លោក អែមម៉ានុយអ៊ែល ម៉ាក្រុង និយាយថា បារាំងនឹងរឹតត្បិតការធ្វើដំណើរទៅក្រៅប្រទេស សំដៅជៀសវាងរលកថ្មីនៃការឆ្លង COVID-19

អត្ថបទដោយ៖
Kien Sereyvuth

បារាំង៖ ពលរដ្ឋបារាំងនឹងត្រូវចំណាយពេលឈប់សម្រាករដូវក្ដៅនៅក្នុងលំនៅដ្ឋាន ខណៈការធ្វើដំណើរកម្សាន្តអន្តរជាតិ និង ការធ្វើដំណើរក្នុងតំបន់អឺរ៉ុប ទំនង ជាត្រូវរឹតត្បិតក្នុងបំណងគេចចេញពីរលកថ្មីនៃការឆ្លងវីរុស COVID-19 នេះបើតាមការបញ្ជាក់របស់ប្រធាធិបតីបារាំងលោក អែមម៉ានុយអ៊ែល ម៉ាក្រុង និងត្រូវបានចុះផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ ។

ជាមួយគ្នានេះលោក ម៉ាក្រុង បានអះអាងថា វាដូចជាលឿនពេកដែលត្រូវនិយាយថា តើយើងអាចឈប់សម្រាកលំហែកាយបានដែរឬទេ… តែអ្វីដែលខ្ញុំអាចប្រាប់អ្នកទាំងអស់គ្នាបាននោះ គឺយើងនឹងរឹតត្បិតលើការធ្វើដំណើរកម្សាន្តអន្តរជាតិ កំឡុងរដូវកាលឈប់សម្រាកនារដូវក្ដៅឆ្នាំនេះ។

បារាំងនឹងចាប់ផ្តើមដកចេញវិញនូវវិធានការបិទប្រទេស នៅថ្ងៃទី១១ ខែឧសភាខាងមុខ ដោយប្រជាជនបារាំងនឹងទទួលការអនុញ្ញាតអោយធ្វើដំណើរក្នុងចំងាយ១០០គីឡួម៉ែត្រជុំវិញផ្ទះរបស់ពួកគេ ដោយមិនចាំបាច់មានលិខិតអនុញ្ញាតឡើយ ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៦ ខែឧសភានេះ នៅទូទាំងប្រទេសអឺរ៉ុបមួយនេះ ចំនួនអ្នកឆ្លងជម្ងឺ COVID-19 សរុបកើនឡើងដល់១៧ម៉ឺន៥៥១នាក់ ក្នុងនោះស្លាប់២ម៉ឺន៥ពាន់៥៣១នាក់ និងជាសះស្បើយឡើងវិញសរុប៥ម៉ឺន២ពាន់៧៣៦នាក់ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner