ថ្នាក់ដឹកនាំសហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្ត បានពិភាក្សាលើផែនការធំៗចំនួន៣ ត្រៀមចូលរួមប្រកួតលើឆាកអន្តរជាតិ

ឯកឧត្តម អ៊ុក សិទ្ធិជាតិ ប្រធានសហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្ត បានបើកកិច្ចពិភាក្សាតាមអនឡាញ ក្នុងក្របខ័ណ្ឌសមាជិកប្រតិបត្តិរបស់ខ្លួន ដោយផ្តោតសំខាន់លើគោលដៅចំនួន៣ធំៗសម្រាប់ការហ្វឹកហាត់ និងត្រៀមចូលរួមប្រកួតលើឆាកអន្តរជាតិ ក្នុងឆ្នាំ២០២១នេះ ។


ឯកឧត្តមប្រធាន លើកឡើងថា កិច្ចពិភាក្សានេះផ្តោតការយកចិត្តទុកដាក់លើចំណុចទី១ គឺការបញ្ជូនកីឡាករ និងគ្រូបង្វឹកជម្រើសជាតិអត្តពលកម្មចេញទៅហ្វឹកហាត់នៅប្រទេសជប៉ុន តាមការឯកភាពគ្នាពីមុនមក ។ ទី២ ពាក់ព័ន្ធនឹងការចូលរួមប្រកួតកីឡាអូឡាំពិកហ្គេម នៅទីក្រុងតូក្យូ ប្រទេសជប៉ុន អំឡូងខែកក្កដា ឆ្នាំ២០២១ និងទី៣ ពាក់ព័ន្ធនឹងការប្រមូលផ្តុំ ត្រៀមលក្ខណៈចូលរួមប្រកួតប្រជែង ក្នុងស៊ីហ្គេម ចុងឆ្នាំ២០២១ នៅប្រទេសវៀតណាម ។

ក្រោយបញ្ចប់កិច្ចប្រជុំ លោក ហ៊ុន បុរី អគ្គលេខាធិការ សហព័ន្ធ បានអោយដឹងថា ក្រុមជម្រើសជាតិអត្តពលកម្ម ក្រោមការឧបត្ថម្ភគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា មានចំនួនសរុប២៧នាក់ ក្នុងនោះមានកីឡាការិនី ៦នាក់ គ្រូបង្វឹក៩នាក់ ដែលត្រៀមចេញទៅហ្វឹកហាត់នៅជប៉ុនខ្លះ និងហ្វឹកហាត់ នៅប្រទេសចិន នាដើមខែសីហា ឆ្នាំ២០២១ សរុបមានចំនួន១៥នាក់ ។ លោកអគ្គលេខាធិការ បញ្ជាក់ថា ​ក្នុងកិច្ចប្រជុំ​សមាជិក​ប្រតិបត្តិ​សហ បានសម្រេច​ចិត្ត​ជ្រើស​រើស ​ ​លោក ពុធ បូ​រាត្រី ជាគ្រូ​បង្វឹក និង​កីឡាករ ប៉ែន សុ​គង់​ ឲ្យ​ចូលរួមការប្រកួត​កីឡា​អូឡាំពិក​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ​។

សូមបញ្ជាក់ថា ​ព្រឹត្តិការណ៍កីឡា​អូឡាំពិក ឆ្នាំ២០២០ ដែលប្រព្រឹត្តទៅនៅទីក្រុង តូក្យូ ប្រទេសជប៉ុន នឹង​ធ្វើពិធីបើក​ជា​ផ្លូវការ​នា​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២១​ ខាងមុខ​ ក្នុងនោះសហព័ន្ធ បានបញ្ជូនកីឡាករ ប៉ែន សុ​គង់ ប្រកួត​លើ​វិញ្ញាសា​រត់ ​១០០​ម៉ែត្រ ដោយសារ​ការ​ប្រកួត​កីឡា​អូឡាំពិក​ឲ្យ​ប្រ​កួត​តែមួយ​វិញ្ញាសា​ប៉ុណ្ណោះ ​​ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner