កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ជួយដល់សហគមន៍តាមរយៈរកចំណូលបានពីឬស្សី

យោងតាមរបាយការណ៍របស់អង្គការសមាគមអភិរក្សសត្វព្រៃ(WCS)ថ្មីៗនេះ បានឱ្យដឹងថា ចំណូលពីការលក់វត្ថុ​អនុស្សាវរីយ៍ និងសម្ភារប្រើប្រាស់ធ្វើពីប្ញស្សី ដែលផលិតដោយក្រុមអាជីវកម្មកែច្នៃប្ញស្សីខ្នាតតូចនៅក្នុងសហគមន៍​តំបន់​ការពារធម្មជាតិស្រែព្រះ បានកើនឡើងជិតបួនដង គឺពីចំនួន​212 ដុល្លារក្នុងឆ្នាំ2019 ដល់ចំនួន806 ដុល្លារក្នុង​ឆ្នាំ​2020។

របាយការណ៍ដដែលបានឱ្យដឹងថា៖ «កំណើននេះបានកើនឡើង ដោយសារក្រុមអាជីវកម្មប្ញស្សីខ្នាតតូចនេះ បាន​ផលិត និងកែច្នៃផលិតផលច្រើនប្រភេទបន្ថែមទៀត ឱ្យមានភាពផ្សេងគ្នា និងបានកែលម្អគុណភាពនៃផលិតផល​ប្ញស្សីរបស់​ពួកគាត់ ក្រោយពីបានទទួលវគ្គបណ្តុះបណ្តាលជំនាញកែច្នៃប្ញស្សី ដែលគាំទ្រដោយទីភ្នាក់ងារជំនួយអាមេរិក USAID ក្រោម​គម្រោងអភិរក្ស ដែនជម្រកសត្វព្រៃកែវសីមា ព្រមទាំងមានការផ្លាស់ប្តូរឥរិយាបថរបស់អ្នកប្រើប្រាស់ ពីការឈប់​ប្រើប្រាស់សម្ភារប្លាស្ទិកមកប្រើប្រាស់សម្ភារ ដែលផលិតពីប្ញស្សីវិញ » ។

ក្រុមសហគមន៍ផលិតសម្ភារនេះមានសមាជិកចំនួន 27នាក់ ក្នុងនោះមានស្ត្រី15នាក់ មកពីភូមិចំនួនបី គឺ ភូមិពូចា ពូគង់ និងភូមិអូរច្រា ស្ថិតក្នុងឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ សម្ភារប្រើប្រាស់ ដែលក្រុមសហគមន៍បានផលិត​រួមមាន កំសៀវទឹក កែវទឹកធំមានដៃ ពែងទឹក ប្រដាប់ដាក់ទៀនក្រអូប ប្រអប់ដាក់ក្រដាសជូតដៃ ទំពក់ព្យួរខោអាវ ឧបករណ៍​បំពងសម្លេង ទូរស័ព្ទដៃ ប្រដាប់ដាក់ប៊ិច បំពង់សម្រាប់ដាក់គ្រឿងធ្វើម្ហូប ( ផ្ទះបាយ ) ថូផ្កា និងសម្ភារជាច្រើន​ផ្សេងទៀត ។

សូមបញ្ជាក់ផងដែរថា ក្រុមសហគមន៍អាជីវកម្មខ្នាតតូច កែច្នៃប្ញស្សី « ស្រែព្រះ » គឺជាសហគ្រាសសហគមន៍ បាន​បង្កើត​ឡើង កាលពីខែកញ្ញា ឆ្នាំ 2018 ដោយទទួលបានការគាំទ្រថវិកាពីទីភ្នាក់ជំនួយអាមេរិក USAID  គម្រោងរេដបូក និងគម្រោងកាំប៉ាស់ ក្នុងគោលបំណងដូចខាងក្រោមនេះ៖

1- ដើម្បីលើកកម្ពស់ជីវភាពរស់នៅ របស់សមាជិកនៃក្រុមកែច្នៃផលិតសម្ភារ ផលិតពីប្ញស្សី។

2- បង្ហាញអំពីការប្រើប្រាស់ ធនធានប្ញស្សីនៅក្នុងសហគមន៍ តំបន់ការពារធម្មជាតិស្រែព្រះប្រកបដោយនិរន្តរភាព។

3- លើកទឹកចិត្តសហគមន៍ ឱ្យស្តារឡើងវិញនៃការដាំប្ញស្សី នៅតំបន់ដែលបានកាប់បំផ្លាញ ស្ថិតក្នុងសហគមន៍ តំបន់​ការពារធម្មជាតិស្រែព្រះ  និងសកម្មភាពអាជីវកម្មសំខាន់ៗ របស់ក្រុមកែច្នៃប្ញស្សីនេះ រួមមានការបណ្តុះ និងដាំប្ញស្សី​នៅ​លើ​តំបន់ ដែលបានកាប់បំផ្លាញ និងផលិតសម្ភារប្រើប្រាស់ធ្វើពីប្ញស្សី សម្រាប់លក់  ។

ជាមួយគ្នានេះផងដែរ ក្រុមអាជីវកម្មកែច្នៃប្ញស្សីខ្នាតតូច«ស្រែព្រះ»ត្រូវបានបង្កើតឡើង និងគាំទ្រ ដោយភ្នាក់ងារជំនួយ​អាមេរិកក្រោមគម្រោងអភិរក្សដែនជម្រកសត្វព្រៃកែវសីមា ដែលអង្គការ WCS ជា អ្នកអនុវត្តគម្រោងនេះ។ បច្ចុប្បន្ន​ក្រុមសហគមន៍កំពុងគ្រប់គ្រងព្រៃប្ញស្សីទំហំប្រមាណ 69ហិកតា ស្ថិតនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិស្រែព្រះ ក្នុងនោះ​មានប្ញស្សី4 ប្រភេទ គឺប្ញស្សីថ្ងរ ប្ញស្សីព្រៃ ប្ញស្សីខ្លី និងប្ញស្សីរលាក។ 

សមាជិកក្រុមនេះបានទទួលការបណ្តុះបណ្តាលស្តីពីបច្ចេកទេសប្រមូលផលប្ញស្សី ប្រកបដោយនិរន្តរភាពការរៀបចំធ្វើ​ផែនការ​អាជីវកម្ម គ្រប់គ្រងសារពើភ័ណ្ឌប្ញស្សី ការបែងចែកផលប្រយោជន៍ និងការគ្រប់គ្រងហិរញ្ញវត្ថុ។ សមាជិកក៏អាច​ប្រើប្រាស់ ចំណូលបានពីការលក់ផលិតផលប្ញស្សីនេះ សម្រាប់ទ្រទ្រង់ការចំណាយក្នុងគ្រួសារ និងរក្សាទុកមួយផ្នែក​សម្រាប់​ចំណាយ​លើការងារអភិរក្សព្រៃឈើនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិ។

ក្រុមសហគមន៍ផលិតសម្ភារប្រើប្រាស់ និងវត្ថុអនុស្សាវរីយ៍ ធ្វើពីប្ញស្សី រីករាយដោយឃើញមុខរបរអាជីវកម្មរបស់​ពួកគាត់​មាន​ដំណើរការល្អ។ ពួកគាត់សង្ឃឹមថានឹងបន្តលក់ផលិតផលប្ញស្សី កែច្នៃពង្រីកផ្ទៃដីដាំប្ញស្សីបន្ថែម ដើម្បីស្តារតំបន់ ដែលបានកាប់បំផ្លាញឡើងវិញនៅទូទាំងសហគមន៍ការពារធម្មជាតិ សិក្សារវាយតម្លៃអំពីតម្រូវការទីផ្សារ និង​លទ្ធភាព​ក្នុង​ការ​ផលិតប្រភេទសម្ភារប្ញស្សីផ្សេង​ៗទៀត៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner