ឪពុកម្តាយ និងសាច់ញាតិទ្រហោយំពេញផ្ទះ ខណៈកូនប្រុសស្រី៣នាក់លង់ទឹកស្លាប់ស្ទឹងព្រែកត្នោត ខណ្ឌដង្កោ

ភ្នំពេញ ៖ ឪពុកម្តាយនិងជីដូនជាប់រវល់ទៅបុណ្យសព៧ថ្ងៃសាច់ញាតិ ស្រាប់តែអ្នកជិតខាងខលប្រាប់ថា កូនប្រុសស្រី៣នាក់បានលង់ទឹកស្លាប់ក្នុងដងស្ទឹងព្រែកត្នោត កាលពីវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅដងស្ទឹងព្រែកត្នោត ក្នុងភូមិអង្លង់គងថ្មី សង្កាត់ព្រៃសរ ខណ្ឌដង្កោ និងធ្វេីឲ្យមានការភ្ញាក់ផ្អេីលជាខ្លាំង ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ កុមាររងគ្រោះទាំង៣រួមនិងក្មេងប្រុសម្នាក់ទៀតបានបបួលគ្នាទៅរកត្រីនៅចំណុចក្នុងស្ទឹងព្រែកត្នោត ខណ:ក្មេងប្រុសម្នាក់បានលង់លេចចូលក្នុងទឹកបាត់ រួចក៏មានក្មេងប្រុសស្រីទាំង២នាក់ទៀតបានលង់តាមក្រោយ ។ ចំណែកក្មេងប្រុសម្នាក់ដែលនៅរស់បានរត់មកប្រាប់អ្នកភូមិឲ្យទៅជួយតែជាអកុសលក្មេងប្រុសស្រីទាំង៣នាក់បានស្លាប់បាត់ទៅហើយ។

សពកុមាររងគ្រោះទាំង៣នាក់រួមមាន ៖ ទី១ ឈ្មោះ សៀ ស្រីនួន ភេទស្រី អាយុ៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិសេរីដីដុះ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ទី២ ឈ្មោះ ប៉ាក់ សាវុធ ភេទប្រុស អាយុ៨ ឆ្នាំ មុខរបរសិស្ស ស្នាក់ជាមួយគ្នា ។ និងទី៣ ឈ្មោះ លៀង ចិត្តា ភេទប្រុស អាយុ៨ឆ្នាំ មុខរបរសិស្សស្នាក់នៅជាមួយគ្នា។

បេីតាមការរៀបរាប់ពីក្រុមគ្រួសារសាច់ញាតិកុមាររងគ្រោះទាំង៣នាក់បានប្រាប់ទាំងក្ដុកក្ដួលថា នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ ពួកគាត់បានទៅចូលរួមបុណ្យសព៧ថ្ងៃក្មួយនៅសង្កាត់ព្រៃសរ ស្រាប់តែនៅវេលាម៉ោង១រសៀលមានអ្នកជិតខាងបានតេប្រាប់ថាចៅៗនិងកូន៣នាក់បានលង់ទឹកស្ទឹងស្លាប់បាត់ទៅហើយ ពេលទទួលបានដំណឹងនេះភ្លាមពួកគាត់ស្លុតចិត្តជាខ្លាំងហើយក៏ប្រញាប់រួសរាន់មកផ្ទះ ស្រាប់តែឃើញកូនៗចៅៗដេកស្លាប់បាត់អស់ទៅហើយ។

ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុនិងរាយការណ៏បន្តទៅកាន់មន្ត្រីជំនាញការិយាល័យកោសល្យវិច័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកពិនិត្យសពនៅកន្លែងកើតហេតុ បន្ទាប់ពីសមត្ថកិច្ចជំនាញបានពិនិត្យសពកុមាររងគ្រោះទាំង៣នាក់រួច សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ក្មេងប្រុសស្រីទាំងនាក់ខាងលើនេះពិតជាលង់ទឹកស្លាប់ពិតប្រាកដមែន ហើយសពសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ដោយ ៖ ភារ៉ា និងឆៃហួត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner