មូលហេតុដែលស្ត្រីជ្រុះសក់អំឡុងពេលមានផ្ទៃពោះនិងក្រោយពេលសម្រាលកូន
សុខភាពសក់របស់ស្ត្រីគ្រប់រូបពិតជាសំខាន់ ព្រោះសក់ជាសរីរាង្គមួយដែលបង្ហាញពីសុខភាពនិងសម្រស់របស់ស្ត្រី។ សុខភាពសក់នឹងប្រែប្រួលនៅពេលស្ត្រីមានផ្ទៃពោះ តែកុំបារម្ភពេលអ្នកមានបញ្ហាជ្រុះសក់ក្រោមមួយរយសសៃក្នុងមួយថ្ងៃ។ លោកស្រីវេជ្ជបណ្ឌិត ឯក ម៉េងលី ឯកទេសខាងសម្ភព និងរោគស្រ្តីបានធ្វើការពន្យល់ពីមូលហេតុនៃការជ្រុះសក់អំឡុងពេលស្ត្រីមានផ្ទៃពោះ និងក្រោយពេលសម្រាលថា ជាធម្មតាសក់ស្ត្រីជ្រុះមួយថ្ងៃតិចជាងមួយរយសរសៃ តែបើជ្រុះច្រើនជាងមួយរយសសៃគឺមានន័យថាសក់មានអាការៈជ្រុះសក់។
មូលហេតុដែលស្ត្រីជ្រុះសក់នៅពេលមានផ្ទៃពោះ ដោយសារកត្តាមួយចំនួនដូចជា អ័រម៉ូនប្រែប្រួល កត្តាស្ត្រេស ក្រពេញទីរូអ៊ីតប្រែប្រួលលើសឬខ្វះ កត្តាកង្វះខាតជាតិដែកនិងវីតាមីន និងមានលក្ខខណ្ឌខ្លះមកពីជំងឺផ្ទាល់ខ្លួនទាក់ទងនឹងផ្ទៃពោះមានជំងឺទឹកនោមផ្អែម ឬលើសឈាម។

រីឯមូលហេតុនៃការជ្រុះសក់ក្រោយពេលសម្រាលក៏បណ្តាលមកពីកត្ដាផ្សេងៗផងដែរ ហើយភាគច្រើនកើតឡើងនៅរយៈពេលក្រោយពីសម្រាល ពីរទៅបួនខែ ដោយសារអរម៉ូនស្ត្រីធ្លាក់ចុះ (estrogen ថយចុះក្រោយពេលសម្រាល) កត្តាស្ត្រេស ដោយសារការកង្វះខាតពពួកវីតាមីន ជាតិដែកនិងសារធាតុសាច់។លោកស្រីវេជ្ជបណ្ឌិតបានបន្តទៀតថា “មាតាគ្រប់រូបកុំបារម្ភព្រោះជាធម្មតាសក់និងដុះមកវិញនៅពេលដែលទារកមានអាយុមួយឆ្នាំ”។ លោកស្រីក៏បានបន្ថែមពីរបៀបបង្ការនិងព្យាបាលផងដែរ ដោយគ្រាន់តែកក់សម្អាតសក់ឱ្យបានស្អាតជាប្រចាំជាមួយសាប៊ូ និងម៉ាស្សាលើស្បែកក្បាលអាចប្រើប្រាស់ជាមួយប្រេង Almont, Olive jojoba ឬ Papermint oil ។ ទទួលអាហារឱ្យមានតុល្យភាពនិងសម្បូរដោយជាតិសាច់ វីតាមីននិងជាតិដែក ព្យយាមកាត់បន្ថយស្ត្រេស កាត់បន្ថយការប្រើប្រាស់ទឹកក្ដៅពេកសម្រាប់កក់សក់ កាត់បន្ថយការប្រើប្រាស់ ថ្នាំបន្ទន់សក់ បំពង់ផ្លុំសក់ក្ដៅនិងការកៀបសក់ញឹកញាប់៕