ចំណុចល្អៗដែលអ្នកទើបចាប់ផ្ដើមអាជីវកម្មថ្មីគួរតែរៀនពីលោក យក់ ចំរើនឬទ្ធិ

ភ្នំពេញ ៖ ការចាប់ផ្ដើមអាជីវកម្មថ្មីមួយមិនមែនជារឿងងាយស្រួលនោះទេ វាទាមទារឲ្យមានការសិក្សាស្រាវជ្រាវពីទីផ្សារ គូរប្រជែងនានា​ឲ្យ​បានច្បាស់លាស់។ អ្វីដែលកាន់តែសំខាន់ជាងនេះ​ គឺដើមទុនក្នុងការចាប់ផ្ដើម ដូច្នេះហើយបើការចាប់ផ្ដើមមួយមិនរឹងមុំា វាក៏មិនខុស​អ្វីពី​ការ​យកទុនទៅបោះចោលដូច្នោះដែរ។

ក្នុងនាមជាអ្នកជំនួញជើងចាស់មួយរូប លោក យក់ ចំរើនឬទ្ធិ ដែលជាប្រធានអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ បានចែក​​រំលែកនូវបទពិសោធន៍របស់លោកជាមួយ AMS ថា សម្រាប់អ្នករកស៊ីទោះស្ថិតក្នុងកាលៈទេសៈលំបាកយ៉ាងណា ក៏តែងមានឱកាសដែរ។ ជាក់ស្ដែង នៅកំឡុងពេលនៃការប្រឡូកក្នុងវិស័យធ្វើជំនួញដំបូងរបស់លោកគឺស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចដែលមានភាពខុសគ្នាដាច់ពី​សេដ្ឋកិច្ចនាពេលបច្ចុប្បន្នដែលមានទីផ្សារទូលាយនេះទេ។ ប៉ុន្តែ នេះមិនមែនជាឧបសគ្គសម្រាប់លោកនោះឡើយ ផ្ទុយទៅវិញវា​គឺជា​ឱកាស​ដ៏ល្អមួយក្នុងការក្ដោបក្ដាប់ទីផ្សារ។

លោកបានបន្តទៀតថា ចំណុចសំខាន់មួយទៀតដែលអ្នករកស៊ីគួរតែរៀននោះគឺ រៀនសម្របខ្លួនទៅនឹងបរិបទនៃសង្គម។ ដោយសារតែ​បរិបទ​សង្គមយើងមានការផ្លាស់ប្តូរលឿន របៀបក្នុងការរកស៊ីក៏នឹងប្រែប្រួលទៅតាមនោះដែរ បើយើងមិនឆ្លាតក្នុងការសម្របខ្លួនទេ យើងមិនអាចប្រកួតប្រជែងជាមួយអាជីវកម្មផ្សេងបានឡើយ។

ទាក់ទងនឹងចំណុចនេះ លោកបានលើកឧទាហរណ៍ជាក់ស្ដែងមួយថា៖ «កុំធ្វើខ្លួនដូចដាណូស័រ ព្រោះសត្វនេះមានមាឌធំ ប៉ុន្តែអត់អាចកែ​ប្រែ​ខ្លួនគាត់ទៅក្នុងបរិយាកាសដែលផ្លាស់ប្តូរ ហើយដូចយើងដឹងហើយថា សត្វប្រភេទនេះបានផុតពូជរាប់លានឆ្នាំមកហើយ វាចាញ់ទាំង​សត្វ​ស្រមោចដែលតូច តែអាចរស់បានរហូតដល់ឥឡូវ»។

លោក ចំរើនឬទ្ធិ ក៏បានផ្សារភ្ជាប់ជាមួយស្ថានការណ៍បច្ចុប្បន្ន ដែលជាដំណាក់កាលនៃភាពវឹកវររបស់សេដ្ឋកិច្ចទូទាំងពិភពលោក ក្នុងនោះ​កំណើន​សេដ្ឋកិច្ចនៅកម្ពុជាក៏បានថយចុះប្រមាណ ៣ភាគរយដែរ។ លោកបន្តថា យើងមិនអាចបិទបញ្ចប់​ការឆ្លងជំងឺនេះបានដោយ​ងាយៗ​នោះទេ ហេតុនេះហើយអ្វីដែលយើងអាចធ្វើបានគឺព្យាយាមសម្របខ្លួនជាមួយកូវីដ ដោយប្រើប្រព័ន្ធអនឡាញជាជំនួយក្នុងការរកស៊ីវិញ។

ជាចុងក្រោយ លោកក៏បានផ្ដល់ជាដំបូន្មានដល់យុវជនជំនាន់ក្រោយ ឲ្យគួរចៀសពីការដេកស្រមៃ ផ្ដេកផ្តួលលើព្រហ្មលិខិត ដោយអារម្មណ៍​រវើរវាយ។ លោកនិយាយបែបនេះ​ក៏ព្រោះតែលោកឃើញថាយុវជនភាគច្រើនសព្វថ្ងៃចូលចិត្តស្រមើស្រមៃជ្រុល ដែលនេះហើយជាឧបសគ្គ​មួយរារាំងយុវជនក្រោយៗមិនឲ្យហ៊ានប្ដេជ្ញាចិត្តធ្វើអ្វីដោយខ្លួនឯង។

លោក ចំរើនឬទ្ធិ ជាអ្នកជំនួញដែលប្រឡូកក្នុងវិស័យរកស៊ីជាង៣០ឆ្នាំ ដែលជារយៈពេលដ៏យូរគ្រប់គ្រាន់ធ្វើឲ្យលោកយល់​ពីវិស័យ​នេះ​ច្បាស់។ មិនត្រឹមតែប៉ុណ្ណោះ លោកមានបំណងចូលនិវត្តនៅប៉ុន្មានឆ្នាំខាងមុខ​ និងមានចិត្តចង់បណ្ដុះបណ្ដាលអ្នករកស៊ីជំនាន់ក្រោយ​ឲ្យ​យល់​ដឹងពីអ្វីដែលគួរ នឹងមិនគួរធ្វើក្នុងការចាប់ផ្ដើមអាជីវកម្ម៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner