ប្រមុខរាជរដ្ឋាភិបាល ជម្រុញបន្ថែមទៀត ចំពោះមន្ត្រីរាជការ ដើម្បីការចាក់វ៉ាក់សាំង (Video Inside)

ប្រមុខរាជរដ្ឋាភិបាលបានអំពាវនាវមន្ត្រីរាជការទាំងអស់ត្រូវប្រញាប់ចាក់វ៉ាក់សាំងបង្កាកូវីដ១៩ ជាមួយនឹងការ ព្រមានថា មន្ត្រីរាជការណាដែលមិនចាក់វ៉ាក់សាំងបង្កាជម្ងឺកូវីដ១៩នោះទេ នឹងមិនត្រូវបានអនុញ្ញាតឲ្យចូលក្នុង កន្លែងធ្វើការឡើយ។ ប្រសាសន៍របស់សម្តេចតេជោហ៊ុនសែននាល្ងាចថ្ងៃទី៦មេសា បានធ្វើឡើងក្នុងស្ថានការណ៍ ដែលការឆ្លងវីរុសកូវីដ១៩ចូលក្នុងសហគមន៍កំពុងតែមានលក្ខណៈធ្ងន់ធ្ងរជាពិសេសក្នុងរាជធានីភ្នំពេញដែលជា បេះដូងនៃការដឹកនាំក្បាលម៉ាស៊ីនរបស់រាជរដ្ឋាភិបាលកម្ពុជា។

កម្ពុជាបានទទួលវ៉ាក់សាំងបីប្រភេទស៊ីណូហ្វាម, ស៊ីណូវ៉ាក់និង AstraZeneca សារុប៣លាន១២ម៉ឺន៤ពាន់ដូស ។ កម្ពុជាបានចាប់ផ្តើមចាក់វ៉ាក់សាំង ថ្ងៃទី១០កុម្ភៈឆ្នាំ ២០២១ទៅលើកងកម្លាំងប្រដាប់អាវុធ, មន្ត្រីរាជការ, អ្នកសារ ព័ត៌មាន និងពលរដ្ឋដែលប្រឈមនឹងហានិភ័យឆ្លងកូវីដ១៩ជាពិសេសក្នុងរាជធានីនិងខេត្តមួយចំនួនដែលប្រ ឈមនឹងការឆ្លងរាតត្បាត។ សម្តេចនាយករដ្ឋមន្ត្រី ជាមួយនឹងប្រសាសន៍បង្ហាញនូវកាតព្វកិច្ចចាក់វ៉ាក់សាំង បាន ដាក់បញ្ជាឪ្យថ្នាក់ដឹកនាំក្រសួងនិងអង្គភាពនិងស្ថាប័នទាំងឡាយរបស់រាជរដ្ឋាភិបាលត្រូវពិនិត្យមើលបុគ្គលិកណាដែលបានចាក់និងមិនទាន់បានចាក់។

យោងតាមក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី ៦មេសា ការចាក់វ៉ាក់សាំងក្នុងដូសលើកទីមួយជូនដល់ ប្រជាពល រដ្ឋស៊ីវិល បានចំនួន៥១ម៉ឺន២ពាន់៣៣៤នាក់ និងការចាក់ដូសលើកទី២លើពលរដ្ឋស៊ីវិល មានចំនួន១៤ម៉ឺន១ ពាន់៣៧៦នាក់។ ពីខាងក្រសួងការពារជាតិនោះ វិញ ចំនួនអ្នកបានចាក់ដូសទីមួយបានកើនដល់១៨ម៉ឺន ២៣៥ នាក់ និងអ្នកបានចាក់ដូសលើកទី២ចំនួន ១១ម៉ឺន១ពាន់៧៧០នាក់។ បើគិតសារុបអ្នកទទួលការចាក់ដូសលើកទី១នៅទូទាំងប្រទេសគិតត្រឹមថ្ងៃទី៦មេសា ទាំងស៊ីវិលនិងយោធាមាន ចំនួន៦៩ម៉ឺន២ពាន់៥៦៩នាក់។ ចំណែកការចាក់ដូសលើកទី២ទាំងស៊ីវិលនិងយោធាមាន សារុប២៥ម៉ឺន៣ពាន់ ១៤៦នាក់។

https://www.youtube.com/watch?v=S-otLKQiPy4
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner