បុរសម្នាក់ជិះម៉ូតូគេចពីសត្វគោជ្រុលទៅបុករថយន្ដ ដែលធ្វេីដំណេីរបញ្ច្រាស់គ្នា បណ្ដោយឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង
ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកេីតឡេីង ខណៈបុរសម្នាក់ជិះម៉ូតូគេចពីសត្វគោ កំពុងដេីរឆ្លងផ្លូវ ក៏ជ្រុលទៅបុក និងរថយន្ដដែលធ្វើដំណើរបញ្ច្រាស់គ្នា បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងបង្កឲ្យមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋ ទាំងសមត្ថកិច្ចកាលពីម៉ោង០៩ និង៣០នាទីយប់ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូ៥១ ក្នុងសង្កាត់សំរោងក្រោម ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ជនរងគ្រោះដែលស្លាប់មានឈ្មោះ ទឹម ជូរ ភេទប្រុស អាយុ៥៥ឆ្នាំ មានស្រុកកំណើតនៅភូមិទូរីក្រោម ឃុំទូរី ស្រុកស្រីសន្ធរ ខេត្តកំពង់ឆ្នាំង។
បេីយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក MD ពាក់ស្លាកលេខភ្នំពេញ1HD-3123 ធ្វើដំណើរតាមបណ្ដោយផ្លូវ៥១ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ខណៈពេលនោះក៏មានគោមួយក្បាលបានដើរឆ្លងថ្នល់ ហេីយបុរសរងគ្រោះខាងលេីក៏គេចពីស្វតគោ រួចក៏ទៅបុកជាមួយរថយន្ដម៉ាក កាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BD-4223 ដែលធ្វើដំណើរទិសដៅបញ្រ្ចាស់គ្នា បណ្ដាលឲ្យម្ចាស់ម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងទាក់ទងទៅជំនាញចរាចរណ៍មកធ្វើការវាស់វែងយកម៉ូតូ និងរថយន្ដ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ។ រីឯសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វេីកំណត់ហេតុរួចប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕
ដោយ៖ ភារ៉ា