រដ្ឋាភិបាលកម្ពុជាកំពុងចរចាទិញវ៉ាក់សាំង Sinovac ប្រមាណ4លានដូសពីមហាមិត្តចិនបន្ថែមទៀត

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងចរចាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-19 ប្រភេទ Sinovac ប្រមា​ណ​4លានដូសបន្ថែមទៀត ពីភាគីចិន ដើម្បីចាក់ជូនប្រជាពលរដ្ឋឥតគិតថ្លៃតាមផែនការ។ រាជរដ្ឋាភិបាលកម្ពុជា មានគម្រោងចាក់ជូនប្រជាពលរដ្ឋឱ្យបានរហូតដល់ជាង 10លាននាក់ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-19 ប្រកបដោយប្រសិទ្ធភាព និងស្តារសេដ្ឋកិច្ចដែលរងផលប៉ះពាល់ឡើងវិញ។

ដូចការប្រៀងទុក ដោយនៅត្រឹមព្រឹកថ្ងៃសុក្រ ទី26 ខែមីនា ឆ្នាំ2021នេះ វ៉ាក់សាំងកូវីដ-19ស៊ីណូវ៉ាក់ (Sinovac) របស់ចិនចំនួន 1.5លានដូស បានដឹកមកដល់ប្រទេសកម្ពុជាហើយ ដូចដែលប្រសាសន៍សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្កើនការចាក់ជូនប្រជាពលរដ្ឋក្នុងបេសកកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ-19។

ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ថា៖ «បើនិយាយពីធនធានថវិកាសម្រាប់ទិញវ៉ាក់សាំង ដូចជាមិនចោទទេសម្រាប់កម្ពុជា។ យើងជាប្រទេសក្រ ប៉ុន្តែយើងមានលទ្ធភាពទិញគ្រប់គ្រាន់។ បញ្ហាចោទសម្រាប់យើង គឺតើមានវ៉ាក់សាំងទិញ ឬអត់? នេះជាបញ្ហារួមរបស់ពិភពលោក និងកម្ពុជា។ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ យើងអាចរៀបចំផែនការមួយ ទាក់ទងដៃគូផ្សេងៗ យើងអាចធានាថា មានវ៉ាក់សាំងមកជាហូរហែ រហូតដល់ដាច់ឆ្នាំនេះ មិនតិចជាង10លានដូសទេ»។

វ៉ាក់សាំង Sinovac ដែលផលិតដោយក្រុមហ៊ុនចិន Sinovac Biotech មានតម្លៃ10ដុល្លារក្នុង   1ដូស។ វាមានលក្ខខណ្ឌប្រើប្រាស់ និងប្រសិទ្ធភាពមិនខុសប្លែកពីវ៉ាក់សាំង ស៊ីណូហ្វាម​ (Sinopharm)​ នោះទេ ហើយជីវិតវ៉ាក់សាំងថ្មីនេះ អាចប្រើប្រាស់បានក្នុងរយៈពេល36ខែ ប៉ុន្តែក្រុមហ៊ុនណែនាំឱ្យចាក់ក្នុងរយៈពេល6ខែ ដើម្បីកាន់តែទទួលបានប្រសិទ្ធភាព។

ដើម្បីសម្រេចផែនការនេះ កម្ពុជាបានដាក់ចេញផែនការ និងកំពុងស្វះស្វែងរកវ៉ាក់សាំងជាបន្តបន្ទាប់ទៀតតាមរយៈប្រទេសជាមិត្ត និងតាមរយៈយន្តការខូវ៉ាក់​ (Covax)។ ក្រៅពីវ៉ាក់សាំង Sinovac ដែលទើបមកដល់1.5លានដូសនេះ តាមការគ្រោងទុកវ៉ាក់សាំងស៊ីណូហ្វាម (Sinopharm)ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ចំនួន70ម៉ឺនដូសទៀត (30ម៉ឺនដូសសម្រាប់ក្រសួងការពារជាតិ និង40ម៉ឺនដូស សម្រាប់ក្រសួងសុខាភិបាល) នឹងមកដល់កម្ពុជា នាពេលខាងមុខនេះផងដែរ។

រហូតមកដល់ពេលនេះ កម្ពុជាទទួលបាននូវវ៉ាក់សាំងបីប្រភេទផ្សេងគ្នា៖ ទី1- វ៉ាក់សាំង Sinopharm, ដែលបានមកដល់កម្ពុជាចំនួន6សែនដូស តាំងពីថ្ងៃទី7 ខែ កុម្ភៈ ឆ្នាំ 2021 ទី2-វ៉ាក់សាំង Covishield របស់ក្រុមហ៊ុន AstraZeneca ពីយន្តការកូវ៉ាក់ (COVAX Facility) កាលពីថ្ងៃទី2 ខែ មីនា ឆ្នាំ2021 កន្លងទៅចំនួន 324,000 ដូស និងទី3-វ៉ាក់សាំង SINOVAC ចំនួន 1.5លានដូស ដែលទទួលនៅថ្ងៃទី26 ខែមីនានេះ។

ឯកឧត្តម វង្សី វិស្សុត បានបញ្ជាក់ថា ប្រសិនពុំមានអ្វីប្រែប្រួលទេ វ៉ាក់សាំង Sinopharm ចំនួន4សែនដូសបន្ថែមទៀត ដែលជាជំនួយរបស់ភាគីមិត្តចិន ជំហានទី2 ក្នុងក្របខ័ណ្ឌអំណោយ1លានដូស នឹងមកដល់កម្ពុជា នៅថ្ងៃទី 31 ខែ មីនានេះ។ ដោយឡែក ចំពោះវ៉ាក់សាំង Covishield បន្ថែមមួយចំនួនទៀត សម្រាប់ជំហានទី2 ដែលជាជំនួយពីយន្តការកូវ៉ាក់ (COVAX Facility) ក៏នឹងមកដល់កម្ពុជា ក្នុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះផងដែរ។

វ៉ាក់សាំងពីប្រភពទាំង2 ខាងលើ បូករួម ជាមួយវ៉ាក់សាំងបានពីការទិញផ្ទាល់ពី Sinopharm និង SINOVAC ក៏ដូចជាវ៉ាក់សាំង Covishield ឬ AstraZeneca ដែលផលិតនៅឥណ្ឌា កំពុងធ្វើការចរចាទិញផងដែរ នឹងមកដល់កម្ពុជាជាបន្តបន្ទាប់ទៀត ស្របទៅតាមផែនការចាក់វ៉ាក់សាំងរបស់កម្ពុជា។

ឯកឧត្តម វង្សី វិស្សុត បានថ្លែងទៀតថា វ៉ាក់សាំង គឺជាមធ្យោបាយដោះស្រាយជាយុទ្ធសាស្ត្រ និងជាគន្លឹះមួយ គួបផ្សំជាមួយនឹងការ អនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការ «3 ការពារ និង3កុំ» សម្រាប់ការពារអាយុជីវិតប្រជាជន និងទប់ទល់នឹងការរាតត្បាតជំងឺកូវីដ-19 ព្រមទាំងសម្រាប់ជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចជាតិ ពិសេសស្តារជីវភាពរស់នៅជាប្រក្រតីរបស់ប្រជាជនឡើងវិញបានឆាប់រហ័ស៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner