រាជរដ្ឋាភិបាលបានផ្តល់នូវឥណទានកម្ចីតាមរយៈ ធនាគារអភិវឌ្ឍន៍ជនបទកសិកម្ម ជូនដល់កសិករ និងសិប្បករ ជាទុនក្នុងការពង្រីកនូវផលិតកម្មមុខរបររបស់ខ្លួន ដើម្បីកាត់បន្ថយពីការនាំចូលផលិតផល មកពីបណ្តាប្រទេសជិតខាង

អត្ថបទដោយ៖
Kien Sereyvuth

រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់នូវឥណទានកម្ចីជាទឹកប្រាក់ប្រមាណ៥០លានដុល្លារ ដើម្បីជាទុនក្នុងការពង្រីកនូវផលរបររបស់កសិករ និងសិប្បករនៅទូទាំងប្រទេស តាមរយៈ នៃ ធនាគារអភិវឌ្ឍន៍ជនបទកសិកម្ម ក្នុងកម្រិត នូវ អត្រាការប្រាក់ទាបបំផុត។ហើយវិស័យជាអាទិភាពចំនួន៤ដែលកសិករ និងសិប្បករ នៅទូទាំងប្រទេសនឹងទទួលបានពីឥណទានកម្ចី ដែលអាចផ្តល់ជូនរហូតដល់២០ ទៅ ៣០ ម៉ឺនដុល្លារអាមេរិក ក្នុងនោះរួមមាន៖ ១-សម្រាប់ការចិញ្ចឹមសត្វមាន់ ទា គោ ជ្រូក។ ២- ការធ្វើវារីវប្បកម្ម ( ការចិញ្ចឹមត្រី បង្កង…) ។ ៣- ការដាំដុះបន្លែបង្ការ ឈើហូបផ្លែ (ពិសេសគឺផ្តោតលើបន្លែសរីរាង្គដែលគ្មានគីមី ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ។ ៤-និង ផ្តល់ជូនដល់ សហគ្រាសធុនតូច និងមធ្យម(ដោយសំដៅទៅលើការកែច្នៃនូវផលិតផលកសិកម្ម ដូចជា៖ សម្ងួតចេក ម្នាស់ ស្វាយ ធ្វើទឹកផ្លែឈើ ផលិតទឹកត្រី និងទឹកស៊ីអ៊ីវ ជាដើម ។ល។ដែលជាផ្នែកមួយ ក្នុងការកាត់បន្ថយពីលំហូរនាំចូលផលិតផលពីប្រទេសជិតខាង។

នេះគឺជាការថ្លែងបញ្ជាក់ពីឯកឧត្តម កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទកសិកម្ម ក្នុងឱកាសធ្វើបទបង្ហាញផ្សព្វផ្សាយអំពីលទ្ធភាពផ្តល់ឥណទានជូនដល់កសិករ និងសិប្បករ ក្នុងខេត្តបាត់ដំបង កាលពីពេលថ្មីៗកន្លងទៅនេះ។ និងវត្តមាន ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត និងជាតំណាង ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ព្រមទាំងថ្នាក់ដឹកនាំតាមបណ្តាមន្ទីរវិស័យនិងជំនាញពាក់ព័ន្ធមួយចំនួន។ ជាពិសេសបងប្អូន ដែលមកពីបណ្តាក្រុមហ៊ុន តំណាងក្រុមហ៊ុន ពីសហគ្រាសខ្នាតតូច-មធ្យម ជាអាជីវករ ពាណិជ្ជករ និងបងប្អូនប្រជាកសិករដែលមកពីបណ្តាក្រុង-ស្រុកក្នុងខេត្តជាច្រើននាក់។

ឯកឧត្តម អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទកសិកម្ម បានបន្ថែមទៀតថាអ្វីដែលជាបទបង្ហាញខាងដលមនេះ គឺជាគោលបំណងប្រាថ្នារបស់រាជរដ្ឋាភិបាល ដែលចង់ជម្រុញនិងលើកទឹកដល់បងប្អូនកសិករនិងសិប្បករទាំងអស់ ពិសេសបងប្អូននៅក្នុងខេត្តបាត់ដំបង សូមឲ្យយកចិត្តទុកដាក់ក្នុងការចូលរួមពិចារណាពីលទ្ធភាពក្នុងការប្រកបផលរបររបស់ខ្លួន និងប្រសិនបើមានគោលបំណងចង់ពង្រីកនូវផលិតភាព ផលិតកម្មរបស់ខ្លួននោះសូមទំនាក់ទំនងជាមួយក្រុមការងាររបស់ខ្លួន ដែលមានទីតាំង និងការិយាល័យប្រចាំការរបស់ខ្លួននៅក្នុងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបាត់ដំបង និងដើម្បីដាក់ពាក្យស្នើសុំកម្ចីឥណទាន ដូចបញ្ជាក់ខាងលើដែលផ្តល់ដោយរាជរដ្ឋាភិបាលក្នុងកម្រិតអត្រាការប្រាក់កម្រិតទាបបំផុត ដែលនេះ គឺជាការជួយផ្តល់ជូនដល់បងប្អូនកសិករនិងសិប្បករ ដែលជាម្ចាស់សហគ្រាសខ្នាតតូចនិងមធ្យម ដើម្បីមានលទ្ធភាពវិនិយោគទៅលើគ្រឿងចក្រ ក្នុងការជម្រុញនូវផលិតភាព ផលិតកម្ម អាជីវកម្មខ្លួន ដើម្បីធ្វើការផលិតសម្រាប់បម្រើដល់ទីផ្សារក្នុងស្រុក និងទប់ស្កាត់នូវការនាំចូលផលិតផល ពីប្រទេសជិតខាង។

ថ្លែងក្នុងឱកាសផ្សព្វផ្សាយនិងធ្វើបទបង្ហាញអំពីលទ្ធភាពផ្តល់ឥណទានកម្ចី ជូនដល់កសិករ និងសិប្បករ នៅក្នុងខេត្តបាត់ដំបង ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង បានលើកឡើងដោយគូសបញ្ជាក់ថា៖ នេះជាឱកាសដែលបងប្អូនប្រជាកសិករនិងសិប្បករក្នុងខេត្ត អាចនឹងធ្វើការពិចារណា ដើម្បីស្តារផលិតភាពអាជីវកម្ម សិប្បកម្ម និងផលរបររបស់ខ្លួនបាន ក្នុងការដាក់ពាក្យស្នើសុំខ្ចីទុនឥណទានកម្ចីពីរាជរដ្ឋាភិបាល តាមរយៈធនាគារអភិវឌ្ឍន៍ជនបទកសិកម្ម ដែលនៅទីនេះ បងប្អូនអាចមានលទ្ធភាពក្នុងការខ្ចីនិងការផ្តល់ទុនកម្ចីរហូតដល់ទៅ២០ទៅ៣០ម៉ឺនដុល្លារ ក្នុងការយកមកពង្រីកអាជីវកម្ម សិប្បកម្មរបស់ខ្លួនបាន។

ឯកឧត្តមអភិបាលរង ខេត្តបាត់ដំបង  សឿម ប៊ុនរិទ្ធិ បានថ្លែងសង្កត់ធ្ងន់ទៀតថា៖តាមរយៈ កម្ចីឥណទាននេះ គឺបងប្អូនទទួលបានអត្ថប្រយោជន៍
ការប្រាក់ក្នុងកម្រិតទាបបំផុត ដែលនេះគឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាយើង ដើម្បីផ្តល់ឱកាសនិងជួយជម្រុញឲ្យបងប្អូន មានលទ្ធភាពក្នុងការប្រកបមុខរបរ ពង្រីកការធ្វើអាជីវកម្ម និងសិប្បកម្មរបស់ខ្លួនដើម្បីឲ្យឆ្លើយតបទៅនឹងទុនកម្ចីក្នុងការពង្រីកផលិតភាពផលិតកម្មរបស់ខ្លួន៕( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner