ឯកឧត្តម ងិន ឃន បានចែកអង្ករ គ្រឿងឧបភោគ-បរិភោគជូនដល់គ្រួសារក្រីក្រ ចាស់ជរា ស្រ្តីមេម៉ាយនិងជនងាយរងគ្រោះ ចំនួន៣០០នាក់ នៅតាមបណ្តាសង្កាត់ទាំង១០ ក្នុងក្រុងបាត់ដំបង
ឯកឧត្តម ងិន ឃន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង និងជា ប្រធានក្រុមការងារគណៈពង្រឹងមូលដ្ឋានក្រុងបាត់ដំបង ដោយបានធ្វើការក្រើនរំលឹកដល់បងប្អូន ប្រជាពលរដ្ឋក្រីក្រ ជួបនូវការលំបាកខ្លាំង ដែលមកទទួលអំណោយមនុស្សធម៌ពីក្រុមការងារគណបក្សថា៖ស្ថិតក្នុងស្ថានភាពជម្ងឺ កូវីដ-19នៅមិនទាន់ធូរស្រាលនៅលើពិភពលោកនិងពីបណ្តាប្រទេសជិតខាងក៏ដោយ។ជាពិសេសនៅកម្ពុជាយើង ក៏នៅមិនទាន់ជាសះស្បើយអស់នៅឡើយដែរ ដូចនេះ សូមបងប្អូនអុំពូមីង ក្មួយៗ មិនត្រូវធ្វេសប្រហែសក្នុងការការពារនូវមេរោគរាតត្បាតដ៏សាហាវ នេះឡើយ។ ហើយមកទល់ពេលនេះ ក៏នៅមិនទាន់មានវ៉ាក់សាំងសម្រាប់ចាក់ការពារមេរោគនេះបាននៅឡើយដែរ។អ្វីដែលបងប្អូនត្រូវប្រកាន់ឲ្យខ្ជាប់ខ្ជួននោះ គឺការធ្វើអនាម័យជាប្រចាំក្នុងការលាងសម្អាតដៃ ជាមួយសាប៊ូ អាល់កុលនិងជែលដើម្បីសុខភាពអាយុជីវិតផ្ទាល់ខ្លួនម្នាក់ៗនិងដើម្បីបញ្ចៀសបានពីការឆ្លង និងការចម្លង នូវមេរោគកូវីដ-19 នេះ។
ការលើកឡើងបែបនេះ គឺនៅក្នុងឱកាសដែលឯកឧត្តមប្រធានគណៈពង្រឹងមូលដ្ឋានក្រុងបាននាំអំណោយជាស្បៀងអាហារ រួមមាន៖អង្ករ មី សាប៊ូ ក្រមា ទឹកត្រី-ទឹកស៊ីអ៊ីវនិងថវិកាមួយចំនួនដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោមសខេងតាមរយៈឯកឧត្តមផ្ទាល់ និងវត្តមានចូលរួមពីឯកឧត្តម សៀង ស៊ុតថង អ្នកតំណាងរាស្ត្រ ខេត្តបាត់ដំបង ព្រមទាំងថ្នាក់ដឹកនាំអាជ្ញាធរក្រុងនិងរដ្ឋបាលមូលដ្ឋានគ្រប់ថ្នាក់ បាននាំយកអំណោយមនុស្សធម៌ខាងលើនេះ ជូនដល់ប្រជាពលរដ្ឋរស់នៅតាមបណ្តាសង្កាត់ទាំង១០ដែលក្នុងមួយសង្កាត់ៗ ចំនួន៣០នាក់ ដែលមានជីវភាពក្រីក្រ និងខ្វះខាត ខ្លាំងជាងគេ សរុបចំនួន៣០០នាក់ ដោយម្នាក់ៗទទួលបាននូវ៖ អង្ករ ១០គ.ក្រ មី៥កញ្ចប់ សាប៊ូ ទឹកត្រីទឹកស៊ីអ៊ីវ ក្រមា និងថវិកា ១ម៉ឺនរៀល ពីឯកឧត្តមអ្នកតំណាងរាស្ត្រ និងជាប្រធានក្រុមគណបក្សចុះពង្រឹងមូលដ្ឋានក្រុងបាត់ដំបង នៅព្រឹក ថ្ងៃទី០៦ខែឧសភា ឆ្នាំ២០២០នេះ។
លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានថ្លែងអំណរគុណ ចំពោះទឹកចិត្តមនុស្សធម៌របស់ សម្តេចក្រឡាហោម ស ខេង ប្រធានក្រុមការងារចុះជួយខេត្តបាត់ដំបង និងតាមរយៈឯកឧត្តម ងិន ឃន ជាប្រធានក្រុមការងារគណបក្សចុះជួយក្រុងនិង ឯកឧត្តមអនុប្រធានព្រមទាំងថ្នាក់ដឹកនាំមួយចំនួនទៀត ដែលតែងតែបានយកចិត្តទុកដាក់ផ្តល់នូវអំណោយមនុស្សធម៌ជាបន្តបន្ទាប់ ក្នុងការជួយសម្រាលនូវការលំបាករបស់បងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលកំពុងជួបការលំបាកខ្លាំង ដូចជាៈចាស់ជរា ស្ត្រីមេម៉ាយនិងបងប្អូនប្រជាពលរដ្ឋដែលបានវិលត្រឡប់មកពីប្រទេសជិតខាង និងកំពុងតែបាត់បង់ការងារព្យួរការងារជាដើម ដោយសារតែវិបត្តិជា
សាកលពីការរាតត្បាតការឆ្លងនិងការចម្លងមេរោគកូវីដ-១៩កន្លងមក បានធ្វើឲ្យប្រជាពលរដ្ឋបងប្អូនមួយចំនួនមានការលំបាកខ្វះខាតជីវភាពប្រចាំថ្ងៃ។
ឯកឧត្តម ងិន ឃន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង បានថ្លែងសង្កត់ធ្ងន់ទៀតថា៖ ជានិច្ចជាកាល និងគ្រប់កាលៈទេសៈ ដែលបងប្អូនជួបប្រទះការលំបាក គឺមានតែគណបក្សប្រជាជននិងក្រុមការងារទាំងថ្នាក់ជាតិនិងគណបក្ស តែងតែជួយដោះស្រាយនូវបញ្ហានិងការលំបាកជូនដល់បងប្អូន និង ឆ្លើយតបបានទាន់ពេលវេលា ដោយមិនប្រកាន់នូវនិន្នាការនយោបាយឬព៌ណសម្បុរអ្វីឡើយ។ហើយបើទោះបីពេលនេះ អំណោយទាំងនេះតិចតួចក៏ពិតមែន តែវាបានជួយសម្រាលដល់ការលំបាករបស់បងប្អូនបានមួយគ្រាផងដែរ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )