ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ៥ម៉ឺនដុល្លារ ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសទិវា ៨ ឧសភា ឆ្នាំ២០២១

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជសារលិខិត និងព្រះរាជទ្រព្យចំនួន ៥០.០០០ដុល្លារ (ប្រាំម៉ឺនដុល្លារអាមេរិក) ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១។

ព្រះរាជសារលិខិត និងព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមខាងលើនេះ ត្រូវបាន ឯកឧត្តម គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង យកមកប្រគល់ជូនកាកបាទក្រហមកម្ពុជា ដែលតំណាងដោយ លោកជំទាវ កិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាថ្ងៃពុធ ទី ២១ ខែមេសា ឆ្នាំ២០២១នេះ។

បន្ទាប់ពីបានទទួលព្រះរាជសារលិខិត និងព្រះរាជទ្រព្យរួចមក សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទូលថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលមានខ្លឹមសារថា ៖ «ខ្ញុំម្ចាស់ ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រមទាំងមន្ត្រី បុគ្គលិកទាំងអស់ នៃកាកបាទក្រហមកម្ពុជា មានសេចក្តីរីករាយឥតឧបមា ដោយបានទទួលព្រះរាជទ្រព្យ ចំនួន 50,000USD (ហាសិបពាន់ដុល្លារសហរដ្ឋអាមេរិក) អំពី ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជាព្រះរាជូបត្ថម្ភដ៏ថ្លៃថ្លា ក្នុងឱកាសខួបទី១៥៨ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ តាមរយៈសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង។

ខ្ញុំម្ចាស់ ព្រមទាំងសហការីទាំងអស់នៃកាកបាទក្រហមកម្ពុជា សូមព្រះបរមរាជានុញ្ញាតសម្ដែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គតែងតែសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជាពិសេសថ្មីៗនេះ ព្រះអង្គសព្វព្រះរាជហឫទ័យបានប្រោសព្រះរាជទានព្រះរាជទ្រព្យដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ចូលរួមសកម្មភាពទប់ស្កាត់ជំងឺកូវីដ-១៩ ( Covid-19 ) និងសម្រាប់ទ្រទ្រង់ដល់ដំណើរការមន្ទីរពេទ្យ “ហ្លួងម៉ែ” ផងដែរ។

ខ្ញុំម្ចាស់ និងសហការី នឹងប្រើប្រាស់ព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ក្នុងសកម្មភាពមនុស្សធម៌ សម្រាប់ជាប្រយោជន៍ដល់ប្រជារាស្ត្រកម្ពុជាក្រីក្រ ទទួលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។»

ខាងក្រោមជាខ្លឹមសារទាំងស្រុង នៃព្រះរាជសារលិខិតរបស់ ព្រះករុណា ព្រះមហាក្សត្រ ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសារលិខិតថ្លែងអំណរព្រះរាជគុណរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទូលថ្វាយ ព្រះករុណា ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ៖

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner