សម្តេច​តេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជានឹង​បើកយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសដាក់ចេញផែនការចាក់វ៉ាក់សាំងកូវីដ១៩ ឱ្យបានប្រមាណ ១លានដូសក្នុងរយៈពេលមួយខែ។ ផែនការពន្លឿនការចាក់វ៉ាក់សាំងកូវីដ១៩ ត្រូវបានសម្តេចតេជោ ហ៊ុន សែន បញ្ជាក់តាមសារសំឡេងមួយនៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ។

សម្តេចតេជោ បានបញ្ជាក់ដូច្នេះ «យើងត្រូវខិតខំចាក់ក្នុងកម្រិត១លាននាក់ក្នុងមួយខែ។ ប្រសិនបើវ៉ាក់សាំងមកច្រើនជាងនេះ យើងអាចចាក់លើសពីនេះ»

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីរការរៀបចំ ដើម្បីពន្លឿនការចាក់វ៉ាក់សាំងនេះផងដែរ។ ដើម្បីពន្លឿនការចាក់វ៉ាក់សាំងកូវីដ១៩ សម្តេចនឹងបញ្ជូនក្រុមគ្រូពេទ្យពីថ្នាក់ជាតិ ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តជាច្រើនក្រុមផង ចុះជួយអន្តរាគមន៍ និងជួយការចាក់នៅតាមបណ្តាខេត្ត។

សម្តេចតេជោ ក៏បានណែនាំឱ្យខេត្តនីមួយៗរកគ្រូពេទ្យដែលមិនជាប់ភារកិច្ចរឿងព្យាបាលជំងឺទូទៅ ក៏ដូចជាគ្រូពេទ្យស្ម័គ្រចិត្តនៅតាមពេទ្យឯកជននានា មកហ្វឹកហាត់ ដើម្បីជួយការងារចាក់វ៉ាក់សាំងនេះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់អភិបាលខេត្តទាំងអស់ ឱ្យរ៉ាប់រងការស្នាក់នៅរបស់គ្រូពេទ្យ ដោយស្វែងរកកិច្ចសហការជាមួយម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ជាដើម។ ដោយឡែកគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង ទទួលបន្ទុកចំណាយលើការធ្វើដំណើរ និងហូបចុក។

សូមបញ្ជាក់ការប្រកាសដាក់ចេញផែនការពន្លឿនការចាក់វ៉ាក់សាំងកូវីដ១៩នេះ បានធ្វើឡើងក្រោយពេលកម្ពុជា ទិញបានវ៉ាក់សាំងកូវីដ១៩ ស៊ីណូវ៉ាក់ ១.៥លានដូស ដែលដឹកនាំមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា កន្លងទៅនេះ។ នៅថ្ងៃទី៣១ ខែមីនា កម្ពុជា នឹងទទួលវ៉ាក់សាំងស៊ីណូហ្វាម ៧០ម៉ឺនដូសបន្ថែមទៀត ដែលជាជំនួយរបស់រដ្ឋាភិបាលចិន៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner