ករណីកូវីដ១៩៖ វិស័យទេសចរណ៍វៀតណាមផ្តើមងើបឡើងវិញ ក្រោយគ្មានឆ្លងថ្មីជិត២០ថ្ងៃ

វៀតណាម៖ តំបន់ទេសចរល្បីៗជាច្រើនទូទាំងប្រទេសវៀតណាមត្រូវបានមើលឃើញថា មានកំណើនភ្ញៀវទេសចរណ៍ឡើងវិញ ខណៈដែលគោលដៅទេសចរណ៍ក្នុងស្រុកបើកដំណើរការឡើងវិញ ក្រោយពេលផ្អាកជិត២ខែ ដោយសារតែការរាតត្បាតជំងឺកូវីដ១៩ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Vietnamnews ។
នៅពេលដែលការរាតត្បាតក្នុងប្រទេសត្រូវបានគ្រប់គ្រងបាន ដោយគ្មានករណីឆ្លងថ្មី ជិត២០ថ្ងៃ ហើយវិធានការគម្លាតសង្គមត្រូវបានបន្ធូយបន្ថយនោះ ក្រុមគ្រួសារជាច្រើនបានចាប់ផ្តើមដំណើរការកម្សាន្ត បន្ទាប់ពីនៅតែក្នុងផ្ទះរាប់សប្តាហ៍។

យ៉ាងណាក៏ដោយ ប្រជាជនវៀតណាមជាច្រើននៅតែបារម្ភពីជំងឺវីរុសកូវីដ១៩ ដូច្នេះ ការធ្វើដំណើរកម្សាន្តនេះគឺធ្វើឡើងតាមរយៈយានជំនិះឯកជន នៅតំបន់ទេសចរណ៍ក្បែរៗនោះ ជំនួសការធ្វើដំណើរតាមកញ្ចប់ទេសចរណ៍។ ពុំទាន់មានកំណើននៃការកក់តាមអនឡាញ សម្រាប់សណ្ឋាគារនិងសំបុត្រយន្តហោះ នៅឡើយទេ។

លោកស្រី Ha Thi ដែលបាននាំកូននិងក្រុមគ្រួសារមកពីទីក្រុងហាណូយ ទៅលេងកម្សាន្ត នៅតំបន់រមនីយដ្ឋានមួយ មានទីតាំងនៅចម្ងាយប្រមាណ៦០គីឡូម៉ែត្រពីទីក្រុង សម្រាប់ការដើរកម្សាន្តបានរៀបរាប់ថា « ខ្ញុំខ្វល់ខ្វាយពីការរាតត្បាតនៃជំងឺកូវីដ១៩ ព្រោះវាមិនទាន់ចប់នៅឡើយទេ ដូច្នេះខ្ញុំកក់វីឡាឯកជនមួយ ដោយមានអាងហែលទឹក និងប្រើយានជំនិះផ្ទាល់ខ្លួន ហើយយកអាហារនិងភេសជ្ជៈមកពីផ្ទះ» ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner