស្មារតីនៃការជំរុញការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរឹងមាំឡើង ។

ជារួមទោះបីជាសេដ្ឋកិច្ចរបស់កម្ពុជាក្នុងឆ្នាំ២០២០ បានទទួលរងគ្រោះដោយសារឥទ្ធិពលនៃការរាតត្បាតជំងឺកូវីដ-១៩ ប៉ុន្តែផ្អែកលើមូលដ្ឋានសំខាន់ៗដ៏រឹងមាំដែលមានរួចហើយ យើងនៅតែមានសុទិដ្ឋិនិយមថា សេដ្ឋកិច្ចកម្ពុជានឹងបោះជំហានឈានឡើងវិញក្នុងជំហានវិជ្ជមាននៅឆ្នាំ២០២១នេះ ៕
ទស្សនាវដ្តីប្រជាជន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner