គ្រោះធម្មជាតិខ្យល់កន្ត្រាក់ បានបង្ករបួសដល់ស្ត្រីអាយុ៥៣ឆ្នាំម្នាក់ នៅបន្ទាយមានជ័យ (Video Inside)
គ្រោះធម្មជាតិខ្យល់កន្ត្រាក់ បានធ្វើឲ្យស្ត្រីម្នាក់រងរបួសធ្ងន់ក្នុងហេតុការណ៍ខ្យល់កួចកន្ត្រាក់បានបង្កការខូច ខាតទាំងស្រុងនូវផ្ទះមួយខ្នងនៅក្នុងខេត្តបន្ទាយមានជ័យ។ ក្រសួងធនធានទឹកនិងឧតុនិយម បានព្យាករណ៍ដាស់តឿនការប្រុងប្រយ័ត្នដល់ប្រជាពលរដ្ឋជុំវិញបាតុភូតខ្យល់កន្ត្រាក់ដែលនឹងកើតមានតាមកន្លែងខ្លះក្នុង សប្តាហ៍មកដល់នេះ។
គ្រោះធម្មជាតិខ្យល់កន្រ្តាក់បង្កឲ្យមនុស្សរងរបួសនោះ បានកើតឡើងកាលពីវេលា ម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ នៅភូមិទួលប្រាសាទ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមាន ជ័យ។ របាយការណ៍របស់ អធិការនគរបាលស្រុកម៉ាឡៃ លោកវរសេនីយ៍ឯក បេន សំអាត បានអោយដឹងថា ផ្ទះមួយខ្នងធ្វើអំពីឈើប្រក់ស័ង្កសី ត្រូវបានខ្យល់កូចបោកបក់ដួលរលំខូចខ្ទេចខ្ទីនិងស្ត្រីអាយុ៥៣ឆ្នាំនៅក្នុងផ្ទះ បានរងរបួសធ្ងន់ និងកំពុងទទួលការជួយសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ។