ក្រុមហ៊ុនឱសថសាស្រ្តពីរចាប់ផ្តើមធ្វើតេស្តសាកល្បងវ៉ាក់សាំងការពារជម្ងឺ COVID-19 ទៅលើមនុស្សនៅសហរដ្ឋអាម៉េរិក
សហរដ្ឋអាម៉េរិក៖ ក្រុមហ៊ុនឱសថសាស្ត្រពីរបានបញ្ជាក់នៅថ្ងៃអង្គារនេះថា វ៉ាក់សាំងសាកល្បងសម្រាប់ការពារជំងឺ COVID-19 កំពុងចែកចាយនៅក្នុងសហរដ្ឋអាមេរិក សម្រាប់ការពិសោធន៍លើមនុស្សជាលើកដំបូង នេះបើតាមគេហទំព័រ Tounesna News នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ ។
ក្រុមហ៊ុនផលិតឱសថ Pfizer របស់សហរដ្ឋអាម៉េរិក និងក្រុមហ៊ុន BioNTech SE របស់អាល្លឺម៉ង់ បានលើកឡើងថា ប្រសិនបើការពិសោធន៍នេះបង្ហាញថា វ៉ាក់សាំងនេះ មានសុវត្ថិភាព និងប្រសិទ្ធភាព ដូច្នេះវ៉ាក់សាំងខាងលើ អាចនឹងត្រូវចែកចាញទ្រង់ទ្រាយធំនៅក្នុងសហរដ្ឋអាម៉េរិកនៅត្រឹមចុងឆ្នាំ២០២០នេះ ។
បើតាមក្រុមហ៊ុនឱសថសាស្ត្រទាំងពីរខាងលើ វ៉ាក់សាំងនេះបានប្រើបច្ចេកវិទ្យា mRNA ដែលអាចអនុញ្ញាតឲ្យគេផលិតវាបានលឿនខ្លាំងជាងកិច្ចប្រឹងប្រែងជាទម្លាប់កន្លងមក ដែលចំណាយពេលរាប់ឆ្នាំនៅក្នុងការផលិតវ៉ាក់សាំងមួយ ។ វ៉ាក់សាំងនេះដែរ អាចនឹងស្ថិតក្នុងចំណោមវ៉ាក់សាំងដំបូងៗ ដែលត្រូវបានអនុញ្ញាតឲ្យប្រើនៅក្នុងសហរដ្ឋអាមេរិកសម្រាប់ការពារមេរោគ COVID-19 ៕ធ.ដ