អ្នកប្រដាល់ តាញ់ មករា បញ្ជាក់ថា បើចង់បានតម្លៃខ្លួនខ្ពស់ គឺខិតខំប្រឹងប្រែងហ្វឹកហាត់អោយខ្លាំង

កីឡាករគុនខ្មែរ របស់សមាគន៍កីឡាប្រដាល់ក្រសួងការពារជាតិ តាញ់ មករា បានបញ្ជាក់ថា បើចង់បានតម្លៃខ្លួនខ្ពស់ ត្រូវប្តេជ្ញាចិត្តខិតខំប្រឹងប្រែងហ្វឹកហាត់ខ្លាំង ។ ការអះអាងបែបនេះ ក្រោយអ្នកប្រដាល់មានដើមកំណើតពីខេត្តកមពង់ឆ្នាំង អភិវឌ្ឍសមត្ថភាពខ្លាំងគួរកត់សម្គាល់ បន្ទាប់ពីឈ្នះជើងឯក និងជើងឯករង នៃការប្រកួតប្រដាល់នៅបណ្តាស្ថានីយ៍ទូរទស្សន៍ក្នុងស្រុក អំឡុងឆ្នាំ២០១៨មក ។
ប្រាប់អ្នកព័ត៌មានទូរទស្សន៍អប្សរា នាកន្លែងហ្វឹកហាត់ កាលពីពេលថ្មីៗនេះ អ្នកលេងគុនខ្មែររូបនេះ បានរៀបរាប់ថា ការប្រឹងប្រែងពង្រឹងសមត្ថភាពនាពេលកន្លងមកបានធ្វើអោយតាមបណ្តាទូរទស្សន៍នានា ចាប់អារម្មណ៍នឹងហៅទៅប្រកួត ប៉ុន្តែ មករា ទទួលតែ២ប្រកួត ប៉ុណ្ណោះ១ខែ ។ អ្នកលេងគុនខ្មែរចិត្តធ្ងន់រូបនេះ អះអាងថា តម្លៃខ្លួនរបស់គេបច្ចុប្បន្ននេះ ប្រហែលជា៣៥០ដុល្លា ក្នុង១ប្រកួតមិនទាន់គ្រប់គ្រាន់សម្រាប់ជីវភាពប្រចាំនោះឡើយ ប៉ុន្តែអាចចាត់ទុកថាថ្លៃសម្រាប់ទីផ្សារប្រដាល់នាពេលបច្ចុប្បន្ន ។


តាញ់ មករា លើកឡើងថា ដើម្បីទទួលបានតម្លៃខ្លួនខ្ពស់ ទីផ្សារប្រកួតច្រើន ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់ និងតស៊ូព្យាយាម អំណត់អត់ធន់ ទើបធ្វើអោយល្បីឈ្មោះ ដូចអ្នកប្រដាល់រៀមច្បង ឡៅ ចន្រ្ទា ដែលជានិម្មិតរូបក្នុងចិត្ត ។ អ្នកលេងគុនខ្មែរមកពីខេត្តកំពង់ឆ្នាំង ដាក់គោលដៅខិតខំប្រឹងប្រែងហ្វឹកហាត់ រយៈពេល២ឆ្នាំទៀត ដើម្បីក្លាយជាអ្នកប្រដាល់ល្បីល្បាញជួរមុខនៅកម្ពុជា ឈានទៅប្រកួតលើឆាកអន្តរជាតិ ។
សូមបញ្ជាក់ថា កីឡាករ តាញ់ មករា ជាអ្នកប្រដាល់លិចធ្លោមួយរូប នៅសមាគន៍កីឡាប្រដាល់ក្រសួងការពារជាតិ លើប្រភេទទម្ងន់៦០គីឡូក្រាម ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner