មេដឹកនាំពិភពលោក រួមមានអាមេរិក អាល្លឺម៉ង់ និងបារាំងសម្តែងការសោកស្តាយបំផុត ចំពោះការសោយទិវង្គតរបស់ព្រះអង្គម្ចាស់ហ្វីលីពក្នុងព្រះជន្ម៩៩ព្រះវស្សា

បរទេស៖ មេដឹកនាំពិភពលោកជាច្រើនរូប ក្នុងនោះរួមមានប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ប្រធានាធិបតីបារាំងលោក អែមម៉ានុយអែល ម៉ាក្រុង និង អធិ ការបតីអាល្លឺម៉ង់លោកស្រី អាន់ជែឡា មឺហ្គែល ព្រមទាំងនាយករដ្ឋមន្រ្តីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី ផងនោះ បានសម្តែងការសោកស្តាយបំផុត បន្ទាប់ពីបានទទួលដំណឹងថា ព្រះអង្គម្ចាស់ ហ្វីលីព (Philip) ដែលត្រូវជាព្រះស្វាមីនៃម្ចាស់ក្សត្រី អេលីហ្សាប៊ែតទី២ បានសោយទិវង្គត ក្នុងជន្មាយុ៩៩ព្រះវស្សា ។

យោងតាមសេចក្តីថ្លែងការណ៍ពីព្រះរាជវាំងបាកឃីងហាំ (Buckingham) បានបញ្ជាក់ថា ព្រះអង្គម្ចាស់បានសោយទិវង្គតប្រកបដោយសន្តិភាពនៅឯវិមាន Windsor Castle ។ ព្រះរាជវង្សានុវង្សសូមចូលរួមជាមួយប្រជាជននៅជុំវិញពិភពលោក ក្នុងការកាន់ទុក្ខចំពោះការបាត់បង់ព្រះអង្គម្ចាស់ ។ ព្រះអង្គម្ចាស់ហ្វីលីពបានរៀបអភិសេកជាមួយម្ចាស់ក្សត្រី អេលីហ្សាប៊ែតទី២ក្នុងឆ្នាំ១៩៤៧ ពោលគឺ៥ឆ្នាំមុនពេលដែលទ្រង់បានក្លាយជាព្រះមហាក្សត្រីយានី និងជារាជវង្សានុវង្សដែលបានគ្រងរាជ្យយូរជាងគេបំផុតក្នុងប្រវត្តិសាស្ត្រអង់គ្លេស ។ ទ្រង់បានចំណាយពេល៤សប្តាហ៍នៅក្នុងមន្ទីរពេទ្យនៅដើមឆ្នាំនេះ ដើម្បីទទួលការព្យាបាលជំងឺឆ្លង និងទទួលការវះកាត់បេះដូង ប៉ុន្តែទ្រង់បានយាងត្រលប់ទៅព្រះរាជដំណាក់ Windsor Castle វិញនៅដើមខែមីនាកន្លងទៅ ។

ការបង្ហាញព្រះកាយជាសាធារណៈចុងក្រោយរបស់ព្រះអង្គម្ចាស់ បានកើតឡើងកាលពីខែកក្កដាកន្លងទៅ នៅក្នុងពិធីយោធាមួយនៅឯវិមាន Windsor Castle ដែលជាវិមានរាជវាំងនៅភាគខាងលិច នៃទីក្រុងឡុងដ៍ ជាកន្លែងដែលព្រះអង្គ និងព្រះមហាក្សត្រិយ៍បានគង់ ក្នុងកំឡុងពេលប្រទេសស្ថិតក្នុងវិធានការបិទខ្ទប់ប្រទេស ។ ព្រះអង្គម្ចាស់បានប្រសូតនៅលើកោះកូហ្វូ នៃប្រទេសក្រិកនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ១៩២១ ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner