ក្រុមហ៊ុនមួយគ្រោងនឹងបោះទុនជាង១ពាន់២០០លានដុល្លារ លើគម្រោងរោងចក្រផលិតថាមពលអគ្គិសនីប្រើដោយធ្យូងថ្មនៅខេត្តព្រះសីហនុ

គណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ដល់ក្រុមហ៊ុនចំនួន៥ ដើម្បីអាចវិនិយគនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងចំណោមគម្រោងទាំង៥នោះ មានគម្រោងមួយរបស់ ក្រុមហ៊ុន HUADIAN SIHANOUKVILLE POWER GENERATION CO., LTD លើគម្រោងរោងចក្រផលិតថាមពលអគ្គិសនីប្រើដោយធ្យូងថ្ម អានុភាព ៧០០មេហ្កាវ៉ាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុទី១ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ គម្រោងនឡ មានទុនវិនិយោគប្រមាណ១ពាន់២៨៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥២០កន្លែង។

ជាមួយគ្នានោះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ដល់ក្រុមហ៊ុនចំនួន៤ទៀតរួមមាន ក្រុមហ៊ុន ISLAND LABORATOIRE CO., LTD. លើគម្រោងបង្កើតរោងចក្រផលិតឱសថ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៦លាន៣សែនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៦០កន្លែង។ ក្រុមហ៊ុន FANG HUA POLYURETHANE MATERIAL (CAMBODIA) CO., LTD លើ គម្រោងបង្កើតរោងចក្រផលិតអេប៉ុងស៍ ខ្នើយ គ្រែសាឡុងពូក និងគ្រឿងសង្ហារឹម ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤២០កន្លែង។

ក្រុមហ៊ុន HERBA (CAMBODIA) CO., LTD លើគម្រោងបង្កើតរោងចក្រកែច្នៃ និងវេចខ្ចប់ផលិតផលកសិកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ, មានទុនវិនិយោគប្រមាណ ៣លាន៦សែនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១២០កន្លែង និង ក្រុមហ៊ុន Y.T PLASTIC CO., LTD លើគម្រោងរោងចក្រផលិតសម្ភារៈអគ្គិសនី អំពូលភ្លើង និងគ្រឿងបង្គុំអំពូលគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសសានដុង សាន់សែល ស្វាយរៀង, មានទុនវិនិយោគប្រមាណ ៥លាន៨សែនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩៣០កន្លែង។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner