ទឹកនៅក្នុងប្រាសាទស្រះស្រង់អាចនឹងរីងស្ងួតនៅរដូវប្រាំងឆ្នាំនេះ

អត្ថបទដោយ៖
ធី ដា

សៀមរាប៖ ប្រាសាទស្រះស្រង់”ជារមណីយដ្ឋានទេសចរណ៍បែបវប្បធម៌ប្រវត្តិសាស្រ្ត ដែលមានទីទីតាំងស្ថិតនៅក្នុងបរិវេណឧទ្យានអង្គរ នៃខេត្តសៀមរាប។ នៅទីនេះមានសក្តានុពលទេសចរណ៍សំខាន់ៗដូចជាប្រវត្តិនៃការសាងសង់ ទីតាំង និងរចនាបទ និងមានភ្ញៀវទេសចរអាចមកលំហែកម្យាន្ត មើលប្រាសាទ ចម្លាក់ក្បូក្បាច់ ព្រៃព្រឹក្សានិងប្រវត្តិសាស្រ្ត ប៉ុន្ដែសម្រាប់រដូវប្រាំងឆ្នាំនេះទឹកនៅក្នុងស្រះស្រង់នោះអាចរីងស្ងួត ដោយសារខ្វះទឹកបញ្ចូល ព្រោះអាជញាធរជាតិអប្សរាជួសជុលប្រាសាទកណ្ដាលស្រះស្រង់នោះឡើងវិញ។

អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល មានប្រសាសន៍នៅថ្ងៃទី០៧ខែមេសាឆ្នាំ២០២១នេះថា អ្នកជំនាញលើការគ្រប់គ្រងទឹកបានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាមិនបានបង្ហូរទឹកចូលបន្ថែមក្នុងស្រះស្រង់ទេ ខណៈដែលក្រុមអ្នកជួសជុលប្រាសាទ ប្រញាប់រួសរាន់ក្នុងការបង្ហើយការងារជួសជុលប្រាសាទស្រះស្រង់ឲ្យទាន់ពេលវេលា។ ស្ថានភាពបច្ចុប្បន្ននេះ កម្រិតបរិមាណទឹកក្នុងស្រះស្រង់ ស្ថិតក្នុងកម្រិតទាបបំផុត កន្លែងខ្លះនៅក្នុងស្រះរីងស្ងួត ហើយកំដៅថ្ងៃនឹងបន្តហួតទឹកដែលនៅសេសសល់បន្ដិចបន្តួចនេះ យ៉ាងឆាប់រហ័យបំផុត បើគិតតាមរយៈអាកាសធាតុសព្វថ្ងៃ។

លោក បន្ដថា នាចុងរដូវប្រាំងមុខនេះ ស្រះស្រង់អាចនឹងរីងស្ងួត ព្រោះកន្លងមកនេះពុំមានការបញ្ចូលទឹក ក្នុងស្រះស្រង់ដោយមូលហេតុទុកលទ្ធភាពគ្រប់គ្រាន់ឲ្យអ្នកជំនាញធ្វើការជួសជុល និងលើកតម្លៃឡើងវិញនៅប្រាសាទកណ្ដាលស្រះស្រង់។ គេធ្លាប់ឃើញតែភាពស្រស់ស្អាតនៃស្រះស្រង់ ដោយសារមានទឹកគ្រប់រដូវកាល រហូតទាក់ទាញភ្ញៀវទេសចរចូលទស្សនាជាហូរហែមិនដែលដាច់។ ក៏ប៉ុន្តែ កាលពីរដូវប្រាំងឆ្នាំ២០១៥កន្លងទៅនេះ ស្រះស្រង់បានជួបប្រទះនូវបញ្ហារីងស្ងួតស្ទើរទាំងស្រុងម្ដងមកហើយ ។

ស្រះស្រង់មានទីតាំងស្ថិតនៅទល់មុខខាងកើតប្រាសាទបន្ទាយក្តី ខាងត្បូងឆៀងខាងលិចនៃបារាយណ៍ខាងកើត មានបណ្តោយ៧៨០ម និងទទឹង៣៨០ម ត្រូវបានដូនតាខ្មែរជីកឡើងនៅចុងសតវត្សទី១២ និងដើមសតវត្សទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។ ស្រះនេះមានរានហាលដ៏ស្រស់ស្អាត សាងសង់ឡើងអំពីថ្មភក់ និងថ្មបាយក្រៀម ដោយមានរាងកាកបាទ មានបង្កាន់ដៃនាគ និងមានតោឈរយាមផ្លូវផងដែរ។ ស្រះនេះសាងសង់ ដោយមានទឹកជាប់ជានិច្ច និងមានទេសភាពស្រស់បំព្រងព័ទ្ធជុំវិញ តែមិនមានប្រព័ន្ធបង្ហូរទឹកចូលនោះទេ។ ស្រះនេះពឹងទៅលើទឹកភ្លៀង និងទឹកក្រោមដី ដែលជ្រាបចូលពីបារាយណ៍ខាងកើត។

បើតាមអ្នកបុរាណវិទ្យាខ្លះយល់ថា ស្រះនេះជីកឡើងមិនមែនមាននាទីស្រោចស្រពកសិកម្ម ឬជាទីសក្ការៈដូចជាកសិណអង្គរ ឬបារាយណ៍ជាដើមនោះទេគឺកសាងឡើងសម្រាប់ការកម្សាន្តរបស់ព្រះមហាក្សត្រនាសម័យបុរាណ និងមានកូនប្រាសាទមួយនៅចំកណ្តាល ជាទីដែលព្រះអង្គទ្រង់យាងតាមទូកទៅស្តាប់តន្ត្រីផ្សេងៗ។ បច្ចុប្បន្ន គេអាចមើលឃើញកូនប្រាសាទនេះ នៅរដូវប្រាំងពេលដែលមានទឹករាក់ និងអាចរីងស្ងួតបែកដីក្រហែង៕ ដោយ ស៊ាន សុផាត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner