គ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅតែដំណើរការជាធម្មតា ទោះជានៅតំបន់បិទខ្ទប់ក៏ដោយ

អត្ថបទដោយ៖
Kien Sereyvuth

យោងតាមសេចក្ដីជូនដំណឹងរបស់ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និង សមាគមធនាគារនៅកម្ពុជា នាថ្ងៃទី២៣មេសាឆ្នាំ២០២១ បានជូនដំណឹងថា គ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ រួមទាំង ភ្នាក់ងារ (agents) និងសេវាធនាគារហិរញ្ញវត្ថុផ្សេងទៀតរួមមាន ម៉ាស៊ីនដកនិងដាក់ប្រាក់ស្វ័យប្រវត្តិ នៅដំណើរការជាធម្មតាក្នុងប្រទេសកម្ពុជា។ សមាគមបានបន្តថា ដោយឡែក ដោយមានការអនុញ្ញាត ក្រោមការណែនាំពីគណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ (គ.ប.ខ) នៅតំបន់បិទខ្ទប់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល និងផ្នែកខ្លះនៃខេត្តព្រះសីហនុ ការិយាល័យសាខារបស់ គឹ្រះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ និងភ្នាក់ងារធនាគារមួយចំនួន នៅដំណើរការបើកបម្រើសេវា ហិរញ្ញវត្ថុជូនសាធារណជន និងអតិថិជនជាប្រក្រតី។ សមាគមទាំងពីរក៏បានជម្រាបជូនសាធារណជនផងដែរថា អតិថិជន អាចដកនិងដាក់សាច់ប្រាក់ពីគណនីរបស់ខ្លួនតាមរយៈម៉ាស៊ីនដកនិងដាក់ប្រាក់ស្វ័យប្រវត្តិ (ATMs) ឬភ្នាក់ងារ ដែលមាននៅគ្រប់ខេត្តក្រុងនៃប្រទេសកម្ពុជា។ ជាមួយគ្នានោះ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ បានលើកទឹកចិត្ត ផងដែរដល់អតិថិជន និងសាធារណជន ធ្វើការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីចៀសផុតពីការកាន់ក្រដាស់ប្រាក់ដោយផ្ទាល់ ដែលអាចបង្កឲ្យមានហានិភ័យតាមក្រដាសប្រាក់ ដែលមិនបានសម្លាប់មេរោគ។ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល អាជ្ញាធរនៃគណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ (គ.ប.ខ) ធនាគារជាតិនៃកម្ពុជា អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានសម្របសម្រួលក្នុងការធ្វើដំណើរទៅបំពេញភារកិច្ចការងាររបស់បុគ្គលិកធនាគារ និងហិរញ្ញវត្ថុ ដើម្បីឲ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ នៅបន្តបម្រើសេវាហិរញ្ញវត្ថុដ៏ចាំបាច់ ជូនអតិថិជន និងសាធារណៈជន ដែលកំពុងចូលរួមប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩ ជាពិសេសនៅក្នុងតំបន់បិទខ្ទប់នៃភូមិសាស្រ្ត រាជធានីភ្នំពេញ ក្រុងតាខ្មៅនៃខេត្តកណ្តាល និងផ្នែកខ្លះក្នុងក្រុងព្រះសីហនុនៃខេត្តព្រះសីហនុ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner