កញ្ញា អ៊ី ស្រីមុំ ៖ “ទោះបីថាខ្ញុំស្រែៗរៀនកសិកម្ម តែកសិកម្មនេះហើយជួយមនុស្សឱ្យរស់រានមានជីវិត”

អត្ថបទដោយ៖
AMS

កំពង់ឆ្នាំង៖ បន្ទាប់រៀនចប់ថ្នាក់ទី12 ក្នុងដំណើរជីវិតជានិស្សិតសិក្សាជំនាញវិទ្យាសាស្ត្រជលផលនៅសាលាភូមិន្ទកសិកម្មចំការដូង ពាក្យដែលលឺចេញពីមាត់អ្នកជុំវិញខ្លួនជារឿយៗ “ក្មេងស្រីមកពីស្រែ រៀនកសិកម្ម កសិកម្មស្រែៗ”។ សម្តីទាំងនេះបានបំបាក់ទឹកចិត្តយុវតីម្នាក់ដែលប្រាថ្នាចង់ឃើញវិស័យកសិកម្មនៅកម្ពុជារីកចម្រើនឱ្យសមឈ្មោះថា កម្ពុជាជាប្រទេសកសិកម្ម។ តាមរយៈពាក្យពេចន៍មិនផ្តល់តម្លៃដល់ជំនាញកសិកម្មបែបនេះ ធ្វើឱ្យកញ្ញា អ៊ី ស្រីមុំ ជំរុញទឹកចិត្តខ្លួនឯងប្រឹងប្រែងតស៊ូ រហូតបញ្ចប់ការសិក្សាជំនាញវិទ្យាសាស្ត្រជលផលដោយជោគជ័យ និងបានក្លាយជាអ្នកជំនាញបង្កាត់ភ្ញាស់កូនត្រីនៅក្នុងកសិដ្ឋាននៃអង្គការតុកកែញញឹមកម្ពុជា ស្ថិតនៅខេត្តកំពង់ឆ្នាំង។

“ទោះបីថាខ្ញុំស្រែៗរៀនកសិកម្ម តែកសិកម្មនេះហើយជួយមនុស្សឱ្យរស់រានមានជីវិត” កញ្ញា អ៊ី ស្រីមុំ បាននិយាយដូច្នេះនៅពេលដែល AMS បានសួរនាំពីប្រវត្តិសិក្សាកាលជានិស្សិតនៅសាកលវិទ្យាកសិកម្ម ខណៈរូបគេជាកូនអ្នកស្រុកស្រែស្រាប់ មានទឹកដីកំណើតនៅខេត្តកំពង់ធំ។

កញ្ញា អ៊ី ស្រីមុំ បានបញ្ជាក់ពីមូលហេតុជំរុញចិត្តសិក្សាជំនាញវិទ្យាសាស្ត្រជលផលថា “ខ្ញុំយល់ថាកសិកម្មហ្នឹង ជំនាញជលផលហ្នឹង ជួយប្រជាពលរដ្ឋកម្ពុជាបាន​ច្រើនណាស់ ! ជួយទាំងជីវភាពប្រជាជន ជួយទាំងសុខភាព ជួយទាំងស្បៀងអាហារ ជួយបង្រៀនមនុស្សឱ្យចេះផលិតរបស់ហូបចុកដោយខ្លួនឯងក្នុងគ្រួសារ…”។

ក្នុងឆ្នាំ 2015 ក្រោយពេលរៀនចប់ភ្លាម កញ្ញា អ៊ី ស្រីមុំ បានចូលបម្រើការងារនៅអង្គការតុកកែញញឹមកម្ពុជា ហើយបច្ចុប្បន្នជាគ្រប់គ្រងការងារបង្កាត់ភ្ញាស់ត្រី និងបង្រៀនកសិ​ករពីបច្ចេកទេសក្នុងការងារផលិតកម្មវារីវប្បកម្ម។ កញ្ញា ស្រីមុំ បានបន្តថា រៀនកសិកម្មបើអត់ការងារសោះ ហោច​ណាស់ក៏មាន​ការ​ងារ​ធ្វើក្នុ​ង​ផ្ទះ​​​ផ្គត់​​​ផ្គង់​ជីវភាពគ្រួសារដែរ។

កញ្ញា អ៊ី ស្រីមុំ បានបញ្ចប់ការសិក្សានៅវិទ្យាល័យកំពង់ឈើទាល ខេត្តកំពង់ធំ ក្នុងឆ្នាំ 2012 និងបានទទួលអាហារូបករណ៍ជំនាញវិទ្យាសាស្ត្រជលផល នៅសា​ក​ល​វិទ្យាល័​យភូមិន្ទកសិកម្មចំការដូង រយៈពេលបួនឆ្នាំ និងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនេះនៅក្នុងឆ្នាំ 2015។ ​ស្រីមុំ មានគម្រោងក្នុងចិត្តចង់កសិដ្ឋានផលិតកូនត្រីពូជដោយខ្លួនឯង ដែលអាចផ្គត់ផ្គង់កូនត្រីពូជបាននៅក្នុងខេត្តរបស់ខ្លួន៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner