អ្នកបើកបរត្រីចក្រយានយន្តចំនួន២៥០គ្រឿង ទទួលបានអំណោយសប្បុរសធម៌ពីក្រុមហ៊ុនទឹកពិសាវីតាល់ និងមីជាតិ
ដោយមើលឃើញនៃការរីករាលដាលនៃជំងឺកូវីដ១៩ ក៏ដូចជាដើម្បីចូលរួមជំរុញការប្រយុទ្ធប្រឆាំងនឹងជំងឺមួយនេះ ក្រុមហ៊ុនមីជាតិ បានរៀបចំយុទ្ធនាការចុះចែកម៉ាស់ អាកុលលាងដៃ និងមីជាតិ ទៅកាន់អ្នកបើករ៉ឺម៉ក់កង់បី នៅទីក្រុងរណបអភិវឌ្ឍបឹងកក់ ក្រោមប្រធានបទ៖ “សុវត្ថិភាពខ្ញុំ សហគមន៍ខ្ញុំ” នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។
យុទ្ធនាការណ៍នេះ ប្រព្រឹត្តទៅដោយមានការចែកជូនជាសម្ភារៈថែរក្សាអនាម័យ និងមីជាតិ ទៅកាន់អ្នកបើករ៉ឺម៉ក់កង់បី ចំនួនប្រមាណ ២៥០នាក់ នៅក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមសម្រួលដល់ការលំបាក និងជាចំណែកផ្តល់សុវត្ថិភាព និងសុខុមាលភាពដល់អ្នកបើកបរត្រីចក្រយានយន្ត ដែលកំពុងតែមានវិបត្តិផ្នែកជីវភាព ក្នុងកំឡុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ ជាពិសេស គឺលើកកម្លាំងចិត្តទៅដល់ពួកគាត់ក្នុងប្រកប របររកទទួលទាន ដោយសុវត្ថិភាព និងចៀសផុតពីជំងឺកូវីដ១៩ ។

លោក ជា ម៉េងគួង តំណាងនាយកដ្ឋានទីផ្សារ នៃក្រុមហ៊ុនមីជាតិ បានមានប្រសាសន៍ថា “អ្នកបើករ៉ឺមឺកកង់បី គឺជាក្រុមមនុស្សដែលប្រឈមនិងហានិភ័យខ្ពស់ ចំពោះសុខភាពដោយផ្ទាល់ និងប្រយោល ព្រមទាំងកំពុងជួបការលំបាកខ្លាំងដល់ផ្នែកជីវភាព និងសុខមាលភាពរបស់ពួកគាត់ និងគ្រួសារទៀតផង។
លោកបានបន្តថា “នៅក្នុងកាលៈទេសៈនេះ មានតែខ្លួនយើងទេ ដែលអាចការពារខ្លួនយើងពីស្ថានការណ៍ដ៏លំបាកនេះ ដូចទៅនឹងប្រធានបទនៅថ្ងៃនេះ “សុវត្ថិភាពខ្ញុំ សហគមន៍ខ្ញុំ” គឺ ដើម្បីសុវត្ថិភាពខ្លួនយើង ដើម្បីក្រុមគ្រួសារ និងសហគមន៍របស់យើង យើងគប្បីប្រកាន់ភ្ជាប់នូវវិធានការការពារ ៣ការពារ និង៣កុំ ឲ្យបានជាប់ជាប្រចាំ”។
“សុវត្ថិភាពខ្ញុំ សហគមន៍ខ្ញុំ” ជាសារដាស់តឿនដល់ប្រជាជនកម្ពុជាឲ្យអនុវត្តយ៉ាងចិត្តទុកដាក់ចំពោះវិធានការប្រយុទ្ធប្រឆាំង កូវីដ១៩ ស្របទៅតាមគោលការណ៍របស់ក្រសួងសុខាភិបាល។ ៣ការពារ គឺការពារខ្លួនដោយពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ លាងសម្អាតដៃឲ្យបានញឹកញាប់ និងរក្សាគម្លាតក្នុងការទំនាក់ទំនង។ ចំនែក ៣កុំ គឺកុំចូលកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំទៅកន្លែងមានមនុស្សច្រើនកុះករ ឬប្រើម៉ាស៊ីនត្រជាក់ច្រើនពេក និងកុំប៉ះពាល់គ្នា ចាប់ដៃ កៀកស្មាគ្នា ឬុឱបគ្នាជាដើម ។

ក្រុមហ៊ុនមីជាតិ ជាក្រុមហ៊ុនផលិតមីកញ្ចប់ក្នុងប្រទេសកម្ពុជា ផលិតឡើងស្របតាមបទដ្ឋានអន្តរជាតិ និងប្រកបដោយគុណភាពខ្ពស់ជាមួយនឹងម៉ាស៊ីន និងបច្ចេកទេសទំនើបចុងក្រោយរបស់ប្រទេសជប៉ុន។ ក្នុងកាលៈទេសៈនេះ ក្រុមហ៊ុនមីជាតិសូមអំពាវនាវឲ្យប្រជាជនកម្ពុជាយកចិត្តទុកលើសុខភាព និងរក្សាអនាម័យឲ្យបានជាប់ជានិច្ច ដើម្បីការពារខ្លួនពីជំងឺកូវីដ១៩។ មីជាតិ សូមបួងសួងឲ្យកម្ពុជាចៀសផុតពីស្ថានភាពដ៏លំបាកមួយនេះ ៕






