លោកជំទាវ ឱ វណ្ណឌីន ៖ ពាក្យដែលចាំបាច់ត្រូវបង្កេីតឡេីងនៅពេលនេះ គឺ ” ចូលឆ្នាំនៅផ្ទះ ” “New Year at Home”

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ កាលពីយប់រំលងអាធ្រាតឈានចូលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធាន គ.វ.ក-១៩ បានលើកឡើងថា ពាក្យចាំបាច់ត្រូវបង្កេីតឡេីងនៅពេលនេះ គឺ ” ចូលឆ្នាំនៅផ្ទះ ” ជាភាសាអង់គ្លេស គឺ ” New Year at Home” ។

លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ដូច្នេះថា ខ្ញុំសម្រាន្តមិនលក់ ព្រោះនៅតែមិនអស់ចិត្ត ចោទសួររិះគិតថា ហេតុអ្វីបានជាបុគ្គលខ្លះ គាត់មិនអនុវត្តន៍បាននូវវិធានការការពារ ដែលអាចកាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ-១៩បាន?

លោកជំទាវ បន្តថា បេីខ្ញុំអាចអនុវត្តន៍ជំនួសពួកគាត់បាន ខ្ញុំប្រាកដជាធ្វេីជូនពួកគាត់ តែបេីខ្ញុំធ្វេី គឺការពារបានតែរូបខ្ញុំ និងការពារមិនចម្លងជំងឺសាហាវនេះ ទៅក្រុមគ្រួសារខ្ញុំតែប៉ុណ្ណោះ។ ចុះបេីយេីងសុខចិត្តលំបាកក្នុងរយ:ពេលខ្លី នាំគ្នាអនុវត្តន៍វិធានការការពារទាំងអស់គ្នា យេីងនឹងចៀសផុតនូវការលំបាកក្នុងរយ:ពេលវែង។

លោកជំទាវ បានរៀបរាប់ទៀតថា អ្នកឆ្លងកូវីឌ-១៩ រកឃេីញកេីនឡេីងច្រេីន បង្កេីតនូវការព្រួយបារម្ភ ដល់ផលប៉ះពាល់សុខភាពសាធារណ: ក្នុងរយ:ពេលយូរ ដែលយេីងកំពុងប្រឈមទៅនឹងហានិភ័យខ្ពស់ណាស់សម្រាប់ឈានចូលដល់ការរាតត្បាតទ្រង់ទ្រាយធំ នៅក្នុងសហគមន៍ និងផលរំខានដល់កំណេីនសេដ្ឋកិច្ចគ្រួសារ និងសង្គម ។

ដូច្នេះ លោកជំទាវ ឱ វណ្ណឌីន សូមបង្កេីតពាក្យថា៖ “ចូលឆ្នាំនៅផ្ទះ ” ឫ ” New Year at Home” ជាមួយនិងការអនុវត្តវិធានការ ៖ ៣ការពារ , ៣កុំ និងចាក់វ៉ាក់សាំងកូវីដ-១៩ ដែលអាចឱ្យបុគ្គល វ៉ៃបកបានទៅនឹងការវាយលុកធ្ងន់ធ្ងរលេីសរីរាង្គកាយរបស់ខ្លួន ចៀសផុតនូវការចម្លង ជំងឺកូវីដ-១៩ និងឆាប់បានវិលត្រឡប់ទៅរកការរស់នៅធម្មតាតាមបែបគន្លងថ្មីវិញបាន និងឆាប់បានធ្វេីឱ្យមានការងេីបឡេីងវិញនូវសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមជាតិយេីងផងដែរ។

ជាមួយគ្នានេះ លោកជំទាវ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានជូនពរឆ្នាំថ្មីដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នូវពាក្យថា “ចូលឆ្នាំនៅផ្ទះ” មិនប៉ះកូវីដ-១៩ សុខភាពមាំមួន មានសុខសិរី ជ័យមង្គលក្នុងក្រុមគ្រួសាររៀងៗខ្លួន។ រីករាយឆ្នាំថ្មី ! សួស្តីឆ្នាំថ្មី ! ជាឆ្នាំប្រយុទ្ធនឹងជំងឺកូវីដ-១៩ ឱ្យឈ្នះទាំងអស់គ្នា ៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner