រដ្ឋមន្រ្តីសុខាភិបាលជប៉ុននិយាយថា ជប៉ុននឹងប្រើថ្នាំជំងឺ អេបូឡា ដើម្បីព្យាបាលអ្នកជំងឺ COVID-19 នាពេលឆាប់ៗនេះ
ជប៉ុន៖ រដ្ឋមន្ត្រីសុខាភិបាលជប៉ុនលោក កាត់ស៊ូណូប៊ុ កាតុ បានបញ្ជាក់ថា ថ្នាំ រ៉េមដេស៊ីវា របស់ក្រុមហ៊ុនអាមេរិក ជីលីដ សាយអិន ដែលបង្កើតឡើងដើម្បីព្យាបាលជំងឺអេបូឡានោះ អាចនឹងទទួលបានការអនុញ្ញាតឱ្យយកទៅប្រើ ក្នុងការព្យាបាលលើអ្នកជំងឺ COVID-19 ក្នុងប្រទេសជប៉ុន កំឡុងកិច្ចប្រជុំត្រួតពិនិត្យមួយរបស់ ក្រសួងសុខាភិបាជប៉ុន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នេះបើតាមសារព័ត៌មានរ៉យទ័រ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ ។
ស្របពេលជាមួយគ្នានោះដែរ រដ្ឋមន្ត្រីសុខាភិបាលជប៉ុនរូបនេះ បានគូសបញ្ជាក់ថា ប្រសិនបើក្រុមប្រឹ ក្សាភិបាលរបស់ក្រសួងសុខាភិបាលយល់ព្រមនោះ រូបលោកមានគម្រោងអនុ ញ្ញាតឱ្យមានការព្យាបាលអ្នកជំងឺ COVID-19 ដែលមានសភាពធ្ងន់ធ្ងរ ដោយប្រើថ្នាំ រ៉េមដេស៊ីវា នេះនាពេលឆាប់ៗ ។
សូមរំលឹកថា ថ្នាំ រ៉េមដេស៊ីវា ទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់សម្រាប់ការព្យាបាលអ្នកជំងឺ COVID-19 កាលពីសប្ដាហ៍មុន ដោយទីភ្នាក់ងារចំណីអាហារ និងឱសថរបស់សហរដ្ឋអាមេរិក ហើយក្រុមហ៊ុន Gilead បានស្នើសុំការអនុញ្ញាតឲ្យប្រើប្រាស់វានៅក្នុងប្រទេសជប៉ុន កាលពីថ្ងៃចន្ទកន្លងទៅនេះ ៕ធ.ដ