អង់គ្លេសស្ថិតនៅលំដាប់ទី២ ជាប្រទេសមានអ្នកស្លាប់ដោយសារជម្ងឺ COVID-19 ច្រើនជាងគេលើពិភពលោក បន្ទាប់ពីសហរដ្ឋអាម៉េរិក
អង់គ្លេស៖ តួលេខសរុបនៃអ្នកស្លាប់ដោយសារវីរុស COVID-19 នៅទូទាំងចក្រភពអង់គ្លេស កើនឡើងដល់២ម៉ឺន៩ពាន់៤២៧នាក់ ខណៈតួលេខចុងក្រោយនេះ ធ្វើឱ្យអង់គ្លេសស្ថិតនៅលំដាប់ទី២ ជាប្រទេសមានអ្នកស្លាប់ច្រើនជាងអ៊ីតាលី និង បន្ទាប់ពីសហរដ្ឋអាម៉េរិក នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ ។
តួលេខរបស់រដ្ឋាភិបាលអង់គ្លេសបច្ចុប្បន្ន បានបង្ហាញពីចំនួនអ្នកស្លាប់២ម៉ឺន៩ពាន់៤២៧នាក់ ដោយចំនួននេះនៅតែខ្ពស់ជាងប្រទេសអ៊ីតាលី ដែលបាននិយាយកាលពីថ្ងៃអង្គារ៍នេះថា ខ្លួនបានកត់ត្រាចំនួនអ្នកស្លាប់ដោយសារវីរុសនេះ មានចំនួន២ម៉ឺន៩ពាន់៣១៦នាក់ ប៉ុន្តែចំនួននេះនៅឆ្ងាយពីសហរដ្ឋអាមេរិកដែលមានមនុស្ស៧ម៉ឺន២ពាន់២៧១នាក់បានស្លាប់ ដោយសារជំងឺរាតត្បាតនេះ ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី០៦ ខែឧសភានេះ នៅទូទាំងចក្រភពអង់គ្លេស ចំនួនអ្នកឆ្លងជម្ងឺ COVID-19 សរុបកើនឡើងដល់១៩ម៉ឺន៤ពាន់៩៩០នាក់ ក្នុងនោះអ្នកជម្ងឺស្លាប់២ម៉ឺន៩ពាន់៤២៧នាក់ និងជាសះស្បើយឡើងវិញនៅពុំទាន់មានការបញ្ជាក់នៅឡើយនោះទេ ៕ធ.ដ