អត្តពលិកកីឡាហែលទឹក ដែលប្រជែងឈ្នះមេដាយ ពីការ ប្រកួតជើងឯកថ្នាក់ជាតិ ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពី ឯកឧត្តមបណ្ឌិត ជា ប៊ុនហេង

ព្រឹកថ្ងៃទី ០១ ខែមីនា ឆ្នាំ២០២១ អង្គភាពកីឡាក្រសួងមហាផ្ទៃ បានផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត ដល់កីឡាករ កីឡាការិនី ហែលទឹក ដែលប្រជែងបានមេដាយ ពីការប្រកួជើងឯកថ្នាក់ជាតិឆ្នាំ២០២០។ ពិធីប្រគល់នេះធ្វើឡើង ក្រោមវត្តមានឯកឧត្តម ឧត្ដមសេនីយ៍ឯក បណ្ឌិត ជា ប៊ុនហេង អគ្គលេខាធិការ ក្រុមប្រឹក្សា កីឡាក្រសួងមហាផ្ទៃ។


នាឱកាសប្រគល់ប្រាក់រង្វាន់ ឯកឧត្តមបណ្ឌិត ជា ប៊ុនហេង បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនដល់អត្តពលិកជ័យលាភីហែលទឹក ដែលបានប្រឹងប្រែងប្រជែងយកស្នាដៃឆ្នើមជូនក្រសួងមហាផ្ទៃ ពីការប្រកួត។ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ជា ប៊ុនហេង មានប្រសាសន៍ថា ជោគជ័យដែលអត្តពលិកទទួលបានពេលនេះ ពិតជាពុំអាចខ្វះបានឡើយនូវការយកចិត្តទុក ដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលសម្តេចតែងតែយកចិត្តទុកដាក់ និងជ្រោមជ្រែងជានិច្ច ចំពោះកីឡាករ កីឡាការិនី ដែលទាំងនេះ គឺជាចំណែក ដ៏ធំធេងមួយក្នុងការចូលរួមអភិវឌ្ឍវិស័យកីឡានៅកម្ពុជា។

ឯកឧត្តមបណ្ឌិត ជា ប៊ុនហេង ក៏បានកើនរំលឹកដល់កីឡាករ កីឡាការិនីហែលទឹក ក៏ដូចជាអត្តពលិកផ្សេងទៀត ត្រូវបន្តប្រឹងប្រែងហ្វឹកហាត់ គោរពវិន័យ ដើម្បីត្រៀមខ្លួនប្រជែងយកមេដាយឲ្យបានកាន់តែច្រើនបន្ថែមទៀតក្នុងការប្រកួតកីឡាជាតិលើកទី៣ នាពាក់កណ្តាលឆ្នាំ២០២១ខាងមុខនេះ។ ជាពិសេសត្រូវប្រជែងយកកៅអីជម្រើសជាតិ ដើម្បីត្រៀមចេញប្រកួតលើឆាកអន្តរជាតិ ដូចជាស៊ីហ្គេមលើកទី៣១ នៅវៀតណាម ចុងឆ្នាំ២០២១នេះជាដើម។


ប្រាក់រង្វាន់សរុបដែលបានប្រគល់ជូន មានចំនួន ៣លាន៨សែនរៀល ដោយមេដាយមាសក្នុងម្នាក់ទទួលបាន ៣០មឺនរៀល, មេដាយប្រាក់ម្នាក់ ទទួលបាន២០ម៉ឺនរៀល និងមេដាយសំរឹទ្ធទទួលបានប្រាក់រង្វាន់១០ម៉ឺនរៀល និងមេដាយជាក្រុមម្នាក់ៗទទួលបាន១០ម៉ឺនរៀល ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner