កម្ពុជាអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៣ ឆ្នាំ២០២១

រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃនេះ ថ្ងៃទី០៣ មីនា ជារៀងរាល់ឆ្នាំប្រារព្ធពិធីអបអរសាទរទិវាវប្បធម៌ជាតិ។ នៅឆ្នាំ២០២១នេះ ទិវាវប្បធម៌ជាតិ ៣មីនា បានរៀបចំឡើងជាលើកទី២៣ ឆ្នាំ២០២១នេះ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»។

ក្នុងសារលិខិត អបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៣ ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ទិវាវប្បធម៌នេះ ត្រូវបានប្រារព្វឡើង នៅថ្ងៃទី៣ ខែមីនា ជារៀងរាល់ឆ្នាំ ប៉ុន្តែដោយសារឆ្នាំ២០២១នេះ មិនអាចរៀបចំការជួបជុំដូចសព្វមួយដង ដោយសារតែការរីករាលដាលជាសកល នៃជំងឺកូវីដ១៩ ដែលកំពុងគំរាមកំហែងដល់សុខភាពសាធារណៈ សេចក្តីសុខ និងអាយុជីវិតរបស់ប្រជាជនកម្ពុជា ក៏ដូចជាប្រជាជននានាទូទាំងសកលលោក។

ជាមួយគ្នានេះ សម្តេចតេជោ នាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ទៅបីការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែជាបញ្ហាប្រឈមចម្បងយ៉ាងនាក្តី ក៏រាជរដ្ឋាភិបាលនៅតែបង្ហាញឆន្ទះដ៏រឹងមាំក្នុងការបន្តរៀបចំតាមបែបបទនៃការរស់នៅបែបថ្មីនៃ«ទិវាវប្បធម៌ជាតិ» ដែលជាព្រឹត្តិការណ៍វប្បធម៌ប្រចាំឆ្នាំដ៏ធំ ហើយក៏ត្រូវបានរៀបចំឡើង២២លើករួចមកហើយចាប់តាំងពីឆ្នាំ១៩៩៩មក។ ស្របតាមការរស់នៅក្នុងគន្លងបែបថ្មី ការជួបជុំមនុស្សដោយផ្ទាល់ក្នុងចំនួនច្រើន ត្រូវជំនួសមកវិញនូវការរៀបចំកម្មវិធីសិល្បះអបអរសាទរផ្សេងៗ តាមប្រព័ន្ធអនឡាញ ដែលមិនបង្កហានិភ័យដល់សុខុមាលភាពរបស់ប្រជាជន។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបន្ថែមថា សម្រាប់ឆ្នាំ២០២១នេះ ប្រធានបទ«យុវជនដើម្បីវប្បធម៌ជាតិ» ក្នុងទិវា«វប្បធម៌ជាតិ៣មីនា លើកទី២៣» នៅតែមានសារៈសំខាន់និងស្របតាមបរិបទប្រជាសាស្រ្តរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន និងបានបង្ហាញឱ្យឃើញថា ប្រជាជនវ័យកណ្តាល ដែលមានអាយុចាប់ពី១៥ ដល់៥៩ឆ្នាំ គឺមានការកើនឡើងរហូតដល់១,៧% ដែលក្នុងនោះ ក្រុមយុវជនចាប់បីអាយុ១៥ ដល់៣០ឆ្នាំ ជាផ្នែកមួយដ៏ធំធេង។

ក្នុងឱកាសនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអំពាវនាវឱ្យកូនខ្មែរគ្រប់រូបជាពិសេសយុវជនត្រូវខិតខំនិងការពារនូវអ្វីៗទាំងអស់ដែលជាព្រលឹងជាតិ និងអត្តញ្ញាណជាតិ សម្រាប់ជាមរតកយូរអង្វែងតទៅដល់កូនខ្មែរជំនាន់ក្រោយ ហើយក៏សូមចូលរួមទាំងអស់គ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បីរក្សាការបារកម្ពុជា ព្រះរាជាណាចក្រវប្បធម៌និងអច្ចរយៈ ឱ្យរុងរឿងនិរន្តតរៀងទៅ៕

អបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៣ ឆ្នាំ ២០២១ សូមទស្សនារបាំបុរាណ«នារីសន្តិភាព»។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner