អភិបាលខេត្តបាត់ដំបង បានដឹកនាំប្រតិភូខេត្តចុះពិនិត្យមើលការចាក់វ៉ាក់សាំងជូនដល់មន្ត្រីរាជការសាធារណៈ និងក្រុមគ្រួសារអតីតយុទ្ធជននៅតាមបណ្តាមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិ និងនៅតាមមណ្ឌលសុខភាពតាមបណ្តាស្រុកជាប់ព្រំដែនថៃ

អត្ថបទដោយ៖
Kien Sereyvuth

     នៅមុនពេលមួយថ្ងៃ នៃ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ដែលនិងត្រូវចូលមកដល់នៅវេលាម៉ោង០៤ ទៀបភ្លឺ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១។ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង  ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចុះត្រួតពិនិត្យមើលពីការផ្តល់ និង ការចាក់វ៉ាក់សាំង ជូនដល់មន្ត្រីរាជការសាធារណៈ និវត្តន៍ជនស៊ីវិល និងក្រុមគ្រួសារអតីតយុទ្ធជននៅតាមបណ្តាស្រុកមួយចំនួន ដូចជា៖មន្ទីរពេទ្យបង្អែកស្រុកថ្មគោល, មន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិ ស្រុកបវេល, មន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិស្រុកសំពៅលូន និងមណ្ឌលសុខភាព ត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង និងបានពាំនាំនូវអំណោយជាភេសជ្ជៈ និង ទឹកសុទ្ធមួយចំនួន ជូនដល់ក្រុមគ្រូពេទ្យដែលកំពុងបំពេញភារកិច្ចយ៉ាងមមាញឹកក្នុងការផ្តល់និងចាក់វ៉ាក់សាំង Sinovac. ដែលប្រមុខរាជរដ្ឋាភិបាលបានផ្តល់តាមរយៈក្រសួងសុខាភិបាល មករដ្ឋបាលខេត្តបាត់ដំបង និងគណៈកម្មការចំពោះកិច្ចរបស់ខេត្ត ដើម្បីធ្វើការចាក់ជូនមន្ត្រីរាជការស៊ីវិលសាធារណៈនិងក្រុមគ្រួសារអតីយុទ្ធជន នៅតាមគោលដៅកំណត់ទូទាំងខេត្ត។

      ការចុះពិនិត្យនិងសាកសួរសុខទុក្ខដល់ក្រុមគ្រូពេទ្យ និងបងប្អូនដែលជាក្រុមគ្រួសារ អតីតយុទ្ធជន និងនិវត្តន៍ជនដែលត្រូវមកទទួលនូវការចាក់វ៉ាក់សាំង។ ក្នុងនោះក៏មានវត្តមានពីឯកឧត្តមជាអភិបាលរងខេត្ត ស្នងការនគរបាលខេត្ត ប្រធានអនុប្រធានមន្ទីរ និងអង្គភាពជំនាញ មួយចំនួនចូលរួម និងអមដំណើរផងដែរ។

      យោងតាមរបាយការណ៍ នៃ រដ្ឋបាលខេត្តបាត់ដំបង គិតត្រឹមថ្ងៃទី១៤ខែមេសាឆ្នាំ២០២១ បានបង្ហាញឲ្យដឹងថា៖ លើការងារក្នុងការផ្តល់និងពីការចាក់វ៉ាក់សាំង ការពារនូវជំងឺឆ្លងកូវីដ-19 ដែលរដ្ឋបាលខេត្តបាត់ដំបង បានទទួលពីរាជរដ្ឋាភិបាល និងតាមរយៈក្រសួងសុខាភិបាលកន្លងមក ដោយគិតត្រឹមការចាប់ផ្តើមចាក់វ៉ាក់សាំង ជាលើកដំបូង ក្នុងខេត្តបាត៎ដំបង ក្នុងនោះការចាក់វ៉ាក់សាំង ជូនដល់មន្ត្រីរាជការស៊ីវិលសាធារណៈសំខាន់ៗ នូវវ៉ាក់សាំង(Sinopharm)ការពារជំងឺឆ្លងកូវីដ19 សរុប៦.២៨៩នាក់។និងការចាក់វ៉ាក់សាំង ជាលើកទី២ សរុប ៦.៤៣១នាក់។ដោយឡែក ការចាក់វ៉ាក់សាំង (Sinovac)ការពារជំងឺឆ្លងកូវីដ-19 សរុបចំនួន២៣.២៧៨ នាក់។ និងចាក់ជូន ដល់ក្រុមគ្រួសារអតីតយុទ្ធជន មានចំនួនសរុប៥.៩៨០នាក់។

       គួរបញ្ជាក់ឲ្យដឹងផងដែរថា៖ គិតត្រឹមថ្ងៃទី១៥ខែមេសាឆ្នាំ២០២១នេះ ចំនួនពលករដែលត្រូវបានបញ្ចប់ពីការធ្វើចត្តាឡីស័កមានចំនួនសរុប១១៦នាក់។ បច្ចុប្បន្នពលករនៅសល់និងកំពុងតែបន្តធ្វើចត្តាឡីស័កនៅតាមមណ្ឌលនានា មានចំនួនសរុប១.២៣១នាក់។ ក្នុងនោះករណីវិជ្ជាមាន ១ករណី គឺ៖ជា (ពលករដែលវិលត្រឡប់មកពីប្រទេសថៃ) និងកំពុងតែសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង ៕ ( អត្ថបទ – រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner