អាជ្ញាធរខណ្ឌពោធិ៍សែនជ័យនាំយកសាច់ជ្រូកសម្ដេចតេជោចែកជូនប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័កនៅភូមិត្រពាំងអញ្ចាញ៤ និងភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង

ភ្នំពេញ ៖ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យដឹកនាំដោយ លោកអភិបាលខណ្ឌហែម ដារិទ្ធិ អភិបាលខណ្ឌ បាននាំយកសាច់ជ្រូករបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋ៤៥គ្រួសារនៅក្នុងភូមិចំនួន២ ដែលកំពុងធ្វើចត្តាឡីស័កនៅផ្ទះ គឺភូមិត្រពាំងអញ្ចាញ៤ និងភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ ។

លោកហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យបានប្រាប់ឲ្យដឹងថា ប្រជាពលរដ្ឋទាំង៤៥គ្រួសារ ដែលរស់នៅក្នុងភូមិទាំង២ខាងលើ មានការជាប់ពាក់ព័ន្ធជាមួយព្រឹត្តិការណ៍កូវីដ១៩ សហគមន៍២០កុម្ភៈ ហើយក្រោយពេលរកឃើញពួកគាត់ត្រូវបានតម្រូវឲ្យធ្វើចត្តាឡីស័កនៅផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺនេះ ។ ជាក់ស្តែងសាច់ជ្រូកចំនួន៧ក្បាលស្មើនឹងជិត៧០០គីឡូក្រាមដែលជារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទៅចែកជូនពួកគាត់រួមនិងទីតាំងចត្តាឡីស័កផ្សេងទៀតផងដែរ ។ នៅក្នុងឱកាសនោះលោកអភិបាលខណ្ឌ ក៏បានផ្ដាំផ្ញើរសុំឲ្យបងប្អូនប្រជាពលរដ្ឋទាំងនោះអនុវត្តទៅតាមគោលការណ៍របស់ក្រសួងសុខាភិបាលណែនាំ ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩ទាំងអស់គ្នា។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២០ ខែកុម្ភៈ មានពិធីមង្គលការនៅក្នុងភូមិត្រពាំងអញ្ចាញ៤ សង្កាត់ត្រពាំងក្រសាំង ដែលមានអ្នកចូលរួមច្រើនហើយក្នុងចំណោមភ្ញៀវដែលចូលរួមក្នុងពិធីនេះគឺមានអ្នកផ្ទុកជម្ងឺកូវីដ១៩ ។ បន្ទាប់អាជ្ញាធរនិងក្រុមជំនាញបានយកសំណាកម្ចាស់ដើមការទាំងគ្រួសារខាងប្រុសនិងខាងស្រីចំនួន១៥នាក់ ហើយក្រោយមកយើងបានឲ្យពួកគាត់ធ្វើចត្តាឡីស័កនៅផ្ទះ។ក្រោយមកនៅថ្ងៃទីទី២៥ ខែកុម្ភៈ អាជ្ញាធរបានរកឃើញ នៅប្លុកផ្ទះជួលនៅក្នុងភូមិជង្រុក សង្កាត់ត្រពាំងក្រសាំងខណ្ឌពោធ័សែនជ័យ ។

ខណៈនោះមនុស្ស២នាក់ឈ្មោះងឹន សែន អាយុ២១ឆ្នាំ និងឈ្មោះ វូជ វិនាថ អាយុ២៧ឆ្នាំ សង្ស័យមានការពាក់ព័ន្ធជាមួយព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនៅកោះពេជ្រ បន្ទាប់មកអាជ្ញាធរខណ្ឌដឹកនាំដោយលោកអភិបាលខណ្ឌហែម ដារិទ្ធិ សហការណ៍ជាមួយមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានចុះទៅកាន់ទីនោះ រួចបានបញ្ជូនអ្នកទាំង២ទៅកាន់មណ្ឌលចត្តឡីស័ក ព្រមទាំងយកសំណាកមនុស្សសរុបចំនួន៦០នាក់ទៀតផងដែរ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner