ករណីកូវីដ១៩៖ ថៃ សាលារៀននីមួយៗត្រូវសម្រេចចិត្តដោយខ្លួនឯងថា គួរបើកទ្វារវិញឬអត់
ថៃ៖ ស្របពេលដែលស្ថានភាពជំងឺកូវីដ១៩ក្នុងប្រទេសថៃទំនងជាស្ថិតក្រោមការគ្រប់គ្រងបានពេលនេះ ការិយាល័យគណៈកម្មការអប់រំមូលដ្ឋាន ហៅកាត់ថា Obec បានសម្រេចចិត្តឲ្យសាលារៀននីមួយៗសម្រេចចិត្តដោយខ្លួនឯងថា តើគួរតែបើកទ្វារសាលាឡើងវិញ នៅថ្ងៃទី១ កក្តដា ខាងមុខនេះ ឬ បន្តរៀនតាមអនឡាញ និងទូរទស្សន៍ពីចម្ងាយ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានបាងកកប៉ុស្តិ៍ នៅថ្ងៃទី៦ ឧសភា។
អគ្គលេខាធិការ Obec គឺលោក Amnat Wichayanuwat បាននិយាយថា« មានសាលារៀននៅតំបន់ដាច់ស្រយាល ជនបទនិងជាយក្រុង។ ចាប់តាំងពីយើងជឿថា ភាគីតែមួយមិនអាចបំពេញចិត្តបានគ្រប់គ្នាទេ យើងសម្រេចឲ្យសាលារៀននីមួយៗ សម្រេចចិត្តដោយខ្លួនឯង ដោយត្រូវធានាសុវត្ថិភារបស់សិស្ស»
លោក Amnat ថា សាលារៀនដែលចង់បើកទ្វារឡើងវិញ ត្រូវតែទទួលបានការអនុញ្ញាតជាបឋមពីបណ្តាអភិបាលខេត្ត។
ជាងនេះទៀត សាលារៀនត្រូវតែបង្កើតឲ្យមានការស្កេនកំដៅរាងកាយ និងត្រូវប្រកាន់ខ្ជាប់វិធានអនាម័យ ពាក់ម៉ាស់ និងលាងដៃញឹកញាប់។ បើយោងតាមក្រសួងអប់រំ លោក បានឲ្យដឹងថា សកម្មភាពខាងក្រៅនិងសកម្មភាពបន្ថែមក្នុងសាលាក៏នឹងត្រូវផ្អាកបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ឱកាសនៃការចម្លងវីរុស។ ក្រៅពីនេះ ចំនួនសិស្សរៀនក្នុងថ្នាក់ក៏នឹងត្រូវកាត់បន្ថយផងដែរ ដូចជាពី៣០នាក់ មកនៅត្រឹម១០នាក់ប៉ុណ្ណោះ។
គួរបញ្ជាក់ថា កាលពីម្សិលមិញ ថៃបានរកឃើញករណីជំងឺកូវីដ១៩ថ្មី ១ករណី ពុំមានអ្នកស្លាប់ថ្មីទេ ក្នុងនោះ បច្ចុប្បន្ន ថៃមានសរុប២៩៨៨ករណី ស្លាប់៥៤នាក់ និងជាសះស្បើយ២៧៤៧នាក់ ស្របពេលដែលអ្នកជំងឺ១៨៧នាក់កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ៕ធ.ដ