មន្ទីរបរិស្ថានឧត្តរមានជ័យ អំពាវនាវពលរដ្ឋបញ្ឈប់ការប្រមាញ់សត្វព្រៃ
មន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ បានអំពាវនាវប្រពលរដ្ឋសូមបញ្ឈប់ការបរបាញ់ និងបរិភោគសាច់សត្វព្រៃ។ ការបរិភោគសាច់សត្វព្រៃ ត្រូវគេរាយការណ៍ថា គឺជាការគាំទ្រឱ្យមានការប្រព្រឹត្តសកម្មភាពខុសច្បាប់ តាមរយៈ ការសម្លាប់សត្វព្រៃ ដូចជាការដាក់អន្ទាក់ ការបរបាញ់ និងការបំពុល ជាដើម ។ នៅថ្ងៃទី៦ឧសភា ឆ្នាំ២០២០ មន្ដ្រីឧទ្យានុរក្សរនៃមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ បានចុះល្បាតទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិ ដើម្បីធានាបាននូវការការពារនិងអភិរក្សជីវៈចម្រុះ បានជួបប្រទះឃើញសត្វជ្រូកព្រៃ១ក្បាល កំពុងជាប់អន្ទាក់ ដែលជនសង្ស័យលួចដាក់។ មន្ត្រីឧទ្យាននុរក្ស បានធ្វើការដោះលែង ឱ្យសត្វជ្រូកព្រៃនោះមានសេរីភាពវិញ ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន ចំណុចខាងលិចចំការស្វាយ ស្ថិតក្នុងភូមិថ្មី ឃុំត្រពាំងតាវ នៃស្រុកអន្លង់វែង។ យោងតាមច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ មាត្រា ៥៨ ជនណា ចាប់ ដាក់អន្ទាក់ ប្រមាញ់ បំពុល ឬប្រមូលពង កូនសត្វព្រៃគ្រប់ប្រភេទ ត្រូវទទួលការពិន័យអន្តរការណ៍ជាប្រាក់ ចំនួនពី ដប់ម៉ឺនរៀល ដល់មួយលានរៀល បន្ថែមលើសំណងនៃការខូចខាតធនធានធម្មជាតិ។