ក្រសួងយុត្តិធម៌ បើកកិច្ចប្រជុំពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស

ដោយ៖ម៉ាដេប៉ូ
រាជធានីភ្នំពេញ៖ក្រសួងយុត្តិធម៌និងភាគីពាក់ព័ន្ធបានបើកកិច្ចប្រជុំរួមគ្នាមួយដើម្បីវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ១៤ ១៥ និង១៦ ខែមេសា ឆ្នាំ២០២១ខាងមុខ ។
កិច្ចប្រជុំនេះដែរបានធ្វើឡើងតាមប្រព័ន្ធអេឡិចត្រូនិច តាមរយៈកម្មវិធី zoom ។

ក្នុងកិច្ចប្រជុំដែលបានរៀបចំឡើងកាលពីរសៀលថ្ងៃទី៣១ខែមីនាឆ្នាំ២០២១ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បានឱ្យដឹងថា ព្រះរាជក្រឹត្យការលើកលែងទោស និងបន្ធូរបន្ថយទោស គឺជាឧបករណ៍គតិយុត្តដ៏សំខាន់មួយ សម្រាប់ជួយជំរុញឱ្យទណ្ឌិតគ្រប់ៗរូប រក្សារបៀបរៀបរយ សណ្តាប់ធ្នាប់ មានសីលធម៌រស់នៅល្អ និងចេះកែប្រែខ្លួនឲ្យក្លាយជាមនុស្សល្អ ដើម្បីឆាប់ទទួលបានការអនុគ្រោះទោស។

ក្រសួងយុត្តិធម៌បានឱ្យដឹងតាមទំព័រហ្វេសប៊ុករបស់ខ្លួនថាក្នុង អង្គប្រជុំបានពិនិត្យ ពិភាក្សា និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស យ៉ាងផុលផុស និងទទួលបានការឯកភាព លើបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ខាងមុខនេះផងដែរ ។

ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់តាមប្រព័ន្ធអេឡិកត្រូនិកកន្លងមកថាក្នុងកិច្ចប្រជុំនេះធ្វើឡើងតាមសំណើសុំពីគណៈកម្មការរាជធានីខេត្តចំនួន២៣(ពន្ធនាគាររាជធានី-ខេត្តចំនួន ២៣) និងគណៈកម្មការក្រសួងមហាផ្ទៃ(មណ្ឌលអប់រំកែប្រែទាំង ៤) សរុបទណ្ឌិតមានចំនួន ៥៤២នាក់ (ស្រី ៦៨ នាក់) ក្នុងនោះមាន៖ស្នើសុំលើកលែងទោសចំនួន ៧០ នាក់ (ស្រី ០៩នាក់)។ស្នើសុំបន្ធូរបន្ថយទោសចំនួន ៤៧២ នាក់ (ស្រី ៥៩ នាក់) ។

សូមរំលឹកថាកាលពីពេលកន្លងមកព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យកំណត់ពិធីបុណ្យសំខាន់ៗមួយចំនួនសម្រាប់ការបន្ធូរបន្ថយនិងលើកលែងទោសដល់ទណ្ឌិតនៅកម្ពុជា ដើម្បីធ្វើសមាហរណកម្មទណ្ឌិតទាំងនោះឱ្យបានទៅរស់នៅក្នុងសង្គមវិញឬក្នុងគោលបំណងមនុស្សធម៌។

គួរបញ្ជាក់ថាព្រះរាជក្រឹត្យ ស្ដីពីការបន្ធូរបន្ថយទោសនិងលើកលែងទោសដល់ទណ្ឌិតនៅក្នុងប្រទេសកម្ពុជាចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ របស់ព្រះករុណា ដែលឡាយព្រហស្តលេខាដោយព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ឱ្យដឹងថា ពិធីបុណ្យដែលអាចស្នើសុំការបន្ធូរបន្ថយទោសនិងការលើកលែងទោសនោះ ត្រូវកំណត់៥ដងក្នុងមួយឆ្នាំ រួមមាន ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ពិធីបុណ្យចូលឆ្នាំខ្មែរ បុណ្យវិសាខបូជា បុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក។ ក្រៅពីនេះព្រះរាជក្រឹត្យក៏បានកំណត់ដែរថា ការបន្ធូរបន្ថយទោស និង លើកលែងទោសនេះ ក៏អាចធ្វើបានដែរក្នុងពិធីបុណ្យឬព្រឹត្តិការណ៍ធំៗរបស់ជាតិ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner