ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអាមេរិកមានកំណើនដល់ជាង 580 លានដុល្លារនៅឆ្នាំ2021នេះ
ភ្នំពេញ ៖ ការនាំចេញផលិតផលគ្រប់ប្រភេទរបស់កម្ពុជាទៅកាន់ទីផ្សាររបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចសហរដ្ឋអាមេរិកក្នុងខែដំបូងឆ្នាំ2021កន្លងទៅនេះមានការកើនឡើងរហូតដល់ប្រមាណ 580 លានដុល្លារ ស្មើនឹងប្រមាណ3.7ភាគរយបើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ2020។
ផ្អែកតាមទិន្នន័យដែលចេញដោយការិយាល័យជំរឿនរបស់សហរដ្ឋអាមេរិកបានបង្ហាញថា ប្រទេសកម្ពុជាបាននាំចេញទំនិញមានតម្លៃ 580 លានដុល្លារអាមេរិកទៅកាន់សហរដ្ឋអាមេរិកដែលកើនឡើង 3.7 ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែកសម្រាប់ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងប្រមាណ 5 ភាគរយ ពោលគឺមានទំហំប្រមាណ 614 លានដុល្លារក្នុងខែមករាឆ្នាំ2021។
ទំនិញសំខាន់ៗរបស់កម្ពុជាដែលនាំចេញទៅសហរដ្ឋអាមេរិករួមមានផលិតផលកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ ខណៈផលិតផលសំខាន់ៗដែលនាំចូលពីសហរដ្ឋអាមេរិករួមមានយានយន្ត ចំណីសត្វ និងគ្រឿងម៉ាស៊ីន។ ល។
លោក វង្សីុ វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការអចិន្ត្រៃយ៍នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុធ្លាប់បានលើកឡើង ថា ការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិកទំនងជានឹងបន្តកើនឡើងដោយសារតែការស្ទុះងើបនៃសេដ្ឋកិច្ចចុងក្រោយនៅឆ្នាំ2021។
គួរកត់សម្គាល់ផងដែរថា កាលពីឆ្នាំ2020កន្លងទៅ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិកបានកើនឡើង 38 ភាគរយដល់ 5.8 ពាន់លានដុល្លារក្នុងនោះ 5.3 ពាន់លានដុល្លារជាការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិក៕