សម្ដេចតេជោ បង្ហាញសុពលភាពវ៉ាក់សាំង Sinopharm និង AstraZeneca ខណៈខេត្ត3 ជួបហានិភ័យខ្ពស់មានអាទិភាពទទួលវ៉ាក់សាំង

ភ្នំពេញ ៖ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបញ្ជាក់ថា សុពលភាពនៃវ៉ាក់សាំងដែលបានមកដល់កម្ពុជា និងកំពុងចាក់ជូនមន្ត្រីរាជការ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋពេលនេះគឺមានសុពលភាពខុសគ្នា ដូច្នេះរាល់ការចាក់ជូនសុទ្ធតែត្រូវបានពិនិត្យទៅលើអាយុជាសំខាន់។

ចំពោះប្រភេទវ៉ាក់សាំងដែលជាជំនួយរបស់រដ្ឋាភិបាលចិន Sinopharm ក្នុងដំណាក់ដំបូងចំនួន60ម៉ឺនដូស មានសុពលភាពចាប់ពីថ្ងៃផលិតរយៈពេលមួយឆ្នាំ ប៉ុន្តែអនុគ្រោះសម្រាប់អ្នកដែលមានអាយុចាប់ពី59ចុះក្រោយ ខុសពីវ៉ាក់សាំងរបស់អង់គ្លេស ផលិតនៅក្នុងប្រទេសឥណ្ឌាដែលជាជំនួយរបស់អង្គការសុខភាពពិភពលោក Astrazeneca ដែលទើបបញ្ជូនមកកាន់កម្ពុជាក្នុងដំណាក់កាលដំបូងចំនួន 324,000 ដូស មានសុពលភាពចាប់ពីថ្ងៃផលិតត្រឹមរយៈពេល6ខែ និងអនុគ្រោះសម្រាប់មនុស្សដែលមានអាយុចាបពី60ឆ្នាំឡើងទៅ។

ទោះជាយ៉ាងណាក្តីរដ្ឋាភិបាលបាន និងកំពុងផ្ដល់វ៉ាក់សាំង AstraZeneca ជូនទៅ3ខេត្ត ជាសំខាន់ ដែលកំពុងប្រឈមនឹងហានិភ័យខ្ពស់ នោះគឺ រាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តព្រះសីហនុ ដែលខេត្តបីនេះមានហានិភ័យខ្ពស់ មានអាទិភាពទទួលវ៉ាក់សាំង។

សម្ដេចតេជោ បានបញ្ជាក់ថា វ៉ាក់សាំងនៅមានកំណត់ មិនទាន់អាចផ្ដល់ដល់ប្រជាពលរដ្ឋគ្រប់រូបបាន ជាមួយគ្នានេះវ៉ាក់សាំងទាំងពីរ ដែលកម្ពុជាទទួលបាន កំពុងអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់នេះ គឺមានកាលកំណត់សុពលភាពប្រើប្រាស់ខុសគ្នា។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖« តាមការប៉ាន់ស្មាន ចំនួនប្រជាពលរដ្ឋ និង មន្ត្រីរាជការមូលដ្ឋានក្នុងរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តព្រះសីហនុ ដែលជារាជធានីខេត្តមានហានិភ័យខ្ពស់ប្រឈមនឹងការឆ្លងមេរោគកូវីដ-19 ប្រហែលជា10 ទៅ13ម៉ឺននាក់ ដែលត្រូវការវ៉ាក់សាំងប្រហែល 20 ទៅ26ម៉ឺនដូស»។

សូមបញ្ជាក់ថា ប្រទេសកម្ពុជាបានទទួលវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-19 ពីអង្គការសុខភាពពិភពលោក (WHO) ចំនួន324,000 ដូស ជាលើកដំបូង ដែលបានមកដល់នៅយប់ថ្ងៃទី02 ខែមីនា ឆ្នាំ2021។ ប្រទេសកម្ពុជាស្ថិតនៅក្នុងចំណោមប្រទេសដំបូងៗគេ នៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច ដែលទទួលបានវ៉ាក់សំាងពីយន្តការ COVAX។

សេចក្តីប្រកាសព័ត៌មានរួមរបស់ក្រសួងសុខាភិបាល, អង្គការ Unicef និងអង្គការ WHO បានបញ្ជាក់ថា វ៉ាក់សាំងចំនួន324,000 ដូស គឺជាចំនួនដូសមកដល់ដំបូងក្នុងចំណោមវ៉ាក់សំាងសរុបចំនួន1.1លានដូស ដែលយន្តការ COVAX នឹងផ្តល់ជូនប្រទេសកម្ពុជា ជាដំណាក់កាលនៅត្រឹមបំណាច់ ខែឧសភា។

ប្រទេសកម្ពុជា ត្រូវបានរំពឹងទុកថា នឹងទទួលបានបរិមាណវ៉ាក់សាំងសម្រាប់20% នៃប្រជាពល រដ្ឋសរុប (ប្រហែល 7លានដូស) ពីយន្តការ COVAX ដែលនឹងដឹកជញ្ជូនមកជាបន្តបន្ទាប់នៅក្នុងឆ្នាំនេះ ។ យន្តការ COVAX គឺជាកិច្ចខិតខំជាសកល ដែលមិនធ្លាប់មានពីមុនមក ដើម្បីផ្តល់ឱ្យប្រទេសទាំងអស់ នៅក្នុងពិភពលោក នូវសមភាពទទួលបានវ៉ាក់សាំង ប្រកបដោយសុវត្ថិភាព ដើម្បីការពារជំងឺកូវីដ-19 ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ការចាក់វ៉ាក់សាំងដំបូងបង្អស់ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី10 ខែកុម្ភៈ ហើយការមកដល់នៃវ៉ាក់សាំងបន្ថែមនេះ គឺជាជំហានដ៏សំខាន់មួយទៀត ឆ្ពោះទៅគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងគោល បំណងចាក់វ៉ាក់សាំង ដល់ប្រជាពលរដ្ឋឱ្យបាន10លាននាក់៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner