គម្រោងចំនួន៣ របស់ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) បានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យជលផលនៅកម្ពុជា

អត្ថបទដោយ៖
ជា សេឌី

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបលោកស្រី Ophelie Bourhis នាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ប្រចាំកម្ពុជា ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួង ឯកឧត្តមរដ្ឋមន្ត្រីតាមរយ:លោកស្រី បានថ្លែងអំណរ គុណជូនចំពោះរដ្ឋាភិបាល និងប្រជាជនបារាំង តាមរយ:ទីភ្នាក់ងារ AFD ដែលបានបន្តជួយអភិវឌ្ឍន៍កម្ពុជាឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ ក្នុងនោះមានវិស័យកសិកម្មផងដែរ។ ជាក់ស្តែងក្នុងរយៈបីឆ្នាំចុងក្រោយនេះ AFD បាននិងកំពុងចូលរួមផ្តល់សហហិរញ្ញប្បទានជាមួយដៃគូអភិវឌ្ឍន៍ដ៏ទៃទៀត ក្នុងគម្រោងចំនួន៥ ដែលមានទឹក​ប្រាក់សរុបចំនួន ១៤១,៥ លានអ៊ឺរ៉ូ  ។ ក្នុងចំណោមគម្រោងទាំងប្រាំ មានគម្រោងចំនួន៣ ដែលក្រសួងបាននិងកំពុងអនុវត្តគឺ៖ទី១-ការចម្រុញកំណើនវិស័យកសិកម្មនៅកម្ពុជាដោយចិរភាព(CaPFish Aquacul​ture) ២៥ លានអឺរ៉ូ ចូលរួមផ្តល់សហហិរញ្ញប្បទានជាមួយសហភាពអ៊ឺរ៉ុប ដោយផ្តោតទៅលើការធ្វើឲ្យប្រសើរឡើងវិស័យវារីវប្បកម្ម ប្រកបដោយនិរន្តភាព ធន់នឹងការប្រែប្រួលអាកាសធាតុ, ទី២- គម្រោងថ្នាក់តំបន់ស្តីពីការអភិវឌ្ឍកសិ-ទេសចរណ៍ និងប្រព័ន្ធសុវត្ថិភាពចំណីអាហារ ដែលមានទឹកប្រាក់សរុបចំនួន ១១,៥ លានអ៊ឺរ៉ុ នីងគម្រោង , ទី៣ គឺគម្រោង “ខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្ម និងការលើកកម្ពស់សុវត្ថិភាពកសិផល ដែល​​បានធ្វើសហការហិរញ្ញប្បទានជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងតម្លៃទឹកប្រាក់ ២៥លានអឺរ៉ូ  ។

 ឯកឧត្តម វេង សាខុន បានវាយតម្លៃខ្ពស់លើលទ្ធផលនៃការអនុវត្តគម្រោងទាំង៣ ព្រោះវាបាននិងកំពុងចូល រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យជលផលចំទិសដៅ សមស្របតាមសភាពការណ៍ មានប្រសិទ្ធភាព និងទទួលបានប្រសិទ្ធផលខ្ពស់ស្របតាមផែនការយុទ្ធសាស្រ្តដែលបានគ្រោង ទុកគឺការអភិវឌ្ឍ    វិស័យជលផលប្រកបដោយចីរភាព និរន្តរភាព បរិយាប័ន្ន និងការប្រែប្រួលអាកាសធាតុ។ ដោយឡែក មានគម្រោងពីរទៀត កំពុងធ្វើការវាយតម្លៃដើម្បីផ្តល់ហិរញ្ញប្បទាននៅក្នុងឆ្នាំ២០២១នេះ ដែលទីមួយ គឺគម្រោងកម្មវិធីស្តីពី “ការអភិវឌ្ឍន៍បច្ចេកវិទ្យាកសិកម្មដោយពឹងលើទឹកភ្លៀង រួមមានកៅស៊ូ ដំណាំចំណីសត្វ និងបន្លែ”  ដែលភាគី AFD និងចូលរួមផ្តល់ហិរញ្ញប្បទានចំនួន៥០លានអ៊ឺរ៉ូ  និងគម្រោងកម្មវិធីទីពីរ ដែលមានឈ្មោះថា “ការគ្រប់គ្រងជលផលនៅតំបន់ឆ្នេ និងសមុទ្រ ប្រកបដោយនិរន្តភាព” ដែលត្រូវចូលរួមសហហិរញ្ញប្បទានជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ចំនួន៣០លានអ៊ឺរ៉ូ ។ ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តមរដ្ឋមន្ត្រីបានគាំទ្រ និងជំរុញឲ្យ AFD ធ្វើការអនុម័តឲ្យបានឆាប់ដែលអាចធ្វើទៅបានដើម្បីអនុវត្តឲ្យស្របតាមស្ថានភាពបច្ចុប្បន្ននៃផលិត​កម្មសត្វ និងបន្លែកំពុងតែចូលរួមយ៉ាងសកម្មក្នុងការជួយទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ ឱកាសការងារ និងសន្តិសុខស្បៀង។

ក្នុងនាមទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ លោកស្រីបានថ្លែងអំណរគុណ ចំពោះកិច្ចសហការរបស់ក្រសួងនាពេលកន្លងមកធ្វើឲ្យការអនុវត្តគម្រោងដំណើរការទៅដោយរលូន។ លោកស្រីបានរាយការណ៍ជូនជ្រាបដោយ សង្ខេបអំពីលទ្ធផលបឋមនៃការ អនុវត្តគម្រោងទាំងពីរខាងលើថា៖ គម្រោងបាននិងកំពុងដំណើរការទៅដោយរលូន និងទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។ ដោយឡែកគម្រោងពីរទៀត មួយគ្រោងនឹងអនុវត្តក្នុងឆ្នាំនេះ និងមួយទៀតកំពុងពិនិត្យ និងវាយតម្លៃ ហើយអាចធ្វើការអនុម័តក្នុងឆ្នាំ២០២១ នេះដែរ លោកស្រីសង្ឃឹម និងជឿជាក់ថា គម្រោងនឹងចូលរួមចំណែងធ្វើឲ្យខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្មមានលក្ខណល្អប្រសើរ រួមទាំងងផលិតកម្មសត្វ និងបន្លែផងដែរ ដែលនឹងចូលរួមលើកកម្ពស់តម្លៃ បន្ថែម ទីផ្សារ និងការប្រកួតប្រជែងទាំងបរិមាណ គុណភាព និងសុវត្ថិភាពតាមរយ:ការអនុវត្តបច្ចេកវិទ្យាកសិកម្មទំនើប សមស្រប ធន់នឹងការប្រែប្រួលអាកាសធាតុ បរិយាប័ន្ន និងនវានុវត្តន៍។

ភាគីទាំងពីរបានប្តាជ្ញារួមគ្នាថា ទោះបីយើងកំពុងប្រឈមនូវវិបត្តិជំងឺឆ្លងកូវីដ១៩ យ៉ាងណា ក៏ដោយ ក៏ការអនុវត្តគម្រោងនៅតែបន្ត មិនតែប៉ុណ្ណោះគួរតែជំរុញ និងលើកកម្ពស់ការទទួល ខុសត្រូវ និងអនុត្តឲ្យកាន់តែសកម្ម ទូលំទូលាយ និងប្រសិទ្ធភាពថែមទៀតផង ប្រយោជន៍ដើម្បីប្រជាជន និងសេដ្ឋកិច្ច ដោយគួរសិក្សារកយុទ្ធសាស្រ្ត ឬកម្មវត្ថុណាថ្មីៗឲ្យស្របតាមតម្រូវការដាក់ ស្តែងរបស់អ្នកទទួលផល ជាពិសេសប្រជាកសិករ ធ្វើយ៉ាងណាឲ្យកសិផលរបស់ពួកគាត់មាន គុណភាព សុវត្ថិភាព និងមានទីផ្សារ៕ជា សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner