ក្រសួងសុខាភិបាល និង ក្រសួងបរិស្ថាន រួមគ្នាប្រឆាំងជម្ងឺគ្រុនចាញ់
ក្រសួងសុខាភិបាល និងក្រសួងបរិស្ថាន បានរួមគ្នាប្រយុទ្ធនឹងជំងឺគ្រុនចាញ់ នៅតាមតំបន់ការពារធម្មជាតិ គ្រាដែលរដូវភ្លៀងចូលមកដល់។ ជំងឺគ្រុនចាញ់ គឺជាជម្ងឺដែលឆ្លងពីប្រភពមូសដែកគោលខាំ។ នៅប្រទេសកម្ពុជា ជំងឺគ្រុនចាញ់តែងកើតឡើងនៅរដូវវស្សា ហើយភាគច្រើនកើនឡើងនៅតំបន់ ដែលមានព្រៃច្រើនសំបូរ មូស ដែកគោល ដូចជា ខេត្តរតនៈគិរី មណ្ឌលគិរី កំពង់ចាម ព្រះវិហារ ប៉ៃលិននិងពោធិ៍សាត់ជាដើម។
ក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី៥ឧសភា បានទទួលពីមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ នៃក្រសួងសុខាភិបាល រួមមានមុងជ្រលក់ ថ្នាំចំនួន៣ពាន់មុង, ថ្នាំព្រូនប្រភេទមេបង់ដាហ្សូលចំនួន២០កំប៉ុង និងថ្នាំ អាប៊ែតចំនួន១បាវ ស្មើ២០គីឡូក្រាម។ សម្ភារៈ និងថ្នាំពេទ្យទាំងអស់នោះ គឺជាកិច្ចសហការរួមគ្នា រវាងក្រសួង បរិស្ថាន និង ក្រសួងសុខាភិបាល ដើម្បីរួមចំណែកលុបបំបាត់ជំងឺគ្រុនចាញ់ និងដង្កូវព្រូនដល់មន្រ្តីឧទ្យានុរក្ស និង ប្រជាសហគមម៍នៅតាមតំបន់ការពារធម្មជាតិនៅទូទាំងប្រទេស ដែលងាយប្រឈមនិងជំងឺគ្រុនចាញ់។ កម្ពុជា រំពឹងថាអាចនឹងឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងឆ្នាំ២០២៥។