លោក ប្រាយុទ្ធ ចាន់អូចា និយាយថា ផលប៉ះពាល់សេដ្ឋកិច្ចដោយសារតែមេរោគ COVID-19 អាចនឹងមានរយៈពេល០៩ខែទៀត
ថៃ៖ នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃអង្គារ៍នេះ បានគូសបញ្ជាក់ថា ប្រទេសរបស់លោកទំនងជានឹងឃើញផលប៉ះពាល់សេដ្ឋកិច្ច ដែលបង្កឡើងដោយសារតែមេរោគ COVID-19 រយៈពេល០៩ខែទៀត នេះបើតាមសារព័ត៌មានបាងកកប៉ុស្តិ៍ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ ។
ការកត់សម្គាល់បែបនេះរបស់លោក ប្រាយុទ្ធ ធ្វើឡើង ស្របពេលដែលមានការ បង្អាក់ ដោយសារតែវិបត្តិជំងឺរាតត្បាតនេះនៅលើពិភពលោក ប៉ះពាល់ដល់វិស័យទេសចរណ៍ និងសកម្មភាពសេដ្ឋកិច្ចនៅក្នុងប្រទេសថៃ ។ លោក ប្រាយុទ្ធ បន្ថែមថា លោកប្រហែលជាស្នើឲ្យពលរដ្ឋអ្នកមានបន្ថែមទៀត ឲ្យជួយសហការនៅក្នុងការដោះស្រាយបញ្ហាធ្លាក់ចុះនៃសេដ្ឋកិច្ចនេះ ដូចដែលលោកបានស្នើរួចមកហើយ ដល់អ្នកមានជាងគេ២០រូបរបស់ប្រទេសថៃ ឲ្យជួយសហការកាលពីខែមុន ។
សូមបញ្ជាក់ថា សេដ្ឋកិច្ចរបស់ថៃ ដែលជាប្រទេសមានទំហំសេដ្ឋកិច្ចធំជាងគេទីពីរនៅតំបន់អាស៊ីអាគ្នេយ៍ អាចនឹងខាតបង់ថវិកាជាង១.៣លានលានបាត ឬស្មើនឹងប្រហែល៤០ពាន់លានដុល្លារ និង អាចធ្វើឲ្យបាត់បង់ការងារចំនួនរហូតដល់ ១០លាន ដោយសារតែវិបត្តិជំងឺ COVID-19 នេះបើតាមការប៉ាន់ប្រមាណរបស់ក្រុមពាណិជ្ជកម្មនានា ៕ធ.ដ