ពង្រឹងជំនឿទុកចិត្តចំពោះវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលជាគន្លឹះយុទ្ធសាស្ត្រសម្រាប់កម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

វ៉ាក់សាំងស៊ីណូហ្វាម ដែលជាអំណោយរបស់សាធារណរដ្ឋប្រជាមានិតចិនចំនួន ៦០ម៉ឺនដូស ក្នុងចំណោម ១លានដូស ត្រូវបានដឹកជញ្ជូនមកដល់ព្រះរាជាណាចក្រកម្ពុជាកាលពីល្ងាចថ្ងៃទី ៧ ខែ កុម្ភៈ ដោយមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងឥស្សរជនជាន់ខ្ពស់កម្ពុជាជា ច្រើនរូបបានអញ្ជើញចេញទៅទទួលដោយផ្ទាល់នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ គឺជាវត្ថុដែលមានលក្ខណៈជាគន្លឹះយុទ្ធសាស្ត្រសម្រាប់ប្រទេសកម្ពុជាយើង ពីព្រោះថា វ៉ាក់សាំងនេះបានផ្តល់ប្រយោជន៍ជាសំខាន់គឺ ទី១- ជួយការពារអាយុជីវិតប្រជាជនមិនឲ្យស្លាប់ដោយជំងឺដ៏កាចសាហាវនេះ , កាត់បន្ថយការភ័យព្រួយរបស់ប្រជាជនក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងទប់ស្កាត់ការឆ្លងរាលដាល និងទី២- ជួយកម្ពុជាយើងអោយអាចគ្រប់គ្រងបានល្អ ដំណើរការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម ទាំងក្នុង និងក្រោយតំណាក់កាលនៃជំងឺកូវីដ-១៩ ។
ការផ្តល់អំណោយជាវ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនជូនមកដល់រដ្ឋាភិបាលនាពេលនេះ បានឆ្លុះបញ្ចាំងឲ្យឃើញនូវផ្លែផ្កាដ៏មានតម្លៃធំធេងក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរកម្ពុជា-ចិន ជាទំនាក់ទំនងមិត្តភាពកិច្ចសហប្រតិបត្តិការ ប្រពៃណី ប្រវត្តិសាស្ត្រ និងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ឈរលើគោលការណ៍ យោគយល់គ្នា គោរពគ្នាទៅវិញទៅមក ផ្តល់ផលប្រយោជន៍ឲ្យគ្នាក្នុងនាមជាអ្នកជិតខាងល្អ មិត្តល្អ បងប្អូនល្អ ជាដៃគូល្អ និងជាមិត្តដែកថែប ។ ជំនួយវ៉ាក់សាំងដែលមានលក្ខណៈជាយុទ្ធសាស្ត្រនេះ មិនត្រឹមតែជួយឲ្យកម្ពុជាដោះស្រាយបានបញ្ហាប្រឈម និងហានិភ័យ ទាក់ទិនទៅនឹងអាយុជីវិតរបស់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែក៏បានជួយ ដល់ការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឡើងវិញ ទាំងក្នុងដំណាក់កាលបច្ចុប្បន្ន និងក្រោយបញ្ចប់វិបត្តិជំងឺកូវីដ-១៩ ។
រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការទទួលយកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលជាជំនួយសប្បុរសធម៌របស់ចិននាពេលនេះ គឺដោយសារវ៉ាក់សាំងនេះត្រូវបានប្រទេសជាច្រើនប្រើប្រាស់ជាសាធារណៈប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព ។ ចាប់តាំងពីថ្ងៃទី១០ ខែកុម្ភៈ វ៉ាក់សាំងនេះត្រូវបានប្រើប្រាស់ជាផ្លូវការ ដោយមានថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា និងមន្ត្រីព្រមទាំងប្រជាជន និងកងកម្លាំងប្រដាប់អាវុធដែលគ្រប់លក្ខខណ្ឌបានបានទៅចាក់វ៉ាក់សាំង ដើម្បីការពារជំងឺកូវីដ-១៩នេះលើគោលការណ៍នៃការស្ម័គ្រចិត្ត នៅតាមមន្ទីរពេទ្យចំនួន ៤ នៅរាជធានីភ្នំពេញ ។ យុទ្ធនាការចាក់វ៉ាក់សាំង កំពុងតែដំណើរការយ៉ាងសកម្មនៅក្នុងប្រទេសកម្ពុជា ។ ដោយឡែក នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានអនុញ្ញាតឲ្យប្រើប្រាស់ជាផ្លូវការនូវវ៉ាក់សាំង ២ទៀត គឺ Sinovac’s COVID-19 ផលិតដោយសាធារណរដ្ឋប្រជាមានិតចិន និង AstraZeneca’s COVID-19 របស់ប្រទេសអង់គ្លេស ។ វ៉ាក់សាំងទាំង២នេះ ត្រូវបានប្រើប្រាស់ប្រកបដោយសុវត្ថិភាព នៅក្នុងប្រទេសចិន និងចក្រភពអង់គ្លេស ព្រមទាំងបណ្តាប្រទេសមួយចំនួន ក្នុងលក្ខខណ្ឌនៃការប្រើប្រាស់បន្ទាន់ ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏កំពុងយកចិត្តទុកដាក់ស្វះស្វែងរកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពីប្រភពដទៃទៀត ដើម្បីយកមកប្រើប្រាស់ឲ្យបានគ្រប់គ្រាន់តាមតម្រូវការជាក់ស្តែងនៅក្នុងប្រទេស ។
ចាប់តាំងពីមានការរីករាលដាលនៃជំងឺកូវីដ-១៩មកដល់ពេលនេះ កម្ពុជាគ្រប់គ្រងស្ថានកាណ៍ជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព ដែលជាលទ្ធផលគិតមកដល់ពេលនេះ កម្ពុជាគ្មានករណីស្លាប់ ឬឈានដល់ការដាក់ប្រទេសក្នុងគ្រាអាសន្ន ព្រមទាំងមិនមានការបិទជាតំបន់ ឬបិទប្រទេសទាំងមូលនោះឡើយ ។ ប៉ុន្តែទោះបីជាមានវ៉ាក់សាំងការពារហើយក៏ដោយ ក៏មិនមែនមានន័យថា យើងទាំងអស់គ្នានឹងអាចវិលត្រលប់ទៅប្រក្រតីភាពវិញក្នុងរយៈពេលដ៏ខ្លីខាងមុខនេះបានឡើយ ។ យើងក៏មិនត្រូវព្រងើយកន្តើយឈប់អើពើ ឈប់ប្រុងប្រយ័ត្ន និងឈប់ខ្វល់ខ្វាយភ័យព្រួយជាមួយជំងឺនេះដែរ ។ កន្លងមកនេះ ការឆ្លងរាតត្បាតនៃជំងី កូវីដ១៩ ចូលទៅក្នុងសហគមន៍នៅក្នុងប្រទេសថៃ និងប្រទេសវៀតណាម ដែលមានព្រំដែនជាប់ប្រទេសកម្ពុជា នៅតែបង្កជាហានិភ័យខ្ពស់សម្រាប់យើង ។ មួយ រយៈកន្លងមកនេះ យើងទប់ស្កាត់បានជោគជ័យនូវការចម្លងពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា តាមរយៈបងប្អូនពលករខ្មែរយើង និងការពារមិនឲ្យមានការឆ្លងរាលដាលចូលផ្ទៃក្នុងប្រទេស ។ រាជរដ្ឋាភិបាលក៏បានដាក់បទបញ្ជាឲ្យបណ្តាអាជ្ញាធរមានសមត្ថកិច្ចទាំងឡាយ នៅបណ្តាខេត្តប៉ែកខាងកើត ដែលមានព្រំដែនជាប់ប្រទេសវៀតណាម ឲ្យប្រកាន់យកវិធានការតឹងរ៉ឹង ម៉ឺងម៉ាត់ និងម៉ត់ចត់បំផុត ក្នុងការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ចូលមកក្នុងប្រទេសកម្ពុជា ។

ក្នុងស្មារតីនេះ ប្រជាជនយើងទាំងអស់គ្នាទោះជាអ្នកដែលបានទទួលការចាក់វ៉ាក់សាំងហើយក្តី ឬក៏មិនទាន់ទទួលបានការចាក់វ៉ាក់សាំងក្តី ក៏ត្រូវតែខិតខំអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល និងអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន រួមគ្នាការពារ នឹងប្រយុទ្ធជាមួយជំងឺកូវីដ១៩ ដោយអនុវត្តតាមគោលការណ៍ «៣កុំ» គឺកុំទៅកន្លែងដែលមានមនុស្សកុះករ កុំទៅកន្លែងបិទជិត និងកុំអោបរឹតគ្នា និង «៣ការពារ» គឺត្រូវពាក់ម៉ាស់ លាងដៃឲ្យស្អាត និងរក្សាគំលាតយ៉ាងតិចឲ្យបាន១ម៉ែត្រកន្លះ ។ អនុវត្តបានតាមវិធានការទាំងអស់នេះ យើងអាចការ ពារបាននូវសុខភាព និងសុវត្ថិភាពរបស់ខ្លួនយើងម្នាក់ៗ ក៏ដូចជាសុខមាលភាពរបស់ក្រុមគ្រួសាររបស់សហគមន៍ និងរបស់សង្គមជាតិយើងទាំងមូល ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner