Intel ចាយលុយ20ពាន់លានដុល្លារដើម្បីពង្រឹងទីផ្សារលក់បន្ទះឈីបរបស់ខ្លួនឡើងវិញ
ញូវយ៉ក ៖ យោងតាមការចេញផ្សាយរបស់ Channel News Asia នៅថ្ងៃពុធនេះបានឲ្យដឹងថាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិកដែលមានឈ្មោះថា Intel បានធ្វើការប្រកាសអំពីផែនការវិនិយោគខ្នាតធំរហូតទៅដល់ 20 ពាន់លានដុល្លារទៅលើរោងចក្រចំនួន 2 កន្លែងនៅក្នុងប្រទេសអាមេរិកដើម្បីអាចដំណើរការផលិតបន្ទះឈីបបច្ចេកវិទ្យាចុងក្រោយបំផុតរបស់ខ្លួនឡើងវិញ។
សេចក្តីប្រកាសដែលត្រូវបានធ្វើឡើងដោយប្រធានប្រតិបត្តិថ្មីរបស់ក្រុមហ៊ុនគឺលោក Pat Gelsinger កាលពីថ្ងៃអង្គារម្សិលមិញនេះដោយក្នុងនោះលោកបានបញ្ជាក់ទៀតថាការសម្រេចចិត្តវិនិយោគនេះគឺស្ថិតនៅក្នុងគោលបំណងធំនាំយកកេរ្តិ៍ឈ្មោះរបស់ Intel ត្រឡប់មកវិញ ជាពិសេសនៅពេលដែលភាគហ៊ុនរបស់ខ្លួនបានធ្លាក់ចុះជាបន្តបន្ទាប់ដោយសារតែការពន្យាពេលនៃការផលិតកន្លងមក។
យុទ្ធសាស្ត្រថ្មីនេះក៏ត្រូវបានគេមើលឃើញដែរថានឹងអាចនាំយក Intel ចូលទៅក្នុងការប្រជែងទីផ្សារសាកលលោកដោយផ្ទាល់ជាមួយនឹងក្រុមហ៊ុនផលិតធំៗជាច្រើនទៀតដែលជាកម្មសិទ្ធរបស់អាស៊ីដូចជាក្រុមហ៊ុនតៃវ៉ាន់ TSMC (Taiwan’s Semiconductor Manufacturing Co) និងក្រុមហ៊ុនកូរ៉េខាងត្បូង Samsung Electronics។ លើសពីនេះវាក៏នឹងអាចជួយធ្វើឲ្យមានសមតុល្យឡើងវិញនូវអំណាចខាងសេដ្ឋកិច្ចបែបបច្ចេកវិទ្យាត្រឡប់មកកាន់ប្រទេសអាមេរិក និងអឺរ៉ុបវិញផងដែរខណៈដែលកន្លងមកនេះធ្លាប់មានក្តីព្រួយបារម្ភខ្លាំងអំពីហានិភ័យចំពោះការពឹងផ្អែកខ្លាំងទៅលើផលិតកម្មបន្ទះឈីបដែលមានមូលដ្ឋាននៅលើកោះតៃវ៉ាន់ក្នុងពេលដែលកំពុងមានភាពនតានតឹងកាន់តែខ្លាំងដូចគ្នាជាមួយនឹងរដ្ឋាភិបាលក្រុងប៉េកាំង។

គួរឲ្យដឹងដែរថាក្រោយពេលចេញសេចក្តីប្រកាសនេះភ្លាម ភាគហ៊ុនរបស់ក្រុមហ៊ុន Intel បានកើនឡើង 6.3 ភាគរយភ្លាមសម្រាប់ឆ្នាំ2021 នេះខណៈដែលគេបានដឹងថា កន្លងមកអ្នកវិនិយោគធំៗរបស់ខ្លួនដូចជាក្រុមហ៊ុន Third Point LLG ក៏ធ្លាប់បានជំរុញឲ្យ Intel ពិចារណាចាប់ផ្តើមដំណើរប្រតិបត្តិការផលិតបន្ទះឈីបរបស់ខ្លួនឡើងវិញ។
Intel ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនផលិតបន្ទះឈីបមួយក្នុងចំណោមក្រុមហ៊ុនតិចតួចប៉ុណ្ណោះដែលអាចប្រតិបត្តិការឌីសាញផង និងផលិតផងនូវបន្ទះឈីបរបស់ខ្លួនខណៈដែលក្រុមហ៊ុនឌីសាញបន្ទះឈីបធំៗ និងជាគូប្រជែងរបស់ខ្លួនដូចជា Qualcomm Inc និង Apple Inc ជាដើម ពឹងអាស្រ័យតែទៅលើកុងត្រានៃការផលិតពីរោងចក្រផ្សេងប៉ុណ្ណោះ។
លោក Gelsinger ក៏បានបញ្ជាក់ដែរថា កញ្ចប់វិនិយោគ 20 ពាន់លានដុល្លារនេះនឹងត្រូវយកទៅប្រើប្រាស់ក្នុងការពង្រីកបន្ថែមទៅលើអគាររោងចក្រដែលមានស្រាប់ទាំងពីរនៅក្នុងរដ្ឋ Chanlder និងរដ្ឋ Arizona ដោយក្នុងនោះអាចបង្កើតការងារថ្មីបានប្រមាណជា 3,000 កន្លែង ហើយក៏នៅមានផែនការដាក់ទីតាំងរោងចក្ររបស់ខ្លួននៅទីតាំងផ្សេងទៀតក្នុងសហរដ្ឋអាមេរិក និងបណ្តាប្រទេសផ្សេងទៀតនៅអឺរ៉ុបផងដែរ៕